ក្រុងម៉ុងតេវីដេអូ: គ្រាប់បាល់របស់កីឡាករ Arthur និង Richarlison នៅវគ្គទី១ បានជួយឱ្យប្រេស៊ីលមានជ័យជម្នះ ២-០ លើក្រុមម្ចាស់ផ្ទះអ៊ុយរ៉ូហ្គាយ ដែលសល់គ្នាតែ ១០នាក់ ដោយសារខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Manchester United ត្រូវបានបណ្ដេញចេញ អំឡុងការប្រកួតវគ្គជម្រុះ World Cup 2022 កាលពីថ្ងៃអង្គារ។
ជោគជ័យក្នុងប្រកួតនៅក្រុងម៉ុងតេវីដេអូនេះ នាំឱ្យក្រុមជើងឯកពានពិភពលោក ៥ ដង ប្រេស៊ីលឈរនៅទី១ ក្នុងតារាងវគ្គជម្រុះសម្រាប់តំបន់អាមេរិកឡាទីន (CONMEBOL) ដោយមាន ១២ ពិន្ទុពេញពីការប្រកួត ៤ ដង ខណៈអ៊ុយរូហ្គាយ ធ្លាក់ទៅលេខ ៥ ជាមួយនឹង ៦ ពិន្ទុ។
ក្រោយពីអាចរកគ្រាប់បាល់ដំបូង នៅក្នុងក្រុមជម្រើសជាតិបាន កីឡាករ Arthur បានសម្ដែងអារម្មណ៍រីករាយ ដោយនិយាយថា៖ «ខ្ញុំគិតថា វាគឺជាគ្រាប់បាល់ដ៏សំខាន់។ សម្រាប់ខ្ញុំ រឿងដែលចាំបាច់ គឺលេងឱ្យល្អ ហើយអាចជួយក្រុមឱ្យឈ្នះបាន។ គ្រាប់បាល់នេះ គឺប្រសើរណាស់ ក្នុងការបញ្ជាក់ឱ្យឃើញពីទម្រង់លេងរបស់ខ្ញុំ និងក្នុងការជួយក្រុមរបស់យើង។ គ្រូបង្វឹក លោក Tite តែងសម្លឹងមើលកីឡាករគ្រប់គ្នាជានិច្ច»។
ជ័យជម្នះនេះ ក៏ជួយរក្សាប្រេស៊ីលឱ្យបន្តភាពខ្លាំងរបស់លើអ៊ុយរូហ្គាយ ដែលអត់ឈ្នះក្រុមគូប្រជែងស្រួចស្រាវរបស់ខ្លួនទាល់តែសោះ ចាប់តាងពីឆ្នាំ ២០០១ មក។
ពាក់ព័ន្ធនឹងការបណ្ដេញកីឡាកររបស់ក្រុមម្ចាស់ផ្ទះ ដែលកើតឡើងនៅមុន ២០ នាទី ចប់ការប្រកួត គឺដំបូងឡើយអាជ្ញាកណ្ដាលសញ្ជាតិស៊ីលី លោក Roberto Tobar បានផ្ដល់កាតលឿងប៉ុណ្ណោះ តែក៏ប្ដូរជាកាតក្រហមវិញ ក្រោយពិនិត្យវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) ដែលបង្ហាញថា Cavani ជាន់កជើងរបស់ Richarlison ពីក្រោយ។
ចំណែកការប្រកួតវគ្គជម្រុះ ក្នុងថ្ងៃជាមួយគ្នានេះ នៅក្រុងលីម៉ាឯណោះវិញ ឃើញថា ក្រុមអាហ្សង់ទីនក៏ដណ្ដើមបាន ៣ ពិន្ទុដែរ ក្រោយឈ្នះក្រុមប៉េរូ នៅក្រៅផ្ទះ ២-០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Nicolas Gonzalez និង Lautaro Martinez។
ជ័យជម្នះ នាំឱ្យក្រុមអាហ្សង់ទីនអត់ស្គាល់បរាជ័យរហូតដល់ ១១ ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lionel Scaloni ហើយក៏មានន័យថា ពួកគេរក្សាចំណាត់ថ្នាក់ទី២ ដដែល ក្នុងតារាងពិន្ទុប្រកួតជម្រុះរបស់តំបន់ CONMEBOL ដែលមានទាំងអស់ ១០ ក្រុម ពោល គឺតាមពីក្រោយក្រុមលេខ ១ ប្រេស៊ីលចំនួន ២ ពិន្ទុ៕ AFP/VN