ភ្នំពេញៈ ម្ចាស់ខ្សែក្រវាត់ ៣ ស្ថាប័ន ផាន់ គ្រាន់ និងអ្នកលេងចិត្តធំ សេក គឹមរួន ទទួលរងនូវការសន្លប់ធំដូចគ្នាក្នុង ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃ Sen Khum និង Phith Ka នៅសង្វៀន One TV រោងសៀក ទល់មុខរដ្ឋសភាជាតិ កាលពីយប់ថ្ងៃអាទិត្យ។
តាមប្រវត្តិប្រកួតរបស់ ផាន់ គ្រាន់ និង Sen Khum ក្នុងទម្ងន់ ៦៥ គីឡូក្រាមនេះ កន្លងមកពួកគេធ្លាប់ឈ្នះគ្នាម្នាក់ម្តង ប៉ុន្តែការវិលមកជួបគ្នាលើកនេះ Sen Khum បានប្រើកែងឆ្វេង ផ្តួល ផាន់ គ្រាន់ ឲ្យសន្លប់ធំនៅត្រឹមទឹកទី២ ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការប្រកួតនេះ មានលក្ខណៈជក់ចិត្តពីអ្នកទស្សនាខ្លាំង ព្រោះនៅទឹកទី១ ផាន់ គ្រាន់ បានប្រើកណ្តាប់ដៃ និងស្នៀតទាត់ចូលកញ្ចឹងក Sen Khum បណ្តាលឲ្យដួលដេកលើសង្វៀន ហើយត្រូវអាជ្ញាកណ្តាល សួន ប៊ុនសូត្រ រាប់ដល់ ៨ ទើបអាចងើបមកប្រកួតបានវិញទាំងលំបាក តែ Sen Khum របស់ថៃមានសំណាងផងដែរ ដោយស្នូរជួងបញ្ចប់ទឹកទី១ បានបន្លឺឡើង ជួយឲ្យគេរួចផុតពីការវាយលុកសន្ធាប់បង្ខំឲ្យសន្លប់របស់ ផាន់ គ្រាន់។
ក្រោយពេលសម្រាកឲ្យទឹកចំនួន ២ នាទី Sen Khum អាចស្តាកម្លាំងបានឡើងវិញ ហើយបានចូលវាយសម្រុកតតាំង ដែលមានភាពសាហាវ ដូចខ្លារងរបួស ដែលបានបង្ខំឲ្យ ផាន់ គ្រាន់ លំបាកទប់ទល់។ ទោះបីជា ការវាយចេញរបស់ ផាន់ គ្រាន់ នៅតែមានប្រៀប ដោយពិន្ទុនាំមុខ ប៉ុន្តែជាមួយគ្នានោះស្នៀតកែងឆ្វេងសងវិញភ្លាមៗរបស់ថៃ វាយចូលគល់ថ្គាមបណ្តាលឲ្យ ផាន់ គ្រាន់ ដួលដេកសន្លប់ធំនៅលើក្តារតាពីតែម្តង។
ក្រោយពីចាញ់ដោយសន្លប់នេះ ផាន់ គ្រាន់ បាននិយាយថា៖ «ក្រោយពីបានវ៉ៃកីឡាករថៃឲ្យអាជ្ញាកណ្តាលរាប់ តាំងពីទឹកទី១ នោះ ខ្ញុំរំពឹងថា ខ្ញុំនឹងឈ្នះ ប៉ុន្តែចូលដល់ទឹកទី២ ខ្ញុំព្យាយាមការពារផ្នែកល្វែងជើងក្រោមពីការទាត់ធ្ងន់ៗនោះ បែរជាទទួលរងនូវស្នៀតកែងចូលល្វែងលើវិញ»។
ផាន់ គ្រាន់ បានបន្ថែមថា៖ «ខ្ញុំមិនបានដឹងពីការសន្លប់នោះទេ ប៉ុន្តែនៅពេលគេគ្រាហ៍ចុះពីសង្វៀន ទើបដឹងថា ចាញ់ ហើយមានអារម្មណ៍ឈឺគល់ថ្គាមតែម្តង។ ខ្ញុំសុំសម្រាកសិន ដើម្បីមើលសុខភាពឲ្យបានស្រួល ព្រោះមួយរយៈចុងក្រោយនេះ ខ្ញុំចាញ់រហូត»។
ចំណែកអ្នកលេងចិត្តធំ សេក គឹមរួន អាចតស៊ូជាមួយជើងខ្លាំងថៃ Phith Ka បានតែ ៤ ទឹកប៉ុណ្ណោះ ក៏ត្រូវបានអាជ្ញាកណ្តាលលោក សឹង សារឹទ្ធិ បញ្ឈប់ការប្រកួតតែម្តង ដោយសារ សេក គឹមរួន ត្រូវបានកីឡាករថៃរូបនេះទាត់ឲ្យដួលងើបលែងរួច។
កីឡាករថៃ Phith Ka មានប្រៀបផ្នែកទាត់តាំងពីទឹកទី១ ដែលធ្វើឲ្យ សេក គឹមរួន ចូលមិនចុះ គ្មានឱកាសវាយក្បាច់ជង្គង់បាន។ កីឡាករថៃនៅតែមានប្រៀបឈ្នះពិន្ទុសឹងតែគ្រប់ទឹកក្នុងនោះ សេក គឹមរួន បានត្រឹមតែដើរចូលសម្រុក ប៉ុន្តែទទួលរងស្នៀតទាត់ស្កាត់ពេញៗ ឲ្យរឹងជើងដើរមិនចង់រួច ហើយអាជ្ញាកណ្តាលបានរាប់នៅទឹកទី២ ម្តង រាប់នៅទឹកទី៣ ម្តង និងទឹកទី៤ ចំនួន ២ ដងទៀត ក៏បញ្ឈប់តែម្តង។
កីឡាករ សេក គឹមរួន បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំហ្វឹកហាត់បានល្អ ហើយការប្រកួត ៦ ដងថ្មីៗនេះ គឺឈ្នះទាំងអស់ ពិសេសធ្លាប់ផ្តួលកីឡាករថៃ Phi Chhith ឲ្យសន្លប់ក្នុងទឹកទី២ ផងដែរ ប៉ុន្តែលើកនេះ ខ្ញុំបានចាញ់ស្នៀតទាត់របស់គេតែម្តង ធ្វើឲ្យខ្ញុំចូលមិនចុះសោះ គឺថៃទាត់ឲ្យខ្ញុំខូចជើងតែម្តង»។
ទោះជាយ៉ាងណាការប្រកួតមិត្តភាពអន្តរជាតិនេះ បានបង្ហាញឲ្យឃើញនូវការវាយចេញអស់ពីសមត្ថភាព ហើយអ្នកគ្រប់គ្រងកម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធី បានផ្តល់ប្រាក់បន្ថែមលើកទឹកចិត្តដល់អ្នកប្រដាល់ទាំង ៤ រូប ក្នុងម្នាក់ៗទទួលបាន ៥០ ដុល្លារ បន្ថែមលើតម្លៃខ្លួនផងដែរ៕