ភ្នំពេញ៖ ​កីឡាករ​កម្ពុជា​​ ផាន់ គ្រាន់ ​គ្រោង​នឹង​ផ្អាក​ជួយ​ការងារ​ប្រពន្ធ​របស់​ខ្លួន​ខ្លះ ដើម្បី​ទុក​ពេល​វេលា​ធ្វើ​ការ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ឡើង​វិញ សម្រាប់​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​ឲ្យ​បាន​ល្អ ហើយ​ការ​សម្រេច​ចិត្ត​បែប​នេះ បន្ទាប់​ពី​រូប​គេ​បាន​បោះបង់​ចោល​ការ​ប្រកួត​ត្រឹម​ទឹក​ទី ​២ ​ក្រោម​ទម្ងន់​ជើង​អ្នក​ប្រដាល់​ថៃ Phat Ka កាល​ពី​ថ្ងៃ​អាទិត្យ។

សម្រាប់​ការ​ប្រកួត នៅ​លើ​សង្វៀន SEATV កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ផាន់ គ្រាន់ បាន​ទទួល​រង​​​នូវ​ស្នៀត​ទាត់​យ៉ាង​ធ្ងន់​របស់​ថៃ ​​Phat ​Ka ​ចូល​ឆ្អឹង​ជំនីរ ​ធ្វើ​ឲ្យ​រូប​គេ​ទ្រាំ​ការ​ឈឺ​ចាប់​នេះ​មិន​បាន​ និង​បោះបង់​ចោល​​​ការ​ប្រកួត​ នៅ​ត្រឹម​ទឹក​ទី ​២ ហើយ​ការ​ចាញ់​យ៉ាង​ផុយ​ស្រួយ​​នេះ បាន​ធ្វើ​ឲ្យ ផាន់ គ្រាន់ មាន​កំណត់ត្រា​ចាញ់ Phat Ka កើន​ឡើង ​៥ ​ដង ព្រោះ​ជំនួន ​៦ ​លើក​កន្លង​មក ផាន់ គ្រាន់ ឈ្នះ​បាន​ ​២ ​លើក​គត់ និង​ចាញ់ ៤ ​ដង។

យ៉ាង​ណា​ក៏​ដោយ ផាន់ គ្រាន់ ​បាន​ទម្លាយ​ពី​មូលហេតុ ចំពោះ​ការ​​បោះ​បង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី ២ ​នេះ​ថា​៖ ​«កីឡាករ​ថៃ​រូប​នេះ​ មិន​ខ្លាំង​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​នៅ​ស្ទើរ ដោយសារ​តែ​ខ្ញុំ​មាន​បញ្ហា​ជីវភាព​លំបាក ​រវល់​ជួយ​​មុខ​របរ​លក់​សាច់​ជ្រូក​ផាក់​ឡូវ​ជាមួយ​ប្រពន្ធ ​ដើម្បី​ជួយ​ទ្រទ្រង់​ជីភាព​គ្រួសារ​បន្ថែម»​។​

ផាន់ ​គ្រាន់​ បាន​ទទួល​ស្គាល់​ថា សមត្ថភាព​របស់​ខ្លួន ​មាន​ការ​ធ្លាក់​ចុះ ​ពិសេស​ការ​ប្រកួត​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ទទួល​បាន​លទ្ធផល​ចាញ់​ជា​បន្ត​បន្ទាប់​។​

ផាន់​គ្រាន់ បាន​​បន្ត​ថា៖ ​«​តាម​ពិត​ទៅ ​ខ្ញុំ​ហ្វឹកហាត់​បាន​តិច​តួច​ ​ព្រោះ​មាន​បញ្ហា​ច្រើន​ គឺ​​ជាប់​រវល់​មើល​ថែ​លោក​ឪពុក​ឈឺ ​ហើយ​បន្ទាប់​មក​គាត់​ស្លាប់​ ខ្ញុំ​ជាប់​ធ្វើ​បុណ្យ​ឲ្យ​គាត់ ​និង​មាន​មុខ​របរ​បន្ថែម​ គឺ​ជួយ​ធ្វើ​ផាក់​ឡូវ​លក់​ដូរ​ផង​ដែរ ហេតុ​នេះ​​​ធ្វើ​ឲ្យ​ការ​​ហាត់​​របស់​ខ្ញុំ មិន​សូវ​បាន​ល្អ ​នាំ​ឲ្យ​ទម្ងន់​ចេះ​តែ​ឡើង​ដល់​ជាង ​៧០ ​គីឡូ​ក្រាម ​និង​ខំ​សម្រក​មក​ប្រកួត​ត្រឹម ​៦៥​ ឬ ​៦៧ ​គីឡូក្រាម​ ដែល​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង​ជាង​មុន»​។​

ទោះ​បីជា​យ៉ាង​ណា ​ផាន់ ​គ្រាន់​ អះអាង​ថា​៖ «​ចាប់​ពី​សប្តាហ៍​​នេះ​ទៅ​ ខ្ញុំ​សម្រេច​ចិត្ត​ផ្អាក​ជួយ​ការងារ​​ប្រពន្ធ​ខ្លះ ​ដើម្បី​មាន​ឱកាស​ពង្រឹង​ការ​ហ្វឹក-​ហាត់​ឲ្យ​បាន​ពេញ​លេញ​ ដើម្បី​ឡើង​ប្រកួត​ឲ្យ​បាន​ល្អ​ឡើង​វិញ​ ព្រោះ​​សង្វៀន​ប្រដាល់​មួយ​ចំនួន ​បាន​កក់ ​ខ្ញុំ​រួច​ហើយ ​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន ​ហេតុ​នេះ​ខ្ញុំ​ត្រូវ​ប្រឹង​ឡើង​វិញ​ឲ្យ​ខ្លាំង​»។​

ម្ចាស់​ខ្សែ​ក្រវាត់ ​៣ ស្ថាប័ន​រូប​នេះ​ បាន​​បន្ថែម​ថា​៖ «​មុខ​របរ​ជា​អ្នក​​ប្រដាល់​នេះ ​គឺ​បាន​ជួយ​រូប​ខ្ញុំ​ឲ្យ​ទទួល​បាន​ជីវភាព​ល្អ​មួយ​កម្រិត​ជាង​មុន​ដែរ ​ប៉ុន្តែ​បញ្ហា​ទុក្ខ​ធុរៈ​ក្នុង​ក្រុម​គ្រួសារ​ក៏​បាន​ធ្វើ​ឲ្យ​សមត្ថភាព​វិជ្ជាគុន​ធ្លាក់​ចុះ​ ដោយសារ​យើង​ហាត់​មិន​បាន​ដិត​ដល់ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ពេល​ខ្លះ​មិន​ទទួល​បាន​ជ័យ​ជម្នះ​នោះ​ នាំ​ឲ្យ​សេវា​ទីផ្សារ​ប្រកួត​ គេ​មិន​សូវ​ផ្តល់​ឲ្យ​យើង​បាន​ប្រកួត​ញឹក​ញាប់​»។​

កីឡាករ​កម្ពស់ ១,៦៥ ម៉ែត្រ មាន​ស្រុក​កំណើត​ នៅ​ភូមិ​ស្វាយ​​​​​ចង្វាយ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង ផាន់ គ្រាន់ បាន​បញ្ជាក់​ថា៖​ «យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ប្តេជ្ញា​ថា​ នឹង​វ៉ៃ​ឲ្យ​កីឡាករ​ថៃ ​Phat​ Ka ​នេះ​សន្លប់​វិញ​ ​ព្រោះ​គេ​នឹង​ដាក់​ឲ្យ​ខ្ញុំ​ប្រកួត​សងសឹក ​នៅ​ក្នុង​ព្រឹត្តិកាណ៍​បុណ្យ​សមុទ្រ ​លើក​ទី ​៨​ នៅ​ខេត្ត​កំពត​ នា​ថ្ងៃ​ទី ​២០ ​ខែ ​ធ្នូ ​ឆ្នាំ ​២០១៩​ ​ដែល​ខ្ញុំ​បាន​ស្នើ​សុំ​វ៉ៃ​ទម្ងន់ ​៦៧ ​គីឡូក្រាម​»៕