ភ្នំពេញៈ ម្ចាស់​ខ្សែ​ក្រវាត់​ ​៣ ​ស្ថាប័ន ​ផាន់ ​គ្រាន់​ ​បាន​សម្រេច​​ចាក​ចេញ​ពី​​ក្លិប​ពុទ្ធសេរីវង្ស មក​រួម​រស់​ជាមួយ​ក្លិប​មិត្ត​ប៉ូលិស​នៃ​សមាគម​ប្រដាល់​ក្រសួង​មហា​ផ្ទៃ ហើយ​រូប​គេ​បាន​​ប្តេជ្ញា​ចិត្ត​​ថា នឹង​ខំ​ប្រឹងប្រែង​​សាង​ភាព​ល្បីល្បាញ នៅ​ក្នុង​ក្លិប​ថ្មី​នេះ ដើម្បី​​ឈាន​ទៅ​រក​ការ​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​ប៉ូលិស​​ម្នាក់ ​ព្រោះ​​មិត្ត​រួម​អាជីព​មួយ​ចំនួន​ ដែល​មាន​ត្រឹម​ខ្សែ​ក្រវាត់ ​១ ​ឬ ​២ នោះ គឺ​​ពួក​គេ​បាន​ទទួល​ក្រប​ខ័ណ្ឌ​ជា​ប៉ូលីស ​និង​ទាហាន អស់​ហើយ ហេតុ​នេះ ផាន់ គ្រាន់ មាន​មហិច្ឆតា​ចង់​បាន​ដូច​មិត្តភក្តិ​ដែរ។​

ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​​ចំនួន ​៨ ​ឆ្នាំ​មក​នេះ ​អ្នក​ប្រដាល់​ចិត្ត​ធំ ​ផាន់​ គ្រាន់​ ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ គឺ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​​ ៣ ​ស្ថាប័ន​ ​គឺ​ខ្សែ​ក្រវាត់​គូបូតា ​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម ​នៅ​សង្វៀន​បាយ័ន​ ខ្សែ​ក្រវាត់​ខារ៉ាបាវ​ ទម្ងន់ ​៦៣,៥ ​​គ.ក្រ និង​ខ្សែក្រវាត់ ​Barrley Black ​ទម្ងន់​៦៥ ​គ.ក្រ ​នៅ​លើ​សង្វៀន​ SEATV​ ហើយ ផាន់ គ្រាន់ រក​បាន​​​ប្រាក់​ចំណូល​​ពី​ការ​ប្រកួត​នៅ​លើ​សង្វៀន​ មក​​ជួយ​ទ្រទ្រង់​​ជីវភាព​​​គ្រួសារ​ និង​ឪពុក​ម្តាយ​ចាស់​ជរា ​ព្រម​ទាំង​ចិញ្ចឹម​ក្មួយៗ​ពិការ​មួយ​ចំនួន​ថែម​ទៀត​ផង។

កីឡាករ​មាន​ស្រុក​កំណើត​ នៅ​ភូមិ​ស្វាយ​ចង្វាយ​ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ​ខេត្ត​ព្រៃវែង​ ផាន់ ​គ្រាន់ ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​ថា៖ «ខ្ញុំ​សម្រេច​ចិត្ត​ប្តូរ​ក្លិប​ពី​ពុទ្ធសេរីវង្ស​ មក​នៅ​ក្លិប​មិត្ត​ប៉ូលិស​ គឺ​ខ្ញុំ​ចង់​ឡើង​ប្រកួត​យក​ឈ្នះ​សាង​ភាព​ល្បីល្បាញ​ និង​ដណ្តើម​យក​ជើង​ឯក​មេដាយ​មាស ​ដើម្បី​ខ្ញុំ​អាច​​សុំ​បាន​​ក្របខ័ណ្ឌ​ប៉ូលិស ដូច​កីឡាករ​មួយ​ចំនួន​ទៀត​»​។​

បច្ចុប្បន្ន​ ផាន់ គ្រាន់ ​ជា​កីឡាករ​ល្បី​លំដាប់​ជួរ​មុខ​ មួយ​រូប​នៅ​កម្ពុជា ​ដែល​មាន​តម្លៃ​ខ្លួន​ប្រកួត ​១ ​លើកៗ​ឡើង​ដល់​ជាង ​៤០០ ​ដុល្លារ​​។ ​ផាន់ ​គ្រាន់​ បាន​រៀបការ​រួច​ហើយ​ កាល​ពី​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ ប៉ុន្តែ​អ្វី​ដែល​​រូប​គេ ​នៅ​តែ​ទទួល​បន្ទុក​ធ្ងន់​នោះ គឺ​ការ​​មើល​ថែ​ទាំ​ឪពុក​ម្តាយ​ចាស់​ជរា​មាន​ជំងឺ ហើយ​ក្តី​ស្រមៃ​របស់​គេ ​គឺ​ចង់​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​ ក្នុង​រាជរដ្ឋាភិបាល​មាន​ប្រាក់​ខែ​ ​ខណៈ​ដែល​មិត្ត​រួម​អាជីព​មួយ​ចំនួន​ល្បីៗ​ទទួល​បាន​​អស់​ហើយ​។​

ផាន់ ​គ្រាន់ បាន​បន្ថែម​ថា៖​ «ខ្ញុំ​មាន​ខ្សែ​ក្រវាត់ ​៣ ​តែ​មិន​ទាន់​រក​ក្រប​ខ័ណ្ឌ​បាន​នៅ​ឡើយ​ហើយ​មិត្តភក្តិ​មួយ​ចំនួន​ ដែល​មាន​ត្រឹម​ខ្សែ​ក្រវាត់ ​១​ ឬ ​២ ​ ដូច​ជា​កីឡាករ ​ម៉ន ​សាម៉េត​,ឌុម ​កែវដា​,មុត​ ខ្លឹមខ្មៅ​ និង សូត្រ ​ប៊ុនធី ​ជា​ដើម គឺ​ពួក​គេ​ទទួល​បាន​ក្របខ័ណ្ឌ​​​អស់​​ហើយ​ អ៊ីចឹង​ហើយ​ទើប​​ខ្ញុំ​បាន​ផ្លាស់​មក​នៅ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ​ម៉ក់ ​សំអុល​ ជា​ប្រធាន​ និង​មាន​លោក​គ្រូ ​គង់ ​ចាន់ធីណា​ ព្រម​ទាំង​លោកគ្រូ​ ឈិន​ ក្វាន់ចៃ ​ជា​គ្រូ​បង្វឹក»​។​

កីឡាករ​វ័យ ​២៤ ​ឆ្នាំ ផាន់​ គ្រាន់​ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​ឪពុក​ចាស់​ អាយុ ​៦៨ ​ឆ្នាំ​ មាន​ជំងឺ​ប្រចាំ​កាយ​ ហើយ​ខ្ញុំ​បាន​នាំ​គាត់​ចូល​ពេទ្យ​រុស្ស៊ី ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ឆ្លៀត​ពេល​ហ្វឹកហាត់​ជា​ប្រចាំ ​ដើម្បី​ប្រកួត​ឲ្យ​បាន​ល្អ។ ​ទោះ​ជា​ចាញ់​ ឬ​ឈ្នះ ​ខ្ញុំ​មិន​ងាយ​សន្លប់​នោះ​​ទេ ហើយ​នៅ​​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ​ ខ្ញុំ​នឹង​ត្រូវ​ប្រកួត​ឲ្យ​ក្លិប​ថ្មី​របស់​ខ្ញុំ ដោយ​លោកគ្រូ​បាន​ចាប់​គូ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​​ជើង​ខ្លាំង​របស់​ថៃ​ Sen Khoum ​ក្នុង​ទម្ងន់ ​៦៥ ​គីឡូក្រាម​ នៅ​សង្វៀន ​Sky One»​។​

ផាន់ ​គ្រាន់ ​មាន​បងប្អូន​បង្កើត ​៨ ​នាក់ ​ស្លាប់​អស់ ​២ ​នាក់ ហើយ​គេ​​ជា​កូន​ប្រុស​ពៅ​ ដែល​ត្រូវ​រ៉ាប់រង​ជីវភាព​ទាំង​ស្រុង។ គ្រាន់ ​បាន​ចូល​​ហាត់​ប្រដាល់​ ក្នុង​ឆ្នាំ ​២០១២​ នៅ​ក្លិប​គុជសារ​កីឡា​ជាមួយ​គ្រូ​ ផាន់​ ផាណាត​ ប៉ុន្តែ​ក្រោយ​ពេល​លោកគ្រូ​ឈឺ​ស្លាប់ ​ត្រូវ​តែលតោល​គ្មាន​គោលដៅ ហ្វឹកហាត់​ខ្លួន​ឯង ​ឡើង​ប្រកួត​មិន​សូវ​បាន​លទ្ធផល​ល្អ​ទេ។​ បន្ទាប់​មក​គេ​បាន​ផ្លាស់​មក​នៅ​ក្លិប​ពុទ្ធសេរីវង្ស ​ដោយ​ហាត់​​ជាមួយ​លោក​គ្រូ ណន រិទ្ធ និង​ទទួល​បាន​លទ្ធផល​ល្អ​វិញ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​សរុប​ ​១២៥ ដង របស់​កីឡាករ​មាន​កម្ពស់ ​១,៦៥ ​ម៉ែត្រ​រូប​នេះ គឺ​បាន​​ឈ្នះ ​៩០ ចាញ់ ​៣០ ​និង​ស្មើ ​៥ ​ដង​៕