ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពាន​អន្តរជាតិ «កំពូល អ្នក​ប្រដាល់​កណ្តាប់​ដៃ​ដែក ISI PAlM» ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម នឹង​ចាប់ផ្តើម​ប្រកួត​សន្សំ​ពិន្ទុ នៅ​លើ​សង្វៀន CNC នា​រសៀល​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ ដោយ​ក្នុង​នោះ​កីឡាករ​កម្ពុជា ឆៃ សារ៉ា ត្រូវ​ប៉ះ​ឡាវ ឯ ពុទ្ធ ឆាយ​រិទ្ធី ត្រូវ​ជួប​ជើង​ខ្លាំង​របស់​ថៃ។ រីឯ ឡុង សំណាង និង វេង សុភ័ក្រ ក៏ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​យក​ប្រាក់​លាន ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ នា​ល្ងាច​ថ្ងៃ​សៅរ៍ លើ​សង្វៀន​នេះ​ដែរ។

ការប្រកួត​សន្សំ​ពិន្ទុ​សប្តាហ៍​ទី ១ នេះ ឆៃ សារ៉ា ត្រូវ​ជួប​អ្នក​ប្រដាល់​របស់​ឡាវ Phanchai ដែល​មាន​កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់​ប្រកួត ៧០ ដង ឈ្នះ ៥៥ ចាញ់ ១២ និង​ស្មើ ៣ ដង។ ប្រវត្តិ​នេះ គឺ​តិច​ជាង​កីឡាករ​កម្ពស់ ១,៧០ ម៉ែត្រ ឆៃ សារ៉ា ដែល​ធ្លាប់​ប្រកួត​បាន ៨៣ ដង ឈ្នះ ៦២ ចាញ់ ១៩ និង​ស្មើ ២ ដង។

យ៉ាងណា​ក៏ដោយ លោក ធន់ សុភា ដែល​ជា​គ្រូបង្វឹក​របស់ ឆៃ សារ៉ា បាន​ប្រាប់ កាល​ពី​ថ្ងៃ​ពុធ​ថា ការ​ហ្វឹក​ហាត់​របស់ សារ៉ា មិន​សូវ​បាន​ល្អ​ទេ។ អតីត​កីឡាករ​ជើង​ខ្លាំង​រូបនេះ បាន​បញ្ជាក់​ថា៖ «ឆៃ សារ៉ា អត់​សូវ​ឃើញ​មក​ហាត់​ទេ! ខ្ញុំ​បាន Call ហៅ​គេ​ឲ្យ​មក​ហាត់​ដែរ ប៉ុន្តែ​ដោយសារ​គេ​ទើប​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ ទើប​គេ​នៅ​ឈឺ​សាច់ មិន​ទាន់​បាន​មក​ហ្វឹកហាត់»។

លោក ធន់ សុភា បាន​បន្ថែមថា៖ «ការ​បាន​ឡើង​ប្រកួត​រាល់​សប្តាហ៍ អាច​នឹង​ជួយ​ឲ្យ ឆៃ សារ៉ា មាន​ស្ទុះ​លឿន ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ គឺ​វា​អាស្រ័យ​ទៅ​លើ​គេ​ផ្ទាល់ ថា​រូបគេ​នឹង​ប្រឹងប្រែង​ការ​ប្រកួត​បាន​កម្រិត​ណា? ព្រោះ​ការ​ហ្វឹកហាត់ មិន​បាន គ្រប់​គ្រាន់ វា​អាច​នឹង​ឲ្យ​រូបគេ​មាន​កម្លាំង​មិន​ពេញ ក៏​ថា​បាន ហើយ​គូ​ប្រកួត​របស់​គេ ក៏មាន​សមត្ថភាព​មិន​អន់​នោះ​ដែរ»។

ចំណែក​កីឡាករ​ជើងចាស់ ពុទ្ធ ឆាយ​រិទ្ធី ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Neungtrakan។ ឆាយ​រិទ្ធី ចាញ់​ប្រៀប​ថៃ​ម្នាក់​នេះ​ទាំង​កម្ពស់ និង​បទពិសោធ​ប្រកួត ដោយ​ក្នុង​នោះ ឆាយ​រិទ្ធី មាន​កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់​ប្រកួត​បាន ៨៦ ដង ឈ្នះ ៦០ ចាញ់ ២៣ និង​ស្មើ ៣ ហើយ Neungtrakan មាន​កម្ពស់ ១,៧២ ម៉ែត្រ ធ្លាប់​ប្រកួត ១១០ ដង ឈ្នះ ៩០ ចាញ់ ១៥ និង​ស្មើ ៥ ដង។

ជាមួយនឹង​ការ​ចាញ់​ប្រៀប​នេះ ពុទ្ធ ឆាយ​រិទ្ធី របស់​ក្លិប​ពុទ្ធសេរី​វង្សេ​ពោធិ៍​សែន​ជ័យ អាច​នឹង​ជួប​ការ​លំបាក​ច្រើន ក្នុងការ​ស្វែងរក ៣ ពិន្ទុ ព្រោះ Neungtrakan ជា​កីឡាករ​ដែល​មាន​ក្បាច់​សម្លាប់​ល្អ ហើយ​គេ​ក៏​ធ្លាប់​ឈ្នះ​ចាញ់​ជាមួយ​ម្ចាស់​មេដាយ​មាស ឃីម ឌីម៉ា នៅ​លើ​សង្វៀន CNC នេះ​ផងដែរ។

ដោយឡែក​កីឡាករ​កម្ពុជា ឡុង សំណាង និង វេង សុភ័ក្រ ត្រូវបាន​ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ជាមួយ​កីឡាករ​ថៃ ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម ដើម្បី​ដណ្តើម​យក​ប្រាក់​លាន ក្នុង​កម្មវិធី​គោ​ជល់ នា​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​ក្នុង​នោះ ឡុង សំណាង ត្រូវ​ជួប Phitnoy ដែល​ធ្លាប់​ប្រកួត ៧៤ ដង ឈ្នះ ៥៦ ចាញ់ ១២ និង​ស្មើ ៣ ដង ហើយ វេ​ង សុភ័ក្រ ត្រូវ​ប៉ះ Maisut ដែល​ធ្លាប់​ប្រកួត ៨៤ ដង ឈ្នះ ៦២ ចាញ់ ១៩ និង​ស្មើ ៣ដង។

នៅក្នុង​វគ្គ​ជម្រុះ​នេះ មានការ​ប្រកួត​តែ ៣ ទឹក​ទេ ដោយ ១ ទឹក​មាន ៣ នាទី ហើយ​អ្នក​ឈ្នះ​ពី​ការ​ប្រកួត​វគ្គ​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​តែម្តង ដោយ​ការ​ប្រកួត​មាន ៥ ទឹក ( ១ ទឹក​មាន ២ នាទី) ដើម្បី​រក​អ្នក​ឈ្នះ ដែល​ត្រូវ​ទទួល​បាន​ទឹកប្រាក់​ចំនួន ៤ លាន​រៀល និង​អ្នកចាញ់​ទទួល​បាន​ប្រាក់​រង្វាន់ ២ លាន​រៀល​ផងដែរ ពី​ព្រឹត្តិការណ៍​នេះ៕