ក្រុងឡុដ៍៖ លោក Greg Clarke បានសម្រេចលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្វើការអធិប្បាយដ៏ចម្រូងចម្រាសជាបន្តបន្ទាប់ទៅកាន់សមាជិកសភា រហូតដល់បង្កឱ្យមានការខឹងសម្បា។
លោក Clarke ត្រូវបានឱ្យធ្វើការសុំទោសភ្លាមៗ ក្រោយពីគាត់បានប្រើពាក្យ «coloured footballers» «អ្នកបាល់ទាត់លាបពណ៌» ពេលនិយាយយោងដល់កីឡាករស្បែកខ្មៅ ខណៈគាត់ធ្វើការអធិប្បាយអំពីបញ្ហាជាច្រើន ក្នុងវិស័យបាល់ទាត់ ប្រាប់គណៈកម្មការរបស់ក្រសួងឌីជីថល វប្បធម៌ ព័ត៌មាន និងកីឡា (DCMS)។
បុរសវ័យ ៦៣ ឆ្នាំ ដែលជាអនុប្រធានរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក៏ទទួលបានការរិះគន់ផងដែរសម្រាប់ការលើកឡើងនូវកង្វះអ្នកបាល់ទាត់អាជីព ក្នុងប្រទេសអង់គ្លេស ដែលមានប្រវត្តិមកពីប្រទេសអាស៊ីខាងត្បូងថា មកពីផលនៃអាជីពខុសគ្នា និងជុំវិញការប្រើពាក្យបែបប្រកាន់ពូជសាសន៍ចំពោះអ្នកបាល់ទាត់នារី និងអ្នកស្រលាញ់ភេទដូចគ្នា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន FA បានឱ្យដឹងថា៖ «យើងអាចធ្វើការអះអាងថា Greg Clarke បានចុះចេញពីតួនាទីជាប្រធានរបស់សមាគមយើងហើយ ហើយយើងសូមអះអាងម្ដងទៀតថា ក្នុងនាមជាស្ថាប័នមួយ យើងប្ដេជ្ញាចិត្តពេញទំហឹងក្នុងការធ្វើគ្រប់យ៉ាងតាមដែលអាច ដើម្បីធ្វើឱ្យបញ្ហាផ្សេងៗប្រសើរឡើង ដោះស្រាយរាល់ការមិនស្មើភាពគ្នា និងកម្ចាត់រាល់ការរើសអើងនៅគ្រប់រូបភាពទាំងអស់ អំឡុងពេលប្រកួត»។
លោក Clarke ដែលទទួលស្គាល់នូវសេចក្ដីថ្លែងការណ៍របស់គាត់ថា មិនអាចទទួលយកបានឡើយ ខណៈ FA ប៉ុនប៉ងក្លាយជាស្ថាប័នដែលមានភាពចម្រុះជាងមុនបន្ថែមទៀត។
លោក Clarke ឱ្យដឹងក្នុងសេចក្ដីប្រកាសថា៖ «ពាក្យពេចន៍ដែលទទួលយកមិនបាន ចំពោះមុខសមាជិកសភា គឺជាការបំផ្លាញដល់ការប្រកួត និងដល់អ្នកទស្សនា អ្នកលេង អ្នកធ្វើអាជ្ញាកណ្ដាល និងអ្នកគ្រប់គ្រង ហើយនេះធ្វើឱ្យការតាំងចិត្តរបស់ខ្ញុំគាំងដំណើរ»។
«ខ្ញុំមានការសោកស្ដាយជាពន់ពេក ដែលខ្ញុំបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍សហគមន៍ ក្នុងវិស័យបាល់ទាត់ ដែលខ្ញុំ និងអ្នកឯទៀត បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឱ្យមានការរួបរួមគ្នាមួយ»។ នេះជាអ្វី ដែលលោក Clarke បានបន្ថែមក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
សមាជិកសភា លោក Julian Knight ដែលធ្វើជាប្រធានគណៈកម្មការ DCMS បានសរសេរតាមបណ្ដាញសង្គម Twitter ថា៖ «វាគឺជា សេរីភាព ដែលលោក Greg Clarke មានសិទ្ធិសុំទោសចំពោះមុខគណៈកម្មការ។ តែវាមិនមែនជាលើកដំបូងនោះទេ ដែល FA បានមកត្អូញត្អែរពីបញ្ហាទាំងនេះ។ វាធ្វើឱ្យយើងមានមន្ទិលចំពោះការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឱ្យមានភាពចម្រុះជាងមុន»។
ជាមួយគ្នានេះ FA អះអាងបន្ថែមថា លោក Peter McCormick នឹងចូលខ្លួនមកធ្វើប្រធានបណ្ដោះអាសន្ន ដោយដំណើរការកំណត់នូវអត្តសញ្ញាណ និងតែងតាំងប្រធានថ្មី នឹងកើតមានក្នុងពេលវេលាសមរម្យ៕ AFP/VN