ភ្នំពេញ៖ ​អ្នក​ប្រដាល់​លំដាប់​ខ្លាំង​កម្រិត​មធ្យម​ឈ្មោះ​ ផាវ ​ភឿត ​ដែល​ឃ្លាត​ពី​សង្វៀន​ប្រដាល់​ជាង ​១០ ​ឆ្នាំ ​ទៅ​ធ្វើ​ទាហាន​ ក្នុង​វរលេខ ​៣៨២ ​កងពល​អន្តរាគមន៍​លេខ ​៣ ​ប្រចាំ​តំបន់​បង្គោល ​៨ ​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ​នោះ ​បាន​សុំ​ការ​អនុញ្ញាត​ពី​អង្គភាព​ ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម​ពី​សកម្មភាព​ប្រកួត​កីឡា​ ដែល​គេ​ធ្លាប់​ឆ្លង​កាត់ និង​​មាន​បទពិសោធ​ជាមួយ​ជើង​ខ្លាំងៗ​មួយ​ចំនួន​កន្លង​មក​។

នៅ​ក្នុង​ជំនួប​ដ៏​ចៃដន្យ​មួយ នៅ​​ខេត្ត​សៀមរាប កាល​ពី​ចុង​សប្តាហ៍​មុន ​គឺ​ពេល​ដែល ផាវ ​ភឿត ​មាន​វត្តមាន​ជា​អាជ្ញា​កណ្តាល​ក្នុង​សង្វៀន​ខ្នាត​តូច​មួយ​នោះ ​​ផាវ ​ភឿត ​​បាន​ផ្តល់​បទសម្ភាស​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«​​ខ្ញុំ​ប្រចាំ​ការ ​១៥ ​ថ្ងៃ​ នៅ​លើ​ភ្នំ​ ដោយ​ប្តូរ​វេន​គ្នា​ ហើយ​​ពេល​​ប្តូរ​វេន​ ខ្ញុំ​បាន​សុំ​ការ​អនុញ្ញាត​ពី​មេ​ ដើម្បី​ស្វែងរក​ការងារ​ជា​កីឡាករ និង​​ជា​អាជ្ញា​កណ្តាល​ ក្នុង​ការ​ប្រកួត​តាម​ខេត្ត​ជិតៗ​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​កម្រៃ​លុយ​កាក់​ខ្លះ ​ផ្ញើរ​ទៅ​​ប្រពន្ធ​កូន ​បង្គ្រប់​ការ​ខ្វះ​ខាត​»។​

កីឡាករ ​ផាវ ភឿត មាន​ស្រុក​កំណើត នៅ​​សង្កាត់​ស្វាយប៉ោ ​ខេត្ត​បាត់ដំបង ហើយ​​បច្ចុប្បន្ន​ មាន​អាយុ ​៣៩ ​ឆ្នាំ​ ហើយ​រូប​គេ​មាន​ប្រពន្ធ​ និង​កូន​ចំនួន ​២ ​នាក់ ដែល​រស់នៅ​ភូមិ​បឹង​ខ្នា ស្រុក​បាកាន ​ខេត្ត​ពោធិ៍សាត់​ ប៉ុន្តែ​បេសកកម្ម​របស់​ ផាវ ភឿត ​ប្រចាំ​នៅ​ព្រះ​វិហារ​ជានិច្ច​។​

កីឡាករ​រូប​នេះ បាន​បន្ថែម​ថា៖ ​«ឥឡូវ​ខ្ញុំ​រក​បាន​ការងារ​ស្ម័គ្រ​ចិត្ត​ជា​អាជ្ញា​កណ្តាល​នៅ​ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ខ្នាត​តូច​មួយ​ ក្នុង ​១ ​យប់​បាន​​តែ ​២ ​គូ​ ដោយ​​ទទួល​បាន​ការ​ឧបត្ថម្ភ​ចំនួន ​៥ ​ដុល្លារ ហើយ​​ពេល​ខ្លះ ​បើ​មាន​ដៃ​គូ ​ខ្ញុំ​សុំ​គេ​ឡើង​ប្រកួត ​ដោយ​បាន​តម្លៃ​ខ្លួន​ត្រឹម​តែ ​៥០ ​០០០ រៀល ពេល​ឈ្នះ ​និង​ចាញ់ ​៤០ ​០០០ ​រៀល​ប៉ុណ្ណោះ​ ​ព្រោះ​គេ​ទើប​តែ​រៀបចំ​​ប្រកួត​សាកល្បង​នៅ​ឡើយ​»។​

ផាវ ភឿត ក្នុងឯកសណ្ឋានជា​ទាហាន ពេល​ប្រចាំការ​នៅ​ព្រះវិហារ។

ផាវ​ ភឿត​ បាន​បន្ត​ថា៖​​ «​ខ្ញុំ​បាន​ឃ្លាត​ពី​សង្វៀន​អស់​រយៈពេល ​១០ ​ឆ្នាំ​មក​ហើយ និង​បាន​​ធ្វើ​ជា​ទាហាន​នៅ​ព្រំ​ដែន​ ប៉ុន្តែ​​បើ​គិត​មក​ដល់​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​បាន​ស័ក្តិ ​១ ​ពាក់​នៅ​ឡើយ​ទេ ​គឺ​មាន​ឋានៈ​ត្រឹម​ពលបាល​ប៉ុណ្ណោះ​។​ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​កោត​សរសើរ​មេ​របស់​ខ្ញុំ ​ដែល​គាត់​បាន​ផ្លាស់​ប្តូរ​វេន​គ្នា​យាម​ប្រចាំ​ការ ​គឺ ​១៥ ​ថ្ងៃ​យាម ​និង ​១៥ ​ថ្ងៃ​សម្រាក ​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេល​រក​ប្រាក់​បាន​បន្តិច​បន្តួច​ពី​កីឡា​សម្រាប់​ជួយ​គ្រួសារ​»។​

គួរ​រំឭក​ថា ​ផាវ ​ភឿត បាន​​​ចូល​ហាត់​​ប្រដាល់​ដំបូង ​ក្នុង​ឆ្នាំ ​២​០០០ ​នៅ​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​ ហើយ​ក្រោយ​មក​គេ បាន​​ដើរ​វ៉ៃ​តាម​ខេត្ត​ជនបទ ដោយ​​ប៉ះ​ជាមួយ​ខ្មែរ ​និង​​កីឡាករ​ថៃ​រាប់​ភ្លេច។ ក្រោយ​មក ភឿត ​ក៏​មាន​មុខ​បាន​មក​​ប្រកួត​លើ​សង្វៀន​នៅ​ភ្នំពេញ​ ដោយ​​ប្រកួត​ដំបូង​​នៅ​​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ដែល​ភាគ​ច្រើន​ក្នុង​ទម្ងន់ ​៦៣ ​និង ​៦៧ ​គ.ក្រ។​

ផាវ​ ភឿត​ បាន​អះអាង​ថា​៖ ​«ក្នុង​ការ​ប្រកួត​ជាង ​៣០០ ​លើក ​ខ្ញុំ​បាន​​ប្រកួត​ជា​គូ​អន្តរជាតិ ​ពិសេស​ជាមួយ​ថៃ​ប្រហែល ​១០០ ​លើក។ ​ខ្ញុំ​មិន​ដែល​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ​ឬ​លេខ ​១ ​ម្តង​ទេ គឺ​​បាន​ត្រឹម​លេខ ​២ ​ប៉ុណ្ណោះ​ ប៉ុន្តែ​លទ្ធផល​ដែល​ខ្ញុំ​ឈ្នះ​ គឺ​បាន​ពាន​ចំនួន ​៤​ បាន​ម៉ូតូ​ចំនួន ​២ ​គ្រឿង ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​ក្នុង​អំឡុង​ឆ្នាំ ​២០០៣​ និង ​២០០៥»​។

អ្វី​ដែល​ ផាវ ​ភឿត​ មិន​អាច​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ឬ​ជើងឯក​លេខ ​១ ​​នោះ ​​ត្រូវ​បាន​សាមី​ខ្លួន ផាវ ភឿត ​អះអាង​ថា ​ដោយសារ​ជួប​គូ​ប្រកួត​សុទ្ធ​តែ​កំពូល​ជើង​ខ្លាំងៗ​ដូច​ជា​ធ្លាប់​ប៉ះ​​ជាមួយ​កីឡាករ ​ជ័យ​កុសល,​ អូត ​ភូថង, ​នួន ​សុរិយា​, រ៉េវ ​វិរៈ, ​ឡុង ​វ៉ានថន និង ​ធន់ ​សុភា​ ជា​ដើម​។​

នៅ​ពេល​សួរ​ថា ​តើ​អនាគត​ចង់​បន្ត​មាន​ការងារ​នៅ​ក្នុង​​វិស័យ​ប្រដាល់​ទៀត ឬ​យ៉ាង​ណា​នោះ​ ​ផាវ ​ភឿត ​និយាយ​ថា៖ ​«ខ្ញុំ​ចង់​មាន​ក្លិប ​ឬ​ក្លាយ​ជា​គ្រូ​បង្វឹក ​និង​ជា​ចៅក្រម ​អាជ្ញា​កណ្តាល​ដូច​គេ​ ​ព្រោះ​ជំនាន់​ខ្ញុំ ​គេ​បាន​អស់​ហើយ​»។​

ផាវ ​ភឿត ​បញ្ជាក់​​ថា៖​ «​ខ្ញុំ​ធ្វើ​ទាហាន ​១០ ​ឆ្នាំ​ នៅ​ព្រំដែន​ព្រះវិហារ ​មិន​ទាន់​បាន​ស័ក្តិ ​១ ​ផង ​ប៉ុន្តែ​អតីត​កីឡាករ​ដូច​ខ្ញុំ ​នៅ​ភ្នំពេញ​ បាន​ស័ក្តិ ៣​ ស័ក្តិ ​៤ ​អស់​ហើយ​»។ ​ទោះ​ជា​យ៉ាងណា​ ភឿត ​ដើរ​ច្រើន​កន្លែង​ ធ្វើ​ជា​គ្រូ​បង្វឹក​ជំនួយ​ បាន​ប្រាក់​បន្តិច​បន្តូច ​ជា​ប្រចាំ​ផង​ដែរ​៕​​​