ភ្នំពេញ៖ ព្រឹត្តិ​ការណ៍​បាល់​ទាត់​កុមារា​ កុមារី​ AIA​-​ISF​ Youth ​League ឆ្នាំ​​ ២០១៨​-​២០១៩ នៃ​អង្គការ​ផ្កាយ​សមុទ្រ (​ISF) ​លើ​ទីលាន​វាល​ស្មៅ​នៅ​ឯ​ឃុំ​ព្រះ​ធាតុ​ ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ បាន​បិទ​បញ្ចប់​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល ​រយៈ​ពេល​ជិត​៦​ខែ​កន្លង​មក​ និ​ង​មាន​ក្រុម​ចំនួន​១០០ បាន​ចូល​រួម​​ប្រកួតប្រជែងគ្នា។

​ទាក់​ទង​នឹង​ការ​ប្រកួត​នេះ លោក​ យិន ​សាមឌី​ មន្ត្រី​សម្រប​សម្រួល​ និង​ទំនាក់​ទំនង​ព័ត៌មាន​នៃ​អង្គការ​ផ្កាយ​សមុទ្រ​ បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ ​«អង្គការ​ផ្កាយ​សមុទ្រ ​ដែល​ផ្តោត​សកម្មភាព​អប់​រំ​កាយ ​និង​កីឡា​បាល់​ទាត់​ សម្រាប់​ក្មេង​ៗ​ គ្មាន​ទីពឹង​ ដោយ​សហការ​ជា​មួយ​ដៃ​គូ​នៃ​សមាគម​អង្គការ​ផ្សេង​ទៀត​ មាន​សាលារៀន​រដ្ឋ​ និង​សាលា​ឯក​ជននោះ ​បាន​ប្រមូល​ផ្តុំ​​​កុមារា​កុមារី​ ឲ្យ​ចូល​មក​ហ្វឹក​ហាត់​​កីឡា ក្នុង​គោល​បំណង​តម្រង់​ទិស​ឲ្យ​ពួក​គេ ​បាន​ទៅ​ចាប់​យក​វិជ្ជាជីវៈ​បាល់​ទាត់​ជា​អាជីព»​។​

គួរ​បញ្ជាក់​ថា ​ការ​ប្រកួតបាល់​ទាត់ AIA​-​ISF​ Youth ​League ឆ្នាំ​ ​២០១៨​-​២០១៩​ ត្រូវ​បាន​ធ្វើ​ឡើង ​ក្រោម​​ការ​ឧបត្ថម្ភ​​ទាំង​ស្រុង​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ AIA​ នោះ ហើយ​ព្រឹត្តិការណ៍​នេះ ​បាន​ចាប់​ផ្តើម​ប្រ​កួត​ជម្រុះ​ តាំង​ពី​ខែ​ធ្នូ ឆ្នាំ​​២០១៨ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​១០០។ ក្រុម​ទាំង​​នោះ ​ត្រូវ​បាន​​បែង​ចែក​​ការ​ប្រកួត ​ទៅ​តាម​ប្រភេទ​អាយុ​ ដែល​សរុបមាន​​អត្តពលិក​​​១​៥០០​នាក់ ​មក​ពី​​អង្គ​ការ​សាលា​រៀន​ជា​ដៃ​គូ​របស់ ISF នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​។

តាម​រយៈការ​ប្រកួត​ជាច្រើន​ខែ​មក​នេះ គណៈកម្មការ បាន​ជម្រុះ​រក​ឃើញ​ក្រុមខ្លាំង​​ចំនួន​២០ ​ឡើងមក​​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​អាទិត្យ​ កន្លងមក​នេះ ហើយ​ជា​លទ្ធផល ​ក្រុម​ Chratok ​FC ​បាន​យក​ឈ្នះ​ក្រុម COLT ៤-១ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក លើ​ការ​ប្រកួត​អាយុ​ក្រោម​១៤​ឆ្នាំ​។

រូបភាព សហការី

ចំណែក ក្រុម​មក​ពី​អង្គការ ​PSE បាន​​ឈ្នះ​ក្រុម​ ​ISF​ SMC​ ក្នុង​ពិន្ទុ ​៣​-​២ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​១ ផ្នែក​​កុមារា​អាយុ​១៨​ឆ្នាំ​ចុះ​​។ រីឯ​​ចំណាត់​ថ្នាក់​លេខ​១​​ផ្នែក​​កុមារី​អាយុ​ក្រោម​១៨​ឆ្នាំ ​បាន​ទៅ​លើ​ក្រុម ​Chibodia ​ក្រោយ​ពួកគេ​បាន​ឈ្នះ​​ក្រុម ​Hapy​chandara​ ​២​-​១​ ហើយ​​ក្រុម​ PSE បាន​​ឈ្នះ​ក្រុម ​Samrong Priry school ៦​-១​ ដើម្បី​​ក្លាយជា​ម្ចាសដ់​ជើង​ឯក​ផ្នែក​កុមារី​អាយុ​១៤​ឆ្នាំ។​​

យ៉ាង​ណា​ក៏​ដោយ លោក ​យិន​ សាមឌី​ ដែល​ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រ​កួត​ផង​នោះ បាន​លើក​ឡើង​ថា ការ​ប្រកួតនេះ មិន​ផ្តោត​សំខាន់​ទៅ​លើ​លទ្ធផល​ប៉ុន្មាន​ទេ។ លោក​​បាន​បញ្ជាក់​ថា​៖​«​ការ​ប្រ​កួតនេះ ​ជា​លក្ខណៈ​បណ្តុះ​បណ្តាល​ និង​អប់​រំ ​មិន​មែន​សម្រួច​ខ្លាំង​ទៅ​លើ​ចំណាត់​ថ្នាក់​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​ប្រាក់​រង្វាន់​អ្វី​ដែរ ​គឺ​មាន​តែ​សម្ភារៈ​កីឡា ​លើក​ទឹក​ចិត្ត​ ដល់​ពួក​គេ»។​

ចំណែកនាយិការ​ ជួប​ វិច្ឆិកា​ អ្នក​គ្រប់​គ្រង​រួមនៃ​​កម្ម​វិធី​អង្គ​ការ​ផ្កាយ​សមុទ្រ​ ​បាន​ប្រាប់​​ថា​អង្គការ​ផ្កាយ​សមុទ្រ ​ISF​ បាន​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភាព​តាំង​ពី​ឆ្នាំ ​២០០៦​ ក្នុង​រូប​ភាព​តូច​តាច ​ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​ អង្គការ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង ​ពី​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ឧបត្ថម្ភ​ថវិកា​ សម្រាប់​ដំណើរ​ការ​បាន​ពេញ​លេញ​ក្នុង​រដូវ​កាល​នេះ។

ជួប វិច្ឆិកា បាន​បន្ថែម​ថា៖​ «ជា​មួយ​គ្នា​នេះ ​អង្គការ​បាន​ផ្តល់​ឲ្យ​កុមារា​ កុមារី​ ដែល​ក្រី​ក្រ​គ្មាន​ទី​ពឹង​ ​មាន​លទ្ធភាព​ចូល​សាលា​រៀន ​និង​ទទួល​ឱកាស​បាន​ចូល​លេង​បាល់​ទាត់​ ដើម្បី​តម្រង់​ទិស​ឲ្យ​ពួក​គាត់ ​ឈាន​ទៅ​កាន់​អ្នក​លេង​ជា​លក្ខណៈ​អាជីព​ ហើយ​​ឆ្នាំ​នេះ​ យើងបាន​​ផ្តល់​ជូន​នូវ​ការ​​បណ្តុះ​បណ្តាល​អប់​រំ​បាល់​ទាត់​ផ្ទាល់​ ដល់​កុមារា​កុមារី​ បាន​ចំនួន​៣០០០​នាក់​ និង​ផ្តល់​ជូន​ជា​ប្រ​យោល​ចំនួន​២០០០​នាក់»​។​

រូបភាព សហការី

ជាមួយ​គ្នា​នេះ លោក​ បញ្ញា​ តំណាង​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ AIA ​​បាន​និយាយ​ថា​៖ «​ព្រឹត្តិការណ៍​បាល់​ទាត់​AIA​-​ISF​ Youth ​League ឈ្នះ​​២០១៨​-​២០១៩​នេះ ​គឺ​ជា​ការ​តម្រង់​ឧបនិស្ស័យ​របស់​ក្មេងៗ​ ដើម្បីជួយ​ឲ្យ​ពួក​គេ អាច​ចាប់​យក​ជំនាញ​បាល់​ទាត់​។ ​ក្នុង​នោះ​ដែរខាង​ក្រុម​ហ៊ុន ​មាន​ទស្សនៈ​វិស័យ​ផ្តោត​ទៅ​លើ​កុមារ​ និង​ជួយ​ទៅ​លើ​កីឡា​កម្រិត​ថ្នាល ​ដែល​មិន​មែន​អាជីព​ ហើយ​​ជា​និច្ច​​កាល​ AIA ​នៅ​តែ​មាន​សកម្មភាព​ក្នុង​ព្រឹត្តិការ​ណ៍​លក្ខណៈ​មហា​ជន ​មិន​មែន​អាជីព ​ដែល​មាន​ការ​ចូល​រួម​ច្រើន»​៕