ភ្នំពេញ៖ អ្នក​ប្រដាល់ ផាន់ គ្រាន់ របស់​ក្លិប​មកុដ​រាជសីហ៍ ដែល​បាន​ឃ្លាត​ពី​សង្វៀន​យូរ​នោះ គឺ​មាន​ការ​នឹករឭក​មុខរបរ​ឈឺ​សាច់​នេះ ហើយ​បាន​ចូល​ខ្លួន​មក​ហ្វឹកហាត់ ដើម្បី​ចូលរួម​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ៧០ គីឡូក្រាម ជាមួយ​ជើង​ខ្លាំង ៣ ក់​ទៀត មាន ឡុង សុភី, មាជ សុខរ៉ា និង រិទ្ធ ភូលូ ដើម្បី​ស្វែងរក​អ្នក​បាន​ប្រាក់​រង្វាន់​ប្រចាំ​សប្តាហ៍​ទី៦៦ របស់​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ។

សមត្ថភាព​របស់ ផាន់ គ្រាន់ ធ្លាប់​បាន​ឈាន​ដល់​លំដាប់​កំពូល​ក្នុង​ឆ្នាំ ២០១៧ ដោយ​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ៣ និង​ពាន​រង្វាន់​ដទៃ​ទៀត ទទួល​បាន​ប្រាក់​ជួយ​គ្រួសារ​ទៀត​ផង ប៉ុន្តែ​មួយរយៈ​នេះ ការ​បាត់​មុខ​របស់ ផាន់ គ្រាន់ ពី​សង្វៀន និង​ការ​ផ្លាស់ប្តូរ​ក្លិប​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​គេ មិន​សូវ​បាន​លទ្ធផល​ល្អ ដោយ​ជាង ១ ឆ្នាំ​នេះ ប្រកួត​បាន​តែ ៣ លើក​និង​រក​មិន​ឃើញ​ជ័យជម្នះ​សោះ។

ចំណែក​ការ​វិល​មក​ប្រកួត​ជា​ថ្មី​ក្នុង​កម្មវិធី​ប្រាក់​លាន ជាមួយ​ជើង​ចាស់​ខ្លាំងៗ​នេះ ផាន់ ​គ្រាន់ និយាយ​ថា៖ «ខ្ញុំ​នៅ​តែ​ស្រឡាញ់ និង​នឹក​សង្វៀន​ប្រដាល់ ព្រោះ​មុខរបរ​មួយ​នេះ ធ្លាប់​ធ្វើ​ឱ្យ​ខ្ញុំ​រក​ប្រាក់​បាន​ជួយ​ឪពុក​ម្តាយ និង​គ្រួសារ ហើយ​ការ​វិល​មក​វិញ​នេះ ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ឈ្នះ ៥០ ភាគរយ ទោះបី​ពួក​គាត់​ជា​ជើង​ចាស់​ខ្លាំង និង​មិន​ដែល​ប្រកួត​ជាមួយ​គ្នា​ក៏​ដោយ។ ខ្ញុំ​ហាត់​បាន ២ សប្តាហ៍​ជាប់​គ្នា ហើយ​សុខភាព​ល្អ កម្លាំង​ល្អ ត្រៀម​ល្អ ហើយ​សម្រាប់ ឡុង សុភី, មាជ សុខរ៉ា និង រិទ្ធ ភូលូ ខ្ញុំ​គិត​ថា ពិត​ជា​តឹងតែង និង​លំបាក​ឈ្នះ​មែន ប៉ុន្តែ​ចិត្ត​ជា​អ្នក​កីឡា ឡើង​ប្រកួត​មិន​ញញើត​ដៃគូ​ទេ»។

នៅ​ពេល​សួរ​ពី​មូលហេតុ​នាំ​ឱ្យ​បាត់​មុខ​ពីស​ង្វៀន​យូរ ផាន់ គ្រាន់ បាន​ឆ្លើយ​តប​ថា៖ «មក​ពី​ខ្ញុំ​មិន​សូវ​បាន​ហាត់ ដោយសារ​ឪពុក​ឈឺ បន្ទាប់​មក​គាត់​ស្លាប់ ហើយ​ខ្ញុំ​រវល់​ការងារ​រកស៊ី​ជាមួយ​ប្រពន្ធ ដោយ​លក់​សាច់​កាប់ នៅ​ផ្សារ​ឈូក​វ៉ា​ខាង​លិច​ឆៀង​ខាង​ជើង​ពោធិ៍ចិនតុង ហេតុ​នេះ​ឡើង​ប្រកួត​មិន​សូវ​ទទួល​ផល​ល្អ គឺ​ប្រហែល ១ ​ឆ្នាំ​នេះ ខ្ញុំ​ប្រកួត​បាន ៣ ដង ដោយ​ចាញ់ ២ និង​ស្មើ ១»។

ចំណែក នី សុភី (ឡុង សុភី) បន្ទាប់​ពី​ផ្លាស់​មក​នៅ​ក្លិប​កុលបុត្រ​គុន​ខ្មែរ មួយរយៈ​ចុង​ក្រោយ​នេះ ហាក់​ដូចជា​មិន​សូវ​ឡើង​សង្វៀន​ដែរ ហើយ​ការ​ប្រកួត​របស់​គេ​លំបាក​រក​ដៃគូ​ឱ្យ​មាន​សមត្ថភាព​ប៉ុន​គ្នា​ណាស់ ព្រោះ​មាន​កម្ពស់​ខ្ពស់​បទពិសោធ​ច្រើន ដែល​នាំ​ឱ្យ​ប្រិយភាព​ធ្លាក់ចុះ​មួយ​កម្រិត​ផង​ដែរ។

ឡុង សុភី បាន​និយាយ​ថា​៖ «ខ្ញុំ​ឡើង​ទៅ​ដឹង​តែ​វ៉ៃ ប៉ុន្តែ​ការ​សង្ឃឹម​ឈ្នះ​មុន ខ្ញុំ​មិន​ដែល​រំពឹង​លើស​ពី ៥០ ភាគរយ​ទេ ទោះបី​ប្រកួត​ជាមួយ​ជើង​ខ្លាំង ឬ​ជើង​ខ្សោយ ឬ​ប្រកួត​អន្តរជាតិ​ណា​ក៏​ដោយ។ ចំពោះ​បេក្ខភាព​ទាំង ៣ នាក់​នេះ ខ្ញុំ​ប៉ះ​មួយ​ណា​ក៏​បាន ព្រោះ​សង្ឃឹម​ថា គ្មាន​ឧបសគ្គ​ធំ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​សូវ​បាន​ហាត់ គឺ​មិន​ហ៊ាន​អួត​ទេ វ៉ៃ​ទម្ងន់​ធ្ងន់ ចូល​ចំ​កន្លែង​យ៉ាប់​ដែរ»។

ចំណែក រិទ្ធ ភូលូ និង មាជ សុខរ៉ា សុទ្ធ​តែ​មិន​សង្ឃឹម​ច្រើន ប៉ុន្តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ឯ​បញ្ហា​ឈ្នះ​ ឬ​ចាញ់​មិន​ហ៊ាន​និយាយ​មុន​ឡើយ។ រីឯ​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោន​និយាយ​ថា៖«តាម​ខ្ញុំ​ជួប​សម្ភាស​ក្នុង​ពេល​ផ្គូផ្គង គឺ ឡុង សុភី មាន​ឈ្មោះ​ល្បី ប៉ុន្តែ​ការ​ហ្វឹកហាត់ និង​ប្រកួត​មួយរយៈ​នេះ មិន​ញឹកញាប់ ផ្ទុយ​ពី​ មាជ សុខរ៉ា និង រិទ្ធ ភូលូ ប្រកួត​ញឹកញាប់ និង​វ៉ៃ​ហ៊ាន​ប្តូរ អ៊ីចឹង​មិន​អាច​កំណត់​មុន​បាន​ឡើយ»៕