ភ្នំពេញៈ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ជា​សំណង់​កីឡា​ទំនើប​មួយ​ទទួល​បាន​ជំនួយ​ឥតសំណង​ពី​ប្រទេស​ចិន​ក្នុង​គម្រោង​ទឹកប្រាក់​ជិត​ ១៦០ ​​លាន​ដុល្លារ​នោះ​បាន​សាងសង់ និង​ប្រើប្រាស់​ជា​បណ្តើរៗ​ហើយ​ក្នុង​នោះ​ការសាងសង់​ត្រូវ​បាន​បែងចែក​ជា​ ៣ ​ដំណាក់កាល​ធំៗ​ព្រម​ទាំង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ទីតាំង​ដែល​បាន​សាងសង់​រួច​ជា​ស្ថាពរ ហើយ​គិត​ត្រឹម​ពេល​នេះ​ទទួល​បាន​ ៤០ ​ភាគរយ​នៃ​សំណង់​ពហុកីឡដ្ឋាន​ជាតិ​ទាំងមូល​ដែល​កំពុង​សាងសង់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​រួម​ជាមួយ​គណៈកម្មការ​សាងសង់ និង​ក្រុម​វិស្វករ​ចិន ដើម្បី​រៀបចំ​ពិធី​សម្ពោធ​ការដំឡើង​កៅអី​អង្គុយ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ជា​ការសាងសង់​ដំណាក់កាល​ទី​ ២​។

នៅក្នុង​ពិធី​នោះ​លោក ថោង ខុន បាន​ថ្លែង​ថា​៖ «​តាំងពី​ការចាប់ផ្តើម​សាងសង់​បាន​ ១៦ ​ខែ​គឺ​នេះ​ជា​ដំណាក់កាល​ ១ ​ទៀត​ដែល​ក្រុមហ៊ុន​សាងសង់ និង​តំណាង​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​រៀបចំ​ពិធី​អបអរសាទរ​ការ​ផ្គុំ​កៅអី​ដើម្បី​ជា​និមិត្តរូប​នៃ​ការលេចចេញ​រូបរាង​របស់​ពហុកីឡដ្ឋាន​ធំ​មរតក​តេជោ​តែ​ម្តង ចំណែក​ការសាងសង​ទាំង​មូល​បាន​ ៤០ ​ភាគរយ​ហើយ ហើយ​ស្តាត​ធំ​នេះ​នឹង​បញ្ចប់​ចុង​ឆ្នាំ​ ២០២០»​។

គួររំឭក​ថា​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នេះ​បាន​អនុម័ត​ឲ្យ​សាងសង់​តាំងពី​ថ្ងៃទី​ ២០ ខែ​មេសា ឆ្នាំ​ ២០១៦ ដែល​ចែកចេញ​ជា​ ៣ ​ដំណាក់កាល​ហើយ​ការកសាង​ដំណាក់កាល​ទី​ ២ ​នេះ​គឺ​បន្ទាប់ពី​ដំណាក់កាល​ទី​ ១ ដែល​មាន​ទីលាន​ហែល​ទឹក និង​ទីលាន​កីឡា​ក្នុង​សាល​ព្រម​ទាំង​អគារ​ស្នាក់នៅ​របស់​កីឡាករ កីឡាការិនី បាន​កសាង​រួច និង​បាន​បញ្ចប់​កាលពី​ឆ្នាំ​ ២០១៧​។

តាម​ការគ្រោងទុក​ការកសាង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដំណាក់កាល​ទី​ ២ ​នេះ​នឹង​ប្រើពេល​ ៣ ​ឆ្នាំ​កន្លះ ទើប​រួចរាល់​ជា​ស្ថាពរ ហើយ​បន្ទាប់ពី​ចប់​ដំណាក់កាល​ទី​ ២ នឹង​បន្ត​ដំណាក់កាល​ទី​ ៣ ដែល​ផ្តោត​ទៅ​លើ​ទីលាន​កីឡា​ផ្សេងៗ​ទៀត​ដែល​នៅ​សេសសល់​ដោយ​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២០​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ឲ្យ​ដឹងថា​៖ «​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ចាប់ផ្តើម​រៀបចំ​ដាក់​កៅអី​អង្គុយ​ហើយ​គឺជា​ដំណាក់កាល​ទី​ ២ ដែល​មាន​ការត្រួតពិនិត្យ​ក្នុង​ពិធី​ដើម្បី​ដាក់​កៅអី​ជា​និមិត្តរូប​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ (Main Stadium) ដោយ​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ជាង​ ៦ ​ម៉ឺន​នាក់​ឯណោះ ហើយ​លក្ខណ​ពិសេស​គឺ​បើ​មាន​ករណី​ចាំបាច់ ឬ​គ្រោះអាសន្ន​ណាមួយ​នោះ ពហុកីឡដ្ឋាន​នេះ​អាច​ជម្លៀស​អ្នកចូលរួម​ទាំងនោះ​ត្រឹម​រយៈពេល​ខ្លី ៧ ​នាទី​ប៉ុណ្ណោះ​»​។

ទាក់ទង​ទៅ​នឹង​ការដំឡើង​កៅអី​នេះ​ដែរ​ក្រុម​វិស្វករ​ចិន​បាន​អះអាង​ថា​ការ​ផ្គុំ​កៅអី​ទាំងអស់​មាន​ចំនួន​ជាង​ ៧ ​ពាន់​ហើយ​ការដំឡើង​ផ្គុំ​កៅអី​នីមួយៗ​មាន​ភាពលម្អៀង បូក ឬ​ដក​ ២ ​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​គឺ​ការសាងសង់​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​បំផុត ពិសេស​ការផ្គុំ​កៅអី​នេះ​មាន​សភាព​រលោង រចនា​ឡើង​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ចិន និង​មាន​បំពាក់ QR កូដ ដើម្បី​ត្រួតពិនិត្យ​ពី​គុណភាព​កៅអី​ទៀត​ផង​។

លោក ថោង ខុន បាន​ថ្លែង​បន្ថែម​ថា​៖ «​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​កំពុង​សាងសង់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឬ Sea Games លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពហុកីឡដ្ឋាន​នេះ​មាន​កម្រិត​ស្តង់ដារ​ទំនើប​ប្រើប្រាស់​ដោយ​មធ្យោបាយ​បច្ចេកទេស​ខ្ពស់​មាន​ផាសុកភាព​ព្រម​ទាំង​ជា​តំបន់​កីឡដ្ឋាន​មាន​បរិស្ថាន​ពណ៌​បៃតង​ផង​ដែរ ហើយ​តាង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ថ្លែង​អំណរគុណ និង​សូម​កោតសរសើរ​ចំពោះ​ការសាងសង់​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​របស់​មិត្ត​ចិន​»៕