ភ្នំពេញ: កីឡាប្រដាល់​គុន​ខ្មែរ ដែលជា​ប្រភេទ​កីឡា​ប្រជាប្រិយ​មួយ មាន​ការ​ប្រកួត​ជា​ប្រចាំ​សប្តាហ៍ និង​ពេញ​និយម​នោះ ត្រូវ​បាន​ផលិតកម្ម​ភាព​យន្ត​ក្នុង​ស្រុក​ឈ្មោះ​មិត្ត​ប៉ូលិស​ភាពយន្ត សហការ​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អាមេរិក ដើម្បី​ថត​ជា​ខ្សែ​ភាពយន្ត​មាន​លក្ខណៈ​បែប​កម្សាន្ត និង​បង្ហាញ​ពី​ក្បាច់​គុន​ខ្មែរ។

ដើម្បី​ការផលិត​ភាពយន្ត​នេះ កីឡាករ-កីឡាការិនី គ្រូបង្វឹក​គុន​ខ្មែរ​មួយចំនួន ត្រូវបាន​ជ្រើស​រើស​ឲ្យ​ចូល​សម្តែង​ផ្ទាល់ ដោយ​មិន​តម្រូវ​យក​តួឯក ឬ​តួរង​ពី​អ្នក​ជំនាញ​សិល្បៈ​ភាពយន្ត​ល្បី​ល្បាញ​នោះ​ឡើយ។

លោក​សុង សុភ​ក្តី អ្នកដឹកនាំ​ប្លង់​ថត និង​ជា​អ្នកដឹកនាំ​រឿង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «តាម​ការ​ជជែក​ពិភាក្សា ពី​អ្នក​និពន្ធ​ដឹកនាំ​រឿង​នៃ​ក្រុម​ការងារ​ការ​ផលិត​ភាព​យន្ត​ក្បាច់​គុន​ខ្មែរ ដែល​មាន​ឈ្មោះ​ថា «គុន​ខ្មែរ​ម្ចាស់​ស្រុក» សាច់​រឿង​នេះ សុទ្ធ​មាន​រយៈពេល ២ ម៉ោង​ពេញ ដែល​ចំណាយ​ពេល​ថត​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រហែល ៤ ខែ និង​ចំណាយ​ពេល​សម្រាប់​កាត់​ត​ចំនួន ៣ ខែ​ទៀត»។

លោក​បន្តថា៖ «ការចាប់ផ្តើម​ថត​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ ២០១៨ នេះ ខណៈដែល​ការរៀបចំ​ទីតាំង និង​ការ​ប្រមូល​កីឡាករ-កីឡាការិនី​ប្រយុទ្ធ​ក្នុងការ​សហការ​ជាមួយ​សហព័ន្ធ​គុន​ខ្មែរ នឹង​ចាប់ផ្តើម​បណ្តើរៗ​ពី​ខែ​ក្រោយ​នេះ​ទៅ»។ «នេះ​ជា​ខ្សែ​ភាពយន្ត​ក្នុង​របត់​ថ្មី​មួយ ដែល​មិន​សំដៅ​ស្វែង​រក ទីផ្សារ​ពាណិជ្ជកម្ម ឬ​ចំណេញ​ពី​ការ​លក់​ការ​បញ្ចាំង​នោះ​ទេ ប៉ុន្តែ​ជា​ភាពយន្ត​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​មរតក​ក្បាច់​គុន​ខ្មែរ បង្ហាញ​ពី​ភាព​អស្ចារ្យ​ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន ជា​ព្រលឹង​ជាតិ​ខ្មែរ ដែល​បន្សល់​ទុក​ពី​បុរាណ​កាល»។

លោក​សុង សុភ​ក្តី បាន​បន្ថែមទៀតថា៖ «ចំពោះ​ទីតាំង​ថត​វិញ​គឺ​ប្រើប្រាស់​ស្ទូឌីយោ​តិចតួច និង​ក្លិប​ប្រដាល់​ចម្រុះ​នៅ​ឯ​ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន មាន​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​សៀមរាប តាកែវ បាត់ដំបង កំពង់ធំ កណ្តាល និង​រាជធានី​ភ្នំពេញ ទៅ​តាម​កម្មវិធី​និង​សាច់​រឿង​សម្តែង​តែ​ម្តង»។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ក់ សំអុល ដែលជា​អ្នក​និយម​ក្បាច់គុន និង​មាន​បទពិសោធ​ជា​អ្នក​សិល្បៈ​ក្បាច់​គុន ក៏​ដូចជា​អ្នក​ផ្តើម​គំនិត​ផលិត​ភាពយន្ត​លក្ខណៈ​បែប​ប្រយុទ្ធ​វាយ​តប់​នេះ ថ្លែង​ថា៖ «ការ​ផលិត​ភាពយន្ត​ដែល​មាន​ឈ្មោះ​ថា គុន​ខ្មែរ​ម្ចាស់​ស្រុក​នេះ ជា​ភាពយន្ត​ដែល​ខ្ញុំ​បាន​ចិញ្ចឹម​ចិត្ត​យូរ​ណាស់​មក​ហើយ ក្នុង​គោល​បំណង​ផលិត​ឡើង​តាម​លក្ខណៈ​ខ្មែរ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​សុទ្ធសាធ និង​រឿង​ពិត​នៃ​ការ​ប្រើ​ប្រាស់​វិជ្ជា​គុន​ក្នុង​ផ្លូវ​សុចរិត​យុត្តិធម៌ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត​ក្នុង​សង្គម​នា​សម័យ​បុរាណ​ខ្មែរ ហើយ​សាច់​រឿង​ក៏​បង្ហាញ​ពី​ការ​ប្រកួត​ក្នុង​សម័យ​ថ្មី​ជាមួយ​ប្រភេទ​កីឡា​ប្រយុទ្ធ​ដទៃ​មាន​ហាប់គីដូ តេក្វាន់ដូ ការ៉ាតេដូ និង​ក្បាច់​គុន​ចិន​ជាដើម»។

លោក​បាន​បន្តថា៖ «រឿង​គុន​ខ្មែរ​ម្ចាស់​ស្រុក​នេះ​គ្រោង​នឹង​អញ្ជើញ​គ្រូ​កីឡា និង​កីឡាករ កីឡាការិនី​ឆ្នើមៗ​មួយ​ចំនួន​ក្នុង​ក្នុង​សហព័ន្ធ​គុន​ខ្មែរ​មក​ដើរតួ និង​សម្តែង​ដែល​ខ្ញុំ​នឹង​ពិនិត្យ​ជ្រើស​រើស​មាន​ដូចជា​លោក​អេ ភូថង លោក​ឡុង សាលវ័ន្ត លោក​ជួន សំណាង លោក​គង់ ចាន់ធីណា និង​វ៉ន វីវ៉ា ជាដើម ហើយ​ចំណែក​កីឡាករ​មាន​ឡុង សុភី, រឿង សោភ័ណ្ឌ, ឡៅ ចន្ទ្រា, ឡៅ ចិត្ត្រា, ចាន់ រតនា និង​កូន​អេ ភូថង ទាំង​ប្រុស ទាំង​ស្រី​ផង​ដែរ»។

លោក​ម៉ក់ សំអុល បាន​បន្ថែមថា៖ «ខ្ញុំ​ជា​អ្នកគ្រប់គ្រង​ទូទៅ និង​មាន​លោក​លឹម សុខន ជា​អ្នក​និពន្ធ​ដឹកនាំ​សម្តែង និង​មាន​មិត្តភក្តិ ដែល​និយម​ចូលចិត្ត​ផ្នែក​គុន​និយម​ចូលរួម​សហការ។ ចំណែក​ឯ​ថវិកា​ចំណាយ​ក្នុង​ការ​ផលិត​រឿង​នេះ មាន​ក្នុង​គម្រោង​ក្រោម ១០ ម៉ឺន​ដុល្លារ​អាមេរិក ដែល ៧០ ភាគរយ​បាន​មក​ពី​ការ​គាំទ្រ​ពី​សប្បុរស​ជន​ដែល​និយម​គាំទ្រ​ស្រឡាញ់​វិស័យ​សិល្បៈ និង​កីឡា និង ៣០ ភាគរយ​ទៀត​បាន​មក​ពី​ស្ថាបនិក​ជា​ផលិតករ​មាន លោក​សុង សុភក្តី លោក​លឹម សុខន និង​ខ្ញុំ​ផ្ទាល់»៕