ភ្នំពេញ៖ ក្រុមអត្តពលិកប្រដាល់គុនខ្មែរ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំពឹងថា អាចបន្តដណ្តើមបានមេដាយមាស នៅស៊ីហ្គេមនោះ នឹងចាប់ប្រកួតលើប្រភេទកីឡា Muay ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩ នៅប្រទេស ហ្វីលីពីន នារសៀលថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែ ឃីម ឌីម៉ា ដែលមានបញ្ហារបួសជាប់ខ្លួននោះ មិនបានទៅចូលរួមប្រកួតការពារមេដាយមាស ដែលរូបគេដណ្តើមបានកាលស៊ីហ្គេម ឆ្នាំ ២០១៧ នោះទេ។
តាមរយៈការចាប់ឆ្នោតផ្គូរផ្គងទៅតាមប្រភេទទម្ងន់កាលពីថ្ងៃពុធម្សិលមិញ កីឡាករជើងខ្លាំង និងជាម្ចាស់មេដាយសំរឹទ្ធ ឡៅ ចិត្រ្តា និងកីឡាការិនី សំ ថារ័ត្ន នឹងត្រូវធ្វើការប្រកួតមុនគេ គឺនៅរសៀលម៉ោង ២ ថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងនោះ ចិត្ត្រា ត្រូវប៉ះកីឡាករឡាវ Soubinh Banxadeth ហើយ សំ ថារ័ត្ន ត្រូវជួបកីឡាការិនី វៀតណាម Bui Yen Ly ក្នុងទម្ងន់ ៥៤ គីឡូក្រាម។
ការចាប់ឆ្នោតប៉ះកីឡាកររបស់ឡាវ Soubinh Banxadeth សម្រាប់ការប្រកួតស៊ីហ្គេម ក្នុងវគ្គ ៨ នាក់ លើប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាមនេះ វាបានក្លាយជាក្តីសង្ឃឹមមួយផងដែរ ចំពោះ ឡៅ ចិត្ត្រា ក្នុងការដណ្តើមបានជ័យជម្នះ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះ Soubinh Banxadeth ម្នាក់នេះធ្លាប់បានសន្លប់ក្រោមជង្គង់របស់ ចិត្ត្រា ត្រឹមទឹកទី ២ ម្តងហើយ សម្រាប់ការជួបគ្នានៅលើសង្វៀន CNC កន្លងមកនេះ។
ជាមួយគ្នានេះ កីឡាករវ័យក្មេងរបស់កម្ពុជា ហ៊ីម គឹមរៀង ដែលប្រកួតក្នុងទម្ងន់ ៤៨ គីឡូក្រាមនោះ មានមេដាយសំរឹទ្ធ នៅក្នុងដៃ ទាំងមិនទាន់ប្រកួត ខណៈរូបគេចាប់ឆ្នោតបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិនោះ។ យ៉ាងណាក៏ដោយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតនៅរសៀលថ្ងៃសៅរ៍ខាងមុខនេះ គឹមរៀង ត្រូវប្រឈមជាមួយកីឡាករថៃ ដែលចាប់ឆ្នោតបានឡើង ដោយស្វ័យប្រវត្តិដូចគ្នា។
ចំណែកកីឡាករជាម្ចាស់មេដាយសំរឹទ្ធ វ៉ាន់ វឿន ដែលប្រកួតក្នុងទម្ងន់ ៥៤ គីឡូក្រាម និងកីឡាករ តាញ់ មករា ដែលប្រកួត ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមនោះ មិនមានវាសនាបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមិនចាំបាច់ប្រកួតដូច ហ៊ីម គឹមរៀង នោះឡើយ គឺអ្នកទាំង ២ សុទ្ធតែចាប់ឆ្នោតប៉ះគូប្រកួតដែលមានសមត្ថភាពខ្លាំង មិនអាចមើលរំលងបានដូចគ្នា។
តាមរយៈការចាប់ឆ្នោតនោះ តាញ់ មករា ត្រូវជួបកីឡាករឡាវ Kay Ketnouvong ដែលមានភាពជោគជាំខ្លាំងក្នុងការប្រកួតនៅលើសង្វៀនរបស់ថៃ ហើយគេម្នាក់នេះមានក្បាច់ម៉ាត់ និងទាត់ចេញបានល្អ ពិសេសគេមានជំនាញប្រើជង្គង់ដូច តាញ់ មករា ដែរ ហេតុនេះការជួបគ្នារវាងអ្នកទាំង ២ ដែលគ្រោងធ្វើនៅសុក្រស្អែកនេះ អាចនឹងមានភាពតានតឹងខ្លាំង។ ចំណែក វ៉ាន់ វឿន ត្រូវជួបអ្នកប្រដាល់មានភាពរឹងមាំរបស់វៀតណាម Ngueyn Quang Huy ហើយអ្នកទាំង ២ នេះ ត្រូវប្រកួតគ្នានៅរសៀលម៉ោង ២ ថ្ងៃសុក្រសប្តាហ៍នេះដែរ។
គួររំឭកថា សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងស៊ីហ្គេមនៅម៉ាឡេស៊ី កាលពីឆ្នាំ ២០១៧ ក្រុមប្រដាល់គុនខ្មែរដណ្តើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ប៉ុន្តែទាំងអ្នកដណ្តើមបានមេដាយមាស ឃីម ឌីម៉ា និងអ្នកឈ្នះបានមេដាយប្រាក់ ម៉ឺន សុភា សុទ្ធតែមិនបានចូលរួមប្រកួតក្នុងស៊ីហ្គេមលើកនេះ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែផ្តល់ភាពជឿជាក់ខ្លាំង ទៅលើប្រដាល់គុនខ្មែរ ក្នុងការដណ្តើមបានមេដាយមាស ជូនប្រទេសជាតិ។ លោក ហ៊ុន សែន បានថ្លែង នៅពេលលោកបានអនុញ្ញាតឲ្យក្រុមប្រតិភូកីឡាស៊ីហ្គេម ចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ថា៖ «នៅក្នុងចំណោមប្រភេទកីឡា ដែលត្រូវឲ្យទៅចូលរួមប្រកួតស៊ីហ្គេមលើកនេះ ខ្ញុំសង្ឃឹមច្រើនទៅលើពួកវ៉ៃបុក ក្នុងការទៅដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ»៕