ភ្នំពេញ៖ ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ខ្សែ​ក្រវាត់​ ​TV5 Boxing Knock-Out Serie រដូវកាល​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​​ថ្ងៃ​សៅរ៍​​ចុង​សប្តាហ៍​នេះ ​ដោយ​​គ្រោង​ធ្វើ​រយៈពេល ​១៨ ​សប្តាហ៍ ​ហើយ​ត្រូវ​ដំឡើង​ប្រភេទ​ទម្ងន់​ដល់ ​៦៣,៥ ​គីឡូក្រាម ​ប៉ុន្តែ​​អ្នក​រៀបចំ​កម្មវិធី​មិន​ទាន់​ទម្លាយ​សមាសភាព​កីឡាករ​ទាំង ​៣២ ​នាក់ ​នៅ​ឡើយ​ទេ ​ដោយសារ​តែ​លំបាក​ស្វែងរក​កីឡាករ​មក​ពី​ក្លិប​ផ្សេងៗ​​ នៅ​ទូទាំង​ប្រទេស ​កម្ពុជា ឲ្យ​គ្រប់​តាម​ការ​កំណត់​ចំនួន​ ​៣២ ​នាក់​។​

មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ដែល​កាន់​កម្មវិធី​ប្រចាំ​សប្តាហ៍​ លោក ​និន ​វ៉ាន់ដា​ ​បាន​​ប្រាប់​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ថា​៖​ ​«គិត​មក​ដល់​ម៉ោង​នេះ ​ខាង​សង្វៀន ​TV5​ Boxing ​Knock Out Serie ​មិន​ទាន់​មាន​សមាសភាព​កីឡាករ​ត្រៀម​ចំនួន ​៣២ ​នាក់​នេះ ​ដូច​រដូវ​កាល​មុនៗ​នៅ​ឡើយ​ ​ព្រោះ​អាច​មក​ពី​ខ្វះ​កីឡាករ​ ចំណែក​រូបមន្ដ​​ប្រកួត​គឺ​ធ្វើ​ដូច​លើក​មុនៗ​ដែរ​»។

សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​នេះ បេក្ខភាព​​ទាំង ​៣២ ​នាក់ នឹង​ត្រូវ​ប្រកួត​គ្នា តាម​រូបមន្ត​ចាញ់​ធ្លាក់ៗ មាន​ន័យ​ថា កីឡាករ​​ចាញ់ ​គឺ​ធ្លាក់​​ចេញ​ពី​ការ​ប្រកួត ​ហើយ​អ្នក​ឈ្នះ ​នឹង​ឡើង​ទៅ​ប្រកួត​វគ្គ ​១៦ នាក់ រួច​បន្ត​យក​ឈ្នះ​ ឡើង​ទៅ​កាន់​​វគ្គ ​៨ នាក់ ហើយ​បន្ត​យក​ឈ្នះ​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ប្រាក់​រង្វាន់​ដូច​រដូវកាល​មុនៗ​ដែរ ​គឺ​ម្ចាស់​​ជើងឯក បាន​ ​៤ ០០០ ​ដុល្លារ។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​ជម្រុះ​សប្តាហ៍​ទី ​១ ​​នេះ ​អ្នក​ប្រដាល់​ជម្រើស​ជាតិ​ថ្នាល​ចិត្រ ​សុភី​ ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​​ប្រកួត​ជាមួយ​ជើង​ថ្មី​ នួន ​រ៉ាថេប​ ក្លិបតាឯក​ដំបង​ដែក​មានរិទ្ធ​។ ​សុភី ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ហើយ​​គេ​ឆ្លង​ផុត​បាន​តែ ១ ​ជុំ​ប៉ុណ្ណោះ​ ក៏​ត្រូវ​ធ្លាក់​ចេញ ​ប៉ុន្តែ​ការ​ឡើង​ទម្ងន់​មក​វ៉ៃ​ជាមួយ​ រ៉ាថេប ​គឺ​អាច​នឹង​ស៊ី​ផុយ​ ​ព្រោះ​សមត្ថភាព​របស់​ ចិត្រ ​សុភី ​ល្អ​ជាង​ដាច់ ​ព្រោះ នួន រ៉ាថេប ​ជា​អ្នក​ប្រដាល់​ ដែល​គ្មាន​ស្នៀត​អ្វី​ច្បាស់​លាស់​គួរ​ឲ្យ​ខ្លាច​ដែរ​។

លោក ​ហេង ​ប៊ុន​ឃីម ​គ្រូ​បង្វឹក​ ចិត្រ​ សុភី​ បាន​អះអាង​ថា​៖ ​«ជំនួប​វគ្គ​ទី ​១ ​នេះ ​សង្ឃឹម​ឈ្នះ ​១០០ ​ភាគរយ ​បាន​ឡើង​ទៅ​វគ្គ​»​។ ​សម្រាប់​គូ​ជម្រុះ​ដណ្តើម​ពាន​ទី ​២ ​តម្រូវ​ទៅ​លើ​កីឡាករ​ជើង​ថ្មី​ខាំ ​សាបាន ​ក្លិប​រ៉ាហាប់​ស្វាយប៉ាក​ ត្រូវ​ជួប​ ​ពុទ្ធ ​អុំអន់​ ​របស់​ក្លិប​ពុទ្ធសេរីវង្ស ​ដែល​ជា​ជើង​ថ្មី​ដូច​គ្នា​ មិន​មាន​នរណា​ដឹង​ថា ​គេ​មាន​របៀប​វ៉ៃ​យ៉ាង​ណា​ឡើយ​ តែ​ពួក​គេ​សុទ្ធ​តែ​អះអាង​ថា ​នឹង​ខិតខំ​ឆ្លង​ឲ្យ​ផុត​វគ្គ​ជម្រុះ​ជុំទី ១​។​​

ជាមួយ​គ្នា​នេះ​ គូ​លំដាប់​ឯក​ប្រចាំ​សប្តាហ៍ ​លក្ខណៈ​អន្តរជាតិ​ ​​ត្រូវ​ផ្តល់​ឲ្យ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ថៃ​ឈ្មោះ​ យ៉ត​ ចក្រភព ​​ប៉ះ​ជាមួយ​ ​យុគ ​យក្ស​ផ្លែ​ ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​។ លោក​ ឡុង ​ស៊ីលីន ​ជាគ្រូ​បង្វឹក​និយាយ​ថា​៖ «​យគ្ស​ផ្លែ ​ទោះបី​មិន​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ​ប៉ុន្តែ​ស្នៀត​កណ្តាប់​ដៃ ​និង​បទពិសោធ​ប្រកួត​អន្តរជាតិ ​គឺ​មាន​ទីផ្សារ​ប្រកួត​ច្រើន​ ហើយ​ស្នៀត​កណ្តាប់​ដៃ​របស់​គេ​ធ្វើ​ឲ្យ​មាន​ប្រិយភាព​ខ្លាំង​ផង​ដែរ»​។​

ទោះបីជា​យ៉ាង​ណា លោក​ ឡុង ​ស៊ីលីន​ ​មិន​ទាន់​ហ៊ាន​ព្យាករ​ពី​លទ្ធផល​ការ​ប្រកួត​ទុក​មុន​នោះ​​ទេ​ ​ព្រោះ​កីឡាករ​ថៃ​ជា​ដៃ​គូ​​របស់ យក្សផ្លៃ ជា​ម្ចាស់​ខ្សែ​ក្រវាត់​ម្នាក់​ ​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​នេះ​តែ​ម្តង​។​ តាម​​ប្រភព​​អ្នក​ស្គាល់​កីឡាករ​ថៃ​រូប​នេះ គេ​ធ្លាប់​ប្រើ​ឈ្មោះ​ Meung PhiCh ហើយ​ថៃ​ម្នាក់​នេះមិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ពី​មុន​មក​​ទេ៕