ភ្នំពេញ៖ ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពាក់​កណ្តាល​អាជីព​ធំ​ជាង​គេ​នៅ​កម្ពុជា KMH ដែល​មាន​ព្រឹត្តិការណ៍ ​៣ រួម​បញ្ចូល​គ្នា គឺ KMH Champions League, KMH Cup និង KMH Super Cup នោះ បាន​ប្រកាស​ពី​ការ​ត្រៀម​បើក​រដូវកាល​ថ្មី ឆ្នាំ ​២០១៩-២០២០ ​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ខណៈ​​រូបមន្ត​ប្រកួត​ត្រូវ​បាន​កែប្រែ ដើម្បី​កាត់​បន្ថយ​រយៈពេល​នៃ​ការ​ប្រកួត​ឲ្យ​កាន់​តែ​ខ្លី និង​កាន់​តែ​ទាក់​ទាញ។

តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​លើក​ឡើង នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ពាន​ធំ KMH Champions League នឹង​មាន ៣២ ​ក្រុម​ឲ្យ​ចូលរួម​ការ​ប្រកួត ដូច​​រដូវកាល​មុន​ដែរ ដោយ​ចែក​ការ​ប្រកួត​ជា ​៨ ​ពូល ប៉ុន្តែ​ក្នុង​វគ្គ​​ជម្រុះ​តាម​ពូល​វគ្គ​​ទី ​១ ដែល​ធ្លាប់​ធ្វើ ​២ ជើង​នោះ ត្រូវ​ប្តូរ​មក​ធ្វើ​ត្រឹម ​១ ជើង​វិញ។

ចំណែក​ក្រុម​បាន​លេខ ​១ និង​លេខ ​២ តាម​ពូល​ទាំង ​៨ សរុប ​១៦ ​ក្រុម នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ទី ​២ ដោយ​ចែក​ការ​ប្រកួត​ជា ៤ ​ពូល ដោយ​លេង ​២ ជើង រួច​យក​ក្រុម​លេខ ​១ និង​លេខ ​២ តាម​ពូល​ទាំង ​៤ សរុប ​៨​ក្រុម ឡើង​ទៅ​ប្រកួត ​២ ជើង ក្នុង​វគ្គទី ​៣ តាម​រូបមន្ត​ចាញ់​ធ្លាក់ៗ ហើយ​ក្រុម​ឈ្នះ ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ (លេង ២ ជើង) និង​វគ្គ​ផ្តាច់​ព្រ័ត្រ (លេង ​១ ជើង) ដើម្បី​ស្វែង​រក​ក្រុម​ម្ចាស់​ជើងឯក ខណៈ​ពាន​នេះ​នឹង​ចាប់​ផ្តើម​លេង​ពី​ថ្ងៃទី ​១១ ខែ​មករា ដល់​ថ្ងៃទី ​២៣ ខែ​ឧសភា ឆ្នាំ ​២០២០។

ចំណែក​ពាន KMH Super Cup ​​គ្រោង​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​មុន​គេ គឺ​ពី​ថ្ងៃទី ​២២ ខែ ​វិច្ឆិកា ដល់​ថ្ងៃទី ​១៥ ខែ ធ្នូ ឆ្នាំ ​២០១៩ ហើយ​ពាន​មួយ​នេះ ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ដោយសារ​ក្រុម​ចំនួន ​១០ ដែល​នឹង​ត្រូវ​ចូលរួម គឺ​សុទ្ធ​តែ​ក្រុម​ជើងឯក មក​ពី​តាម​បណ្តា​ពាន​ក្នុង​ស្រុក និង​ក្រុម All Stars ចម្រុះ​ដោយ​ជន​បរទេស​រស់នៅ​កម្ពុជា។ ​

ចំណែក​រូបមន្ត ​គឺ​ក្រុម​ទាំង ​១០ ​នេះ នឹង​បែង​ចែក​ជា ​២ ​ពូល រួច​យក​លេខ ១ និង​លេខ ​២ ​តាម​ពូល​ទាំង ​២ ទៅ​ប្រកួត ខ្វែង យក​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រ​។

ដោយ​ឡែក​សម្រាប់​ពាន KMH Cup ដែល​ជា​ពាន​សម្រាប់​ក្រុម​យុវជន​នេះ ​ក៏​គ្រោង​យក​ ​១០ ​ក្រុម​ឲ្យ​ចូលរួម​ផង​ដែរ។ ​ក្រុម​ទាំង ​១០ ​នោះ នឹង​ត្រូវ​ចែក​ជា ​២ ​ពូល ដោយ​លេង ​២ ជើង ហើយ​ក្រុម​បាន​លេខ ​១ និង​លេខ ​២ តាម​ពូល​ទាំង ​២ ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា ២ ជើង នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ឈាន​ទៅ​ផ្តាច់​ព្រ័ត្រ (លេង ​១ ជើង) ខណៈ​ពាន​នេះ នឹង​ចាប់​ប្រកួត​ពី​ថ្ងៃទី ​១ ខែ កុម្ភៈ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ​២០២០។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ លោក កាំង សេន ស្ថាបនិក​ពាន KMH បាន​ថ្លែង​ថា៖ ​«ដោយសារ​តែ​ពេល​វេលា​នៃ​ការ​ប្រកួត​មាន​រយៈពេល​ខ្លី​ជាង​មុន អ៊ីចឹង​ការ​ប្រកួត នឹង​កាន់​តែ​មាន​ភាព​ស្វិតស្វាញ​ ហើយ​ក្រុម​ការងារ​របស់​យើង​ទាំង​អស់ អាច​​សន្យា​យ៉ាង​មោះមុត​ថា គុណភាព​យើង​នៅ​តែ​រក្សា​ដដែល ​គឺ​ការ​ប្រកួត​ប្រជែង ឬ​ការ​រៀបចំ​នៅ​តែ​ធានា​ថា មាន​គុណភាព​ល្អ ព្រោះ​​ក្រុម​ដែល​ចូលរួម មាន​សមត្ថភាព​កាន់​តែ​ឡើង ហើយ​សមត្ថភាព​នៃ​ការ​រៀបចំ​ពាន​របស់​យើង​ក៏​កាន់​តែ​ខ្ពស់ ហេតុ​នេះ​គុណភាព​នៃ​ការ​ប្រកួត​មិន​ធ្លាក់​ចុះ​ទេ គឺ​មាន​តែ​កើន​ឡើង»។ ​

សម្រាប់​ការ​ប្រកួត​ដែល​មាន​ការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន ISI Palm និង Pisnoka នេះ គឺ​ក្រុម​ម្ចាស់​ជើងឯក​ពាន KMH Champions League នឹង​បាន​ ១ ម៉ឺន​ដុល្លារ លេខ​ ២ បាន​ ៥ ពាន់ដុល្លារ លេខ ​៣ បាន​ ២ ៥០០ ដុល្លារ លេខ​ ៤ ​បាន ៧៥០ ​ដុល្លារ។

ឯ​ពាន KMH Cup និង​ពាន KMH Super Cup មាន​ប្រាក់​រង្វាន់​ដូច​គ្នា គឺ​លេខ​ ១ បាន​ ៤ ពាន់​ដុល្លារ លេខ​ ២ ​បាន​ ២ ពាន់ដុល្លារ លេខ​ ៣ ​បាន​ ១ ពាន់​ដុល្លារ លេខ​ ៤ ​បាន​ ៥០០​ ដុល្លារ ព្រម​ទាំង​ប្រាក់​រង្វាន់​សម្រាប់​ក្រុម Fair play អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ និង​អ្នក​ចាំទី​ល្អ​ជាង​គេ​ប្រចាំ​ពាន​នីមួយៗ​ផង​ដែរ៕