The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពានរង្វាន់​​សម្តេច សុខ អាន ចាប់ផ្តើម​ប្រកួត រក​អ្នក​ឆ្នើម​ខាង​ប៉េតង់ ត្រៀមឆ្ពោះ​ទៅស៊ីហ្គេម

ពានរង្វាន់​​សម្តេច សុខ អាន ចាប់ផ្តើម​ប្រកួត រក​អ្នក​ឆ្នើម​ខាង​ប៉េតង់ ត្រៀមឆ្ពោះ​ទៅស៊ីហ្គេម

Content image - Phnom Penh Post
លោក ស សុខា បាន​បោះប៊ូល ដើម្បីជា​និមិត្តរូប នៅ​ក្នុង​ពិធី​បើកការ​ប្រកួតកីឡា​ប៉េតង់​ពានរង្វាន់​សម្តេចវិបុល​បញ្ញា សុខ អាន ​ប្រចាំ​ឆ្នាំ​២០១៩ កាល​ពី​ព្រឹក​ថ្ងៃសុក្រនេះ។ រូប​ថត ឈន ណន

ពានរង្វាន់​​សម្តេច សុខ អាន ចាប់ផ្តើម​ប្រកួត រក​អ្នក​ឆ្នើម​ខាង​ប៉េតង់ ត្រៀមឆ្ពោះ​ទៅស៊ីហ្គេម

ភ្នំពេញ៖ កីឡាករ កីឡាការិនី​ និងប្រតិភូ​កីឡាសរុបចំនួន​ ​៣៦៧​ នាក់ បាន​នឹងកំពុង​ប្រើ​ប្រាស់​សមត្ថ​ភាព​របស់​ខ្លួន ប្រកួតប្រជែង​គ្នា នៅ​ទី​លានកីឡា​ប៉េតង់ពហុកីឡដ្ឋាន​ជាតិ ដើម្បីដណ្តើម​យក​​​ជយលាភី​ជូន​ក្លិប-សមាគម និងខេត្ត​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួតកីឡា​ប៉េតង់​ពានរង្វាន់​សម្តេចវិបុល​បញ្ញា សុខ អាន លើក​ទី​ ៧ ឆ្នាំ ​២០១៩។

ជាមួយ​គ្នា លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និងប៉េតង់​កម្ពុជា ដែល​បាន​ចូល​រួមនៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត កាល​ពីព្រឹក​ថ្ងៃ​សុក្រនេះ បានចាត់​ទុក​ការ​ប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​សម្តេចវិបុល​បញ្ញា សុខ អាន នេះ ថាជា​ពេល​​ដែល​សហព័ន្ធត្រូវជ្រើស​រើស​អត្តពលិកមាន​ទេពកោសល្យ និងសមត្ថ​ភាពយក​ទៅ​បង្វឹក​បន្ថែម ដើម្បីត្រៀម​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជាម្ចាស់​ផ្ទះ។

លោក ស សុខា ដែល​ជា​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ផងនោះ បាន​ថ្លែងថា៖​«យើង​ប្រើការ​ប្រកួតនេះ ដើម្បីជ្រើស​រើស​កីឡាករ កីឡាការិនី ដែល​មាន​សមត្ថ​ភាព និងគុណ​ភាព​ល្អ ដើម្បីសម្រួច​ខ្លួនយើងឆ្ពោះ​ទៅកាន់ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​ ២០២៣ ព្រោះ​បើ​យើ​ង​មិន​សម្រួចពីឥឡូវនេះទេ គឺ​ធានា ១០០ ​ភាគរយ​ ថា យើងនឹង​ដើរ​ក្រោយគេហើយ»។

Content image - Phnom Penh Post

លោក​បាន​ថ្លែង​បន្ថែម​ថា៖ ​«ប្រទេសជិតខាង​របស់យើង គឺ​ពេល​គេ​មក​ប្រកួត​នៅ​លើទឹក​ដី​យើង គឺគេតែងតែ​​ចង់​ឈ្នះ​​ម្ចាស់​ផ្ទះហើយ អ៊ីចឹង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះនេះ មែន​ទែន​ទៅ មានសម្ពាធខ្លាំង​ណាស់ ហើយ​យើងក៏​ត្រូវ​​ពង្រឹងសតិ​អារម្មណ៍ ដើម្បី​កុំ​ឲ្យ​អត្តពលិករបស់​យើង មានការ​បែកអារម្មណ៍ នៅ​ក្នុងការ​ប្រកួត ដែល​មាន​អ្នកទស្សនា​ច្រើនចូល​រួម​គាំ​ទ្រ​ច្រើន ផងដែរ»។

អត្តពលិក និង​ប្រតិ​ភូកីឡា​ទាំង​ ៣៦៧ នាក់​ខាង​លើ​នេះ បាន​ចាប់​ផ្តើម​ប្រកួត​ប្រជែង​គ្នា កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ នឹង​គ្រោង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ ហើយ​អ្នក​ទាំង​នេះ លេង​តំណាង​ឲ្យ​ក្លិប-សមាគម​ចំនួន ៣៧ មក​ពី​ជុំ​វិញ​ប្រទេស​ កម្ពុជា។

ចំណែក​វិញ្ញាសា ដែល​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​ពាន​រង្វាន់​មួយ​នេះ មាន​ការ​ ៣ ​នាក់ ទល់​ ៣​ នាក់ ទាំង​បុរស-នារី ប្រកួត​ ២ នាក់ ទល់ ​២ ​នាក់ ​ផ្នែក​នារី​អាយុក្រោម​ ១៨ ​ឆ្នាំ ប្រកួត ​៣ ​នាក់ ទល់ ​៣ ​នាក់ ផ្នែកបុរស​អាយុក្រោម ១៨ ឆ្នាំ ការ​ប្រកួត​ពានវ័យចាស់ ៣ នាក់ ​ទល់ ​៣ នាក់ អាយុ ​៥៥ ​ឆ្នាំ​ឡើង​ទៅ ព្រម​ទាំង​ការប្រកួត​ពាន​សមាគម សម្រាប់​ក្រុម​ដែល​ពុំ​បាន​ជាប់​ចំណាត់​ថ្នាក់​ពី​លេខ ​១ ដល់​លេខ​ ៨ លើ​វិញ្ញាសា ​៣ ​នាក់​ទល់ ​៣ ​នាក់​ផ្នែក​បុរស។

Content image - Phnom Penh Post

ទាក់ទងទៅនឹងចំនួនអត្តពលិក ដែលបាន​ចូលរួម​ប្រកួតប្រជែង នៅ​ឆ្នាំនេះ លោក ស សុខា បាន​បញ្ជាក់​ថា៖ ​«យើង​គិត​ថា ចំនួន​អ្នក​ចូលរួមប៉ុណ្ណឹង វា​សមរម្យ​ ដែល​យើងអាច​ទទួល​​យក​បានហើយ ប៉ុន្តែខ្ញុំ​គិត​ថា ទៅមុខ​ទៀត នឹងមាន​ការ​ផុសផុលនៅ​តាមខេត្ត​ ហើយតាមរយៈ​ការ​ប្រជុំ​ផ្ទៃ​ក្នុង​របស់សហព័ន្ធ គឺ​យើង​អាច​ជ្រើស​រើស​ចន្លោះពី​ ៤ ​ទៅ ​៥ ​ខេត្តសិន ដើម្បី​បង្កើតការ​បណ្តុះ​បណ្តាល​ជា​ថ្នាល នៅតាម​បណ្តា​ខេត្ត ដោយ​​យើង​នឹងប្រគល់ទាំង​ថវិកា និង​សម្ភារ​មួយ​ចំនួន ធ្វើ​ម៉េច​​បណ្តុះ​បណ្តាលឲ្យ​​កីឡា​ប៊ូល និងប៉េតង់របស់យើង មាន​ភាភរីក​ចម្រើន»៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍