ភ្នំពេញ៖ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក ថោង ខុន ​បាន​ចាត់​ទុក​រយៈពេល ​១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ ថា ជា​ឆ្នាំ ដែល​វិស័យ​កីឡា​នៅ​កម្ពុជា មាន​សម្ទុះ​រីក​ចម្រើន​​លឿន ហើយ​លោក​បាន​​កោត​សរសើរ​លោក​ វ៉ាត់​ ចំរើន​ ក្នុង​តំណែង​ជា​អគ្គលេខាធិការ ​និង​ថ្នាក់​ដឹកនាំ​មន្ត្រី​ ព្រម​ទាំង​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​អស់​ ដែល​យក​អស់​នូវ​សមត្ថភាព​ ជំនាញ​ និង​ការ​ទទួល​ខុស​ត្រូវ ​គឺ​​មាន​បេះដូង​រួម​តែ​មួយ​ ដើម្បី​ធ្វើ​ឲ្យ​ចលនា​អូឡាំពិក​​កម្ពុជា ​​មាន​វឌ្ឍនភាព​ល្អ​ ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​នេះ​។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល រំឭក​​ពី​ការ​​​វិវឌ្ឍ​នៃ​សកម្មភាព​កីឡា​របស់ NOCC រយៈពេល ​១០ ​ឆ្នាំ​នេះ លោក ថោង ខុន ក៏​​បាន​ថ្លែង​កោត​សរសើរ​ដល់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ដែល​ជា​ដៃ​គូ​សហការ​មិន​អាច​ខ្វះ​បាន​​។​

លោក​​បាន​ថ្លែង កាល​ពី​ថ្ងៃ​ចន្ទ​​ថា៖ ​«​នេះ​ជា​ការ​ជួប​ជុំ រំ​ឭក​ខួប ​១០ ​ឆ្នាំ បន្ទាប់​ពី​ NOCC ​ធ្វើ​ការ​កែ​ទម្រង់ ​ដោយ​ប្រមូល​យក​អ្នក​​​មាន​សមត្ថភាព​វ័យ​ក្មេង​ ​មាន​ចំណេះ​ដឹង​ខាង​កីឡា​ គ្រូ​ និងអ្នក​កីឡា​ចាស់ៗ ​ឲ្យ​មក​ចូលរួម​ជា​មួយ​ចលនា​អូឡាំពិក​កម្ពុជា​ ពិសេស​យើង​មាន​គោលការណ៍ ​ផ្តល់​ឱកាស​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចូល​រួម​ផង​ដែរ»​។

លោក ​វ៉ាត់​ ចំរើន​ ក្នុង​ឋានៈ​ជា​អគ្គលេខាធិការ​ NOCC ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ទទួល​ស្គាល់​ថា​ ជា​អ្នក​​ជំនាញ​គ្រប់គ្រង​ដឹកនាំ ​​មាន​ទស្សនៈ​ទូលំទូលាយ និង​មាន​​អធ្យាស្រ័យ​ល្អ​នោះ បាន​ថ្លែង​នៅ​យប់​ថ្ងៃ​ចន្ទ​នោះ​ថា​៖ ​«យប់​នេះ​ថ្នាក់​ដឹកនាំ​ NOCC ​មន្ត្រី​គ្រប់​ថ្នាក់ ​និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ បាន​ជួបជុំ​អបអរ​សាទរ ​និង​លើក​សរសើរ​ពី​សមិទ្ធផល​ ដែល​យើង​រួម​គ្នា​សម្រេច​បាន​ក្នុង​រយៈពេល ​១០ ​ឆ្នាំ ​គឺ​យើង​បាន​ដឹង​ទាំង​អស់​គ្នា​រួច​ហើយ​ថា ​មាន​សម្ទុះ​​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ ​និង​ទទួល​បាន​មេដាយ​ជូន​ជាតិ​ជា​បន្ត​បន្តាប់»​។​

លោក​បន្ថែម​ថា​៖ ​«យប់​នេះ​ខ្ញុំ​ចង់​និយាយ​ច្រើន​ ​ព្រោះ​អ្វីៗ​យើង​សុទ្ធ​តែ​បាន​ឃើញ​នូវ​លទ្ធផល​ទាំង​អស់​គ្នា​ហើយ ​គឺ​និយាយ​ឲ្យ​ខ្លី​ កីឡា​គួរ​មើល​ពី​លទ្ធផល​ មិន​គួរ​មើល​ពី​របាយការណ៍​ច្រើន​ពេក​នោះ​ទេ ​ហើយ​អ្វី​ដែល​ចំ​គោលដៅ​ល្អ​ មាន ​៣ ​ចំណុច​ទី​១ ​ជំរុញ ​និង​ទាក់ទង​ការ​ហ្វឹកហាត់​អត្តពលិក​ក្រៅ​ប្រទេស​ ទី​២​ សាមគ្គី​ភាព​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​បាន​ល្អ និង​ទី​៣​ ផ្តល់​ឱកាស​ដល់​អ្នក​ជំនាញ​មាន​សមត្ថភាព ​ដោយ​ចៀស​ឲ្យ​ផុត​ពី​បក្ខ​ពួក ​ដែល​គ្មាន​សមត្ថភាព​»​។​

តាម​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ លោក​ វ៉ាត់​ ចំរើន​ បាន​ជាប់​ឆ្នោត​ជា​សមាជិក​ប្រតិបត្តិ​ និង​ទទួល​បាន​តំណែង​ជា​អគ្គលេខាធិការ ​NOCC កាល​ពី​​ថ្ងៃទី ៩ ខែ ​កញ្ញា​ ឆ្នាំ ​២០០៩​ ហើយ​ជា​សមិទ្ធផល​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​នេះ​ លោក​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា ជា​ច្រើន​​បន្ថែម​លើ​ព្រឹត្តិការណ៍​ ដែល​មាន​ស្រាប់​ ដូច​ជា​ទិវា​​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​អង្គរ Angkor Ultra Trail​​ ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ថ្មើរ​ជើង​ប្រវត្តិសាស្រ្ត ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ និង​បុណ្យ​ទន្លេ ព្រម​ទាំង​បាន​ព្រឹត្តិការណ៍​កីឡា​ និង​ទេសចរណ៍​ជា​ច្រើន​ទៀត។

អ្វី​ដែល​កម្ពុជា​ចំណេញ​ខ្លាំង ​គឺ​លោក ​វ៉ាត់ ​ចំរើន​ បាន​ទំនាក់ទំនង​ជាមួយ​អូឡាំពិក​អន្តរជាតិ ​តាមរយៈ​អង្គការ​សាមគ្គី​​​អន្តរជាតិ​ (OS) ​បង្កើត​គម្រោង​វគ្គ​បណ្តុះបណ្តាល​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ ​ក្នុង ​១ ឆ្នាំ​ៗ ​មាន​ពី ​៤ ​ទៅ ​៦ ​ដង​ផង​ដែរ​។​

លោក​ ​ចំរើន​ បាន​បញ្ជាក់​ថា​៖ ​«​អ្វីៗ​ដែល​បាន​កើត​ឡើង​មក​ទល់​ពេល​នេះ​ គឺ​ខ្ញុំ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ឯកឧត្តម​ ថោង​ ខុន​ និង​រាជរដ្ឋាភិបាល បាន​ផ្តល់​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​នូវ​សមត្ថភាព​ដោយ​លោក​​នៅ​ចង្អុល​បង្ហាញ​ និង​ត្រួត​ពិនិត្យ​ពី​លើ​ខ្ញុំ»​៕​​