ភ្នំពេញ៖ ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពាន​រង្វាន់ TV5 ​Boxing Knock Out Series ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​របស់​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ បាន​រក​ឃើញ​បេក្ខភាព ដែល​មាន​សមត្ថភាព​ខ្លាំង និង​មធ្យម​ចំនួន ​៦ នាក់ ឈរ​ចាំ​នៅ​វគ្គ​ជម្រុះ​ទី​២ ​ហើយ ក្នុង​នោះ​មាន ធន់ ​អៀនឡៃ​, ស៊ឺន ​ថៃសាន់​,​ រិន ​ដាវីត​, ពេជ្រ​ ប៊ុនសិទ្ធ​, បាង​ កាណុន​ និង ​ឡុង ​ខេត្ត​ ចំណែក​ការ​ប្រកួត​ជម្រុះ​ជុំទី​១ ប្រចាំ​សប្តាហ៍ទី​៧ នា​ល្ងាច​ថ្ងៃ​សៅរ៍ គឺ​បាន​ដាក់​ជើង​ថ្មី​ សាន់ សំអុន និង ផាន ផាន់ណាត់ ​ឱ្យ​ប្រកួត​គ្នា។

វត្តមាន​អ្នក​ប្រដាល់​ជើង​ថ្មី​ សាន់ ​សំអុន​ និង​ ផាន​ ផាន់ណាត់​ នៅ​សប្តាហ៍​នេះ​ ត្រូវ​បាន​គេ​កត់​សម្គាល់​​ឃើញ​ថា​ ​កាន់​តែ​ខ្ចី​វស្សា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​ប្រដាល់ ​៦ ​នាក់​ ដែល​បាន​ឈ្នះ​រួច​ហើយ​ក្នុង​វគ្គ​ជម្រុះ​ទី​១ ​នេះ​ ប៉ុន្តែ​អ្នក​ទាំង ​២ ​សុទ្ធ​តែ​អះអាង​ពី​ទឹក​ចិត្ត​មោះមុត​ក្នុង​ការ​ចូល​ប្រកួត​ប្រជែង ​ដោយ​មិន​ខ្លាច​ញញើត​អ្នក​ប្រដាល់​ជើង​ខ្លាំងៗ​ ដែល​ជា​សិស្ស​ច្បង​ជំនាន់​មុន​ឡើយ​ ពិសេស​ឱកាស​ដែល​កម្មវិធី​ គិត​សំខាន់​តែ​ប្រភេទ​ទម្ងន់​នោះ​ ដោយ​ពួក​គេ​សុទ្ធ​តែ​ចង់​ស្គាល់​រសជាតិ​ប្រជែង​ជាមួយ​ជើង​ចាស់​ ដែល​យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​បទពិសោធ​ល្អ​ដែរ​។

ទោះ​យ៉ាង​ណា ​សាន់ ​សំអុន​ ជា​អ្នក​ប្រដាល់​ មាន​​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ល្អ​ ខណៈ​ដែល​គ្រូ​បង្វឹក​របស់​គេ​ គឺ​ លោក​ អាត់​ សំរិទ្ធ ​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​បង្វឹក​ជា​​បណ្តើរៗ​ ដោយ​មួយ​រយៈ​នេះ​ ប្រកួត​ឈ្នះ​ជា​បន្ត​បន្ទាប់​។ ​ចំណែក ​ផាន ​ផាន់ណាត់​ មាន​ស្នៀត​ និង​ផ្លែ​វ៉ៃ​បាន​ល្អ ​ព្រោះ​សិស្ស​គណ​មក​ពី​​ក្លិប​ទ័ព​បញ្ជាការ​ដ្ឋាន​ពិសេស​ តែង​មាន​ការ​​​រិត​បន្តឹង​ផ្នែក​វិន័យ​បាន​ល្អ​ជាង​ក្លិប​ផ្សេងៗ ពី​សំណាក់​លោក​ ហង្ស ​ស៊ឺន​។​

អ្នក​គ្រប់គ្រង​កីឡាករ​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​បាន​ស្រង់​ស្ថិតិ​ប្រវត្តិ​ប្រកួត ​គឺ​លោក ​ញាណ ​សុធី ​ឱ្យ​ដឹង​ថា​៖ ​សាន់​ សំអុន ​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ​៣១ ​លើក ​ឈ្នះ ​២៥ ​លើក ​ចាញ់​ ៥ ​ដង និង​ស្មើ​ពិន្ទុ ​១ ​លើក​។ ​កីឡាករ ​ផាន ផាន់ណាត់​ វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ​២១ ​លើក​ឈ្នះ ​១៦ ​លើក​ ​និង​ចាញ់ ​៥ ​លើក​ ប៉ុន្តែ​​ពួក​គាត់​សុទ្ធ​តែ​មាន​ចិត្ត​ធំ​សុំ​ឡើង​ប្រកួត​ក្នុង​កម្មវិធី​នេះ​ក្នុង​ស្មារតី​ជា​អ្នក​ប្រដាល់​ចិត្ត​ធំ​ឡើង​វ៉ៃ​ដោយ​មិន​ទុក​ពេល​ស្ទាប​ស្ទង់​នោះ​ឡើយ​។​

លោក​ អាត់ ​សំរិទ្ធ ​​និយាយ​​ថា​៖ «​សាន់ សំអុន​ មាន​ទឹក​ចិត្ត​ក្លា​ហាន​ កណ្តាប់​ដៃ​ធ្ងន់​ ហើយ​បច្ចុប្បន្ន​ហ្វឹកហាត់​បាន​ល្អ ​ត្រៀម​ប្រកួត​ថ្ងៃ​សៅរ៍​នេះ ​ក្នុង​ជំនឿ​ឈ្នះ ​៨០ ​ភាគរយ​។​ ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ទី​១ ​នេះ​ ​ខ្ញុំ​រំពឹង​ខ្ពស់ ​ប៉ុន្តែ​បើ​ចូល​ដល់​វគ្គ​ទី​២ ​មិន​ដឹង​ថា​យ៉ាង​ណា​ទេ​ ព្រោះ​មាន​អ្នក​ខ្លាំងៗ​ច្រើន​ដែរ​។ ​តែ​យ៉ាង​ណា​ ចង់​ឱ្យ សំអុន ​ឈ្នះ​វគ្គ​នេះ​សិន​ ចាំ​គិត​បន្ត​ទៀត​ ដ្បិត​អី​​បើ​យើង​មិន​ហ៊ាន​ប្រកួត​ជាមួយ​អ្នក​ខ្លាំងៗ​ទេ​ មិន​ងាយ​បាន​ក្លាយ​ជា​អ្នក​ខ្លាំង​ឡើយ​»​។​

ចំណែក​លោក ​ហង្ស ​ស៊ឺន ​ គ្រូ​បង្វឹក​ ​ផាន ​ផាន់ណាត់​ បាន​ប្រាប់​ថា​៖ «​កូន​សិស្ស​ខ្ញុំ​នេះ​ នៅ​ខ្ចី​ដែរ ​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​ថា​ យ៉ាង​ដូច​ម្តេច​នោះ​ឡើយ​ ប៉ុន្តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ ហើយ​កូន​សិស្ស​ ដែល​ចេញ​ពី​ប្រភព​ក្លិប​ឆត្រយោង គឺ​​ខ្ញុំ​​ធានា​ថា ​ឡើង​វ៉ៃ​មិន​​ឡើង​ទៅ​រាំ​ទេ ​ឯ​ការ​ចាញ់​ឈ្នះ​ ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ​ ​ព្រោះ​កំពុង​ព្យាយាម​ឱ្យ​ល្អ​ហើយ​។ ​យ៉ាង​ណា​ក៏​ដោយ ​ខ្ញុំ​សង្ឃឹម​តិច​ទេ»​។​

ចំណែក​គូ​ប្រកួត​មិត្តភាព​វិញ កីឡាករ ​ប៊ន ​ពន្លឹក ​ត្រូវ​ប្រកួត​ជាមួយ​ ផន ​សុខវិបុល​ ​ក្នុង​​ទម្ងន់ ​៥១ ​គីឡូក្រាម ចំណែក​អ្នក​ប្រដាល់​ជើង​ចាស់ ​សេន ​កុសល ​ក្លិប​មោង​ឫស្សីមរតក​គុន​ខ្មែរ ត្រូវ​ប៉ះ​ជើង​ថ្មី ​តុប ​ផេង ​របស់​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម។ ទោះ​យ៉ាង​ណា ​សេន​ កុសល ​ទំនង​ធ្លាក់​ជើង​មួយ​កម្រិត​ ខណៈ​ដែល​ជើង​ថ្មី​ តុប​ ផេង​ កំពុង​ល្អ​៕