ក្រុងប៉ារីស៖ ប្រធានសហព័ន្ធកីឡាវាយតេន្នីសរបស់ប្រទេសបារាំង (FFT) បាននិយាយកាលពីថ្ងៃចន្ទថា គាត់ចង់ឃើញវត្តមានអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ French Open តែទទួលស្គាល់ថា មានតែរដ្ឋាភិបាលប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចថា តើទស្សនិកជនអាចចូលរួមការប្រកួតប្រជែង ដែលត្រូវបានរៀបចំឡើងវិញនេះបាន ឬអត់?
ការប្រកួតដណ្ដើមពានរង្វាន់ Grand Slam លើទីលានដីឥដ្ឋមួយនេះ តាមពិត បើគិតតាមកាលបរិច្ឆេទដើម ពេលនេះឈានដល់សប្ដាហ៍ទី២ បាត់ទៅហើយ តែត្រូវបានពន្យារពេល ៤ ខែ ដោយសារការផ្ទុះឡើងវីរុសកូរ៉ូណា។ ដោយឡែកសំបុត្រ ដែលបានលក់សម្រាប់កម្មវិធីប្រកួត ដែលតែងកើតឡើង នៅខែឧសភា-មិថុនា សម្រេចប្រគល់ប្រាក់ឲ្យអ្នកទិញវិញ ទើបនាំឲ្យមានការបារម្ភចំពោះកម្មវិធី ដែលគ្រោងប្រារព្ធនៅថ្ងៃទី ២០ ខែកញ្ញា ថា នឹងត្រូវប្រកួតដោយបិទទ្វារ។
ប្រធាន FFT លោក Bernard Giudicelli ពេលនិយាយវីដេអូខលជាមួយកីឡាករបារាំង Gael Montfils បានថ្លែងថា៖ «ជម្រើសដ៏ប្រសើរ គឺចង់់ឲ្យព្រឹត្តិការណ៍ Roland Garros មានទស្សនិកជនច្រើនតាមដែលអាច។ តែរឿងនោះ វាអាស្រ័យលើលក្ខខណ្ឌសុខភាព។ យើងនឹងអនុវត្តតាមគោលការណ៍ណែនាំ ដែលរដ្ឋាភិបាលដាក់ឲ្យ។ រដ្ឋាភិបាលនឹងសម្រេចថា តើមនុស្សប៉ុន្មាននាក់អាចមានវត្តមាននៅពេលនោះ»។
លោកប្រធានរូបនេះ បានបន្តទៀតថា អ្នករៀបចំ មិនបានកំណត់ថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវតែលេងដោយបិទទ្វារនោះទេ ព្រោះថា Roland Garros ក៏ដូចព្រឹត្តិការណ៍ធំៗផ្សេងទៀតដែរ គឺជាការជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ជាមួយនឹងសាធារណជន។
គិតចាប់តាំងពីខែមីនាមក ដោយសារតែការរាតត្បាតពីជំងឺកូវីដ ១៩ បានធ្វើឲ្យការប្រកួតតេន្នីសអាជីព ត្រូវបានបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយមិនសង្ឃឹមថា នឹងអាចចាប់ផ្ដើមវិញ នៅមុនខែសីហាឡើយក្នុងនោះកម្មវិធីដ៏ធំប្រចាំឆ្នាំមួយ គឺ Wimbledon របស់ចក្រភពអង់គ្លេស បានសម្រេចរំសាយចោលហើយ ខណៈកម្មវិធី US Open របស់សហរដ្ឋអាមេរិក គ្រោងរៀបចំដដែល៕ AFP/VN