ភ្នំពេញ៖ ​កីឡាករ​គុន​ខ្មែរ​​លំដាប់​ឆ្នើម​ៗ​របស់​កម្ពុជា​ចំនួន ​៧ ​នាក់ ​ដែល​​បាន​​ចេញ​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ថ្នាក់​អន្តរជាតិ​ ​ នៅ​ទឹក​ដី​ប្រទេស ​ថៃ ​ចំនួន ​៣ ​ទីតាំង​ និង​ប្រទេស ​បារាំង ​១ ​កន្លែង​ កាល​ពី​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ​នោះ គឺ​​​លទ្ធផល​ពួក​គេ​បាន​​ចាញ់​ដោយ​សន្លប់​យ៉ាង​ផុយ​ស្រួយ​ទាំង​អស់។

ការ​ប្រកួត​ចាញ់​ដោយ​​សន្លប់​យ៉ាង​រហ័ស​បែប​នេះ​​ ភាគ​ច្រើន​នៅ​ត្រឹម​ទឹក​ទី ​១ ​គឺ​​បាន​ធ្វើ​​ឲ្យ​មហាជន​ ពិសេស​ជន​រួម​ជាតិ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​និយម​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​មាន​ការ​ស្រងាក​ចិត្ត ​​​​​ងឿង​ឆ្ងល់ ​និង​ចម្លែក​អារម្មណ៍​ ហើយ​បាន​​ដេញដោល​សួរ​គ្នា​ពី​មូលហេតុ​ថា​ ​តើ​ការ​ហ្វឹកហាត់​ ការ​ថែទាំ​សុខភាព​ និង​ការ​ហូប​ចុក​ស្នាក់​នៅ​របស់​កីឡាករ​របៀប​ណា​ ទើប​ទទួល​លទ្ធផល​វេទនា​​បែប​នេះ​?​ បន្ថែម​ពី​លើ​នេះ​ តើ​កត្តា​អ្វី​បាន​ជា​ចាញ់​សន្លប់​ត្រឹម​ទឹក​ទី ​១ ​ច្រើន​ម្ល៉េះ? ​

តាមរយៈ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ​កន្លង​មក​នេះ ​កីឡាករ​ទាំង ​៧ នាក់​របស់​កម្ពុជា ​​បាន​ចាញ់​យ៉ាង​អាម៉ាស់​ទាំង​អស់​ គឺ​ភាគ​ច្រើន​មិន​អាច​ឆ្លង​ផុត​​ទឹក​ទី ​១ ​នោះ​ឡើយ​។ ​កីឡាករ ​ម៉ឺន ​សុភា​ ​របស់​​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ ​និង​កីឡាករ ​គង់ ​សំបូរ ​មក​ពី​ខេត្ត​សៀមរាប ដែល​បាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ​Thai Fight ​នៅ​ប្រទេស ​ថៃ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ ​​គឺ​បាន​សន្លប់​យ៉ាង​លឿន​បំផុត ​ដោយ​ស្នៀត​កែង​ និង​ម៉ាត់​ចូល​គល់​ថ្គាម​ នៅ​ក្នុង​ទឹក​ទី ​១ ដូច​គ្នា​។​

ចំណែក​ការ​ប្រកួត​នៅ​សង្វៀន​ Supper Champ ​របស់​ប៉ុស្តិ៍​លេខ ​៨ ​ថៃ​វិញ ​កីឡាករ​កម្ពុជា​ លាភ​ រដ្ឋា​ មក​ពី​ក្លិប​ដី​ឡូត៍​មាន​រិទ្ធ ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​កីឡាករ​ថៃ ​វាយ​កណ្តាប់​ដៃ​ចូល​មុខ ​បណ្តាល​ឲ្យ​សន្លប់​ធំ ត្រឹម​ពាក់​កណ្តាល​ទឹក​ទី ​១​។ ​ជាមួយ​គ្នា​នេះ​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៣១​ នៃ​ព្រឹត្តិការណ៍ ​Mauy Thai MX កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ កីឡាករ​ ណាម ​ម៉ូរ៉ាក់​ មក​ពី​ក្លិប​រស្មី​សាមគ្គី​ខេត្ត​បាត់ដំបង ​និង​កីឡាករ ​បឺត ​សង្ឃឹម​ ​របស់​​ក្លិប​រ៉ាហាប់​ស្វាយ​ប៉ាក បាន​​សន្លប់​ត្រឹម​ទឹក​ទី ​១ ​ដូច​គ្នា​ គឺ​មាន​តែ​ ​សុខ ​សុវណ្ណ​ មក​ពី​កងពល​អន្តរាគមន៍​លេខ ​៣ ​ដែល​បាន​ចាញ់​សន្លប់​ដល់​ទឹក​ទី ​២​។​

បន្ថែម​ពី​លើ​នេះ​ កីឡាករ​លំដាប់​ខ្លាំង និង​​មាន​ប្រជាប្រិយ​ជាង​គេ​របស់​កម្ពុជា ​កែវ ​រំចង់ ដែល​បាន​ចេញ​ទៅ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​កម្មវិធី Muay Thai Grand Prix ​នៅ​ប្រទេស ​បារាំង ​នោះ ត្រូវ​បាន​កីឡាករ​បារាំង Omar Samb បុក​ជង្គង់ និង​ម៉ាត់ ឡើង​ចង់​ទ្រម​ខ្លួន មុន​ពេល​​រូប​គេ​សន្លប់ នៅ​ដើម​ទឹក​ទី ​៤ បន្ទាប់​ពី​​កីឡាករ​បារាំង បាន​ចាប់​ជើង​ស្តាំ​ជាប់ រួច​ទាត់​ចន្ទល់​ជើង​ឆ្វេង បណ្តាល​ឲ្យ​ប៉ើង និង​ធ្លាក់​បត់​ក ទៅ​នឹង​កម្រាល​សង្វៀន ធ្វើ​ឲ្យ រំចង់ គាំង​ក្រោក​លែង​រួច​នោះ។

លោក តែម ម៉ឺន ពេល​ចូល​រួមនៅ​ក្នុងព្រឹត្តិការណ៍​កីឡា កន្លង​មក។ រូបថត ឈន ណន

ជាមួយ​​លទ្ធផល​ចាញ់​ដោយ​សន្លប់​ដូច​គ្នា​យ៉ាង​ឈឺ​សាច់ ​និង​គួរ​ឲ្យ​សង្វេគ​បែប​នេះ​ ​ត្រូវ​បាន​គេ​​ចាត់​ទុក​ថា​ ​ជា​លទ្ធផល​​ចាញ់​ដ៏​អាក្រក់ និង​គួរ​ឲ្យ​អាម៉ាស់ គឺ​​ក្នុង​សប្តាហ៍​តែ​មួយ សន្លប់​ទាំង ​៧ នាក់ ​ដែល​​មិន​ធ្លាប់​មាន​កន្លង​មក​នោះ​ទេ ​ហើយ​ការ​ចាញ់​យ៉ាង​ផុយ​ស្រួយ​នេះ ​គួរ​​តែ​​មាន​ការ​ស្រាយ​បំភ្លឺ​ពី​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​​​មហាជន​ ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ប្រិយភាព ​និង​កេរ្តិ៍ឈ្មោះ​របស់​គុន​ខ្មែរ នៅ​លើ​ឆាក​អន្តរជាតិ។​

តាម​ការ​សង្កេត​ និង​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​​លើ​ទឹក​ដី​ថៃ​របស់​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ចុង​សប្តាហ៍ គឺ​​ ​ មន្ត្រី​សហព័ន្ធ​កីឡា​​ប្រដាល់​គុនខ្មែរ លោក​ ជា​ រិទ្ធ ជា​​ប្រតិភូ​ដឹកនាំ កីឡាករ ម៉ឺន សុភា និង គង់ សំបូរ ទៅ​ប្រកួត។

ចំណែក​កីឡាករ ​បឺត ​សង្ឃឹម​, ​ណាម​ ម៉ូ​រ៉ាក់ ​និង​សុខ​ សុវណ្ណ ​ដឹកនាំ​ដោយ​លោក ​ហ៊ុន ​ច័ន្ទរាជ ​ជា​គ្រូ​កីឡា​នៅ ​MMA​ ប៉ុន្តែ​ការ​ដឹក​នាំ​ផ្ទាល់​​នៅ​ទីលាន​តែ​ម្តង គឺ​​មាន​អតីត​កីឡាករ ​បឺត ​ខាំ​ រីឯ​​​កីឡាករ ​លាភ ​រដ្ឋា ​ដឹក​នាំ​ដោយ​កូន​លោក ​ថៃ ​អ៊ូ​ នៅ​សមាគម​កីឡា​ប្រដាល់​ខេត្ត​បន្ទាយ​មានជ័យ​។​

ជាមួយ​ការ​ចាញ់​របស់​កីឡាករ​កម្ពុជា​​ភ្លូក​ទឹក​ភ្លូក​ដី​នេះ លោក​ តែម​ ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​​ថ្ងៃ​ចន្ទ​ថា​៖ «​មូលហេតុ​ដែល​នាំ​ឲ្យ​ចាញ់ ​សន្លប់​បែប​នេះ គឺ​មាន​កត្តា​ច្រើន​យ៉ាង​ ​ព្រោះ​កីឡា​ប្រយុទ្ធ ​មិន​អាច​កំណត់ ​ឬ​ធានា​បាន​ថា ​សន្លប់​ ឬ​គេច​ផុត​នោះ​ទេ ​ប៉ុន្តែ​វា​អាស្រ័យ​លើ​ស្ថានភាព​ប្រកួត​​ជាក់​ស្តែង ​ឬ​ការ​ផ្គូផ្គង​ តើ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ឬ​អត់?»​។​

លោក ​តែម ​ម៉ឺន បាន​​បញ្ជាក់​ថា​៖ «​ទី​១ ​កម្មវិធី​នេះ​ យើង​គ្រាន់​តែ​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​កីឡាករ​ ឯ​ការ​ផ្គូរផ្គង​ជា​គណៈកម្មការ​របស់​ប្រទេស​គេ​ទាំង​ស្រុង​ ទី​២​ កម្មវិធី​ប្រកួត​ត្រូវ​វាយ​សម្រុក​ដោយ​គ្មាន​ស្ទាបស្ទង់ ​គឺ​គេ​វាយ​ប្តូរ​តែ​ម្តង ​មិន​គិត​ពី​បច្ចេកទេស​ ដែល​ការ​ចាញ់ ​ឬ​ឈ្នះ​ ក្នុង​រយៈ​ពេល​លឿន​ដូច​គ្នា​ ហើយ​ទី៣​ សមត្ថភាព​កីឡាករ​របស់​គេ ​ជា​ម្ចាស់​ផ្ទះ យើង​កត់​សម្គាល់​ឃើញ​ថា ​មាន​សមត្ថភាព ​មាន​ប្រៀប​ជាង​​កីឡាករ​យើង​ផង​ដែរ​»។ ​​ទោះ​ជា​យ៉ាង​ណា​ លោក​ តែម​ ម៉ឺន ​ថា ​នឹង​ពង្រឹង​សមត្ថភាព​កីឡាករ​យើង​បន្ថែម​ទាំង​វិន័យ​ ការ​ហ្វឹកហាត់ ​និង​បែប​បទ​ចេញ​ទៅ​ប្រកួត ​ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ​។​

តាម​ការ​សម្ភាស​អ្នក​នាំ​កីឡាករ​ចេញ​ទៅ​ប្រកួត​ដោយ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​៖ «​ការ​ចេញ​ទៅ​ប្រកួត ​គឺ​តាម​ការ​ឧបត្ថម្ភ​ពី​ដៃគូ​ក្រៅ​ប្រទេស​ ហើយ​ការ​ស្នើសុំ​បែបបទ​ពី​សហព័ន្ធ ​និង​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ គឺ​និយាយ​ស្រួល​ ដល់​ពេល​​ធ្វើ​លំបាក ​ដោយ​​ស៊ី​ពេល​យូរ​ច្រើន​ជាង​មួយ​ខែ ​អ៊ីចឹង​ហើយ ទើប​ភាគ​ច្រើន​​មាន​ការ​នាំ​​យក​កីឡាករ​ទៅ​ដោយ​មិន​សុំ​ច្បាប់​ឡើយ គឺ​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។​ ម្យ៉ាង​ទៀត ​បើ​យក​ចេញ​តាមរយៈ​សហព័ន្ធ​កីឡាករ​តាម​ក្លិប​មួយ​ចំនួន ​គ្មាន​ឱកាស​បាន​ទៅ​ទេ ​ហេតុ​នេះ​ដើម្បី​រក​ប្រាក់​ចំណូល​ និង​បទពិសោធ​នៅ​ក្រៅ​ប្រទេស គឺ​​ភាគ​ច្រើន​ស្វែងរក​ដៃ​គូ​ខ្លួន​ឯង»​៕