ភ្នំពេញៈ ពិធី​បើក​ការប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ ប្លែក ស្រប​តាម​លំនាំ​ស្តង់ដារ​អន្តរជាតិ នឹង​ត្រូវ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច និង​យប់​ថ្ងៃ​សុក្រ​នេះ ហើយ​ប្រភេទ​កីឡា​ទាំង ២៧ ក៏​នឹង​ចាប់ផ្តើម​ប្រជែង​គ្នា ដើម្បី​ស្វែង​រក​មេដាយ​ឲ្យ​ខេត្ត និង​ស្ថាប័ន​របស់​ខ្លួន​ផង​ដែរ។

ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ផ្នែក​កីឡា​គុន​ខ្មែរ ឃីម ឌី​ម៉ា នឹង​ទទួល​ការ​ព្រះរាជទាន​ភ្លើង​គប់​ដោយ​ផ្ទាល់ ពី​ព្រះបាទ​សម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី នៅ​ព្រះបរម​រាជវាំង ហើយ​រូប​គេ និង​អត្តពលិក​ល្បីៗ និង​មាន​ស្នាដៃ​មួយ​ចំនួន​ទៀត នឹង​រត់​យក​ភ្លើង​គប់​នោះ មក​ប្រគល់​ជូន​លោក​នាយក​រដ្ឋមន្ត្រី នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

ជាមួយគ្នា​នោះ ប្រតិភូ​កីឡា គ្រូបង្វឹក អត្ត​ព​លិ​ក សិស្សានុសិស្ស និង​កងកម្លាំង​ប្រដាប់​អាវុធ​រាប់ពាន់​នាក់ នឹង​រួមគ្នា​បង្ហាញ​ចេញ​នូវ​រូបភាព​ប្លែកៗ​ជាច្រើន ហើយ​តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក ព្រាប សុវត្ថិ និង​មាស សុខសោភា ជាដើម ក៏​ចូលរួម​បង្ហើរ​សំនៀង ក្នុង​ពិធី​បើក​នេះ​ដែរ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងថា៖ «ពិធី​បើក​ការប្រកួត​នេះ មាន​លក្ខណ​ពិសេស​ខ្លាំង​បំផុត ព្រោះ​យើង​មាន​មនុស្ស​រាប់ពាន់​នាក់ ផ្គុំ​គ្នា ចេញ​ជា​កាយវិការ​ស្របគ្នា និង​រូបភាព​ផ្សេងៗ ហើយ​កម្លាំង​សាមគ្គី​របស់​យុវជន សិស្សា​នុសិស្ស និង​កងកម្លាំង​របស់​យើង ក្នុងការ​រួមគ្នា​បង្ហាញ​ចេញ​នូវ​រូបភាព​សម្តែង​មហាជន​ដ៏ធំ»។

លោក​បន្តថា៖«បន្ថែម​លើ​នេះ យើង​មាន​សម្តែង​ចេញ​នូវ​សិល្បៈ​បាញ់​កាំជ្រួច ដែលមាន​លក្ខណៈ​ពិសេស គឺ​បាញ់​កាំជ្រួច​ចេញ​ជា​ភ្លេង កាំជ្រួច​រាំ​តាម​ភ្លេង ហើយ​យើង​នៅ​មាន​អ្វី​ប្លែកៗ​ជាច្រើន​ទៀត គឺ​យើង​នឹង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ចារ​ទុកជា​ស្នាដៃ​ប្រវត្តិសាស្ត្រ ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ»។

បើតាម​កម្មវិធី​បើក​កីឡា​ជាតិ​នេះ គឺ​ប្រតិភូ​រាជធានី-ខេត្ត នឹង​មកដល់​ពហុ​កីឡដ្ឋាន​ជាតិ នៅ​ម៉ោង ៤ រសៀល ហើយ​តារា​ចម្រៀង មាស សុខ​សោភា កញ្ញា សុន ស្រីពេជ្រ កញ្ញា ទៀង មុំ​សុធាវី និង​លោក ជិន វឌ្ឍនា នឹង​ចាប់​ច្រៀង​នៅ​ម៉ោង ៥ មុន​ការ​មក​ដល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ម៉ោង ៦ ល្ងាច។

កម្មវិធី​ចាប់ផ្តើម​ជាមួយ​សំនៀង ១ បទ​ទៀត​របស់ លោក ព្រាប សុវត្ថិ មុន​ឈាន​ដល់​ការ​សម្តែង​ចម្រៀង​កីឡា​ជាតិ​ពិសេស​រៀបរាប់ ដោយ​ក្រុមហ៊ុន Smart (១០ នាទី)។ បន្ទាប់​មក ជា​ការ​ដង្ហែ​ទង់​ជាតិ ទង់​កីឡា​ជាតិ ទង់​ចលនា​អូឡាំពិក​កម្ពុជា, បទ​ចម្រៀង​កីឡា​ជាតិ «អច្ឆរិយ​កីឡា​ជាតិ» (៥នាទី) ការ​សម្តែង​ក្បួន​កងទ័ព​ខ្មែរ​បុរាណ​ក្រុម​ល្បុក្កតោ (១០នាទី) សម្តែង​ចលនា​កាយ​សម​ស្រប ដោយ​គរុ​សិស្ស​កីឡា (១០នាទី) សម្តែង​ចលនា​កាយ​សម​ស្រប​របស់​ក្រុម​កីឡា​តេក្វាន់ដូ WTF (១០នាទី) និង​ការ​សម្តែង​ទស្សនីយភាព «យើង​ខ្មែរ» រប​ស់ស.ស.យ.ក (១០នាទី)។

កម្មវិធី​ចាប់ពី​ម៉ោង ៧:៣០ យប់​ទៅ រួមមាន ដង្ហែ​ក្បួនព្យុហ​យាត្រា​របស់​ប្រតិភូ​កីឡា ស្ថាប័ន រាជធានី-ខេត្ត (៣០នាទី) រួច​ទស្សនា​ព្រះរាជ​ពិធី​ប្រទាន​ភ្លើង​កីឡា​ជាតិ (៥នាទី) មុន​ពេល​ស្តាប់​សុន្ទរកថា​របស់​លោក ថោង ខុន ប្រធាន NOCC និង​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ បន្ទាប់​មក​សុន្ទរកថា​បើក​ជា​ផ្លូវការ​របស់​លោក ហ៊ុន សែន រួច​ចូល​ដល់​បាញ់​កាំជ្រួច អម​ដោយ​រូប​អក្សរ The 2nd National games (២នាទី) សច្ចា​ប្រណិធាន,សម្តែង​សិល្បៈ​បាញ់​កាំជ្រួច,ភ្លើង​គប់​មក​ដល់ និង​ពិធី​ដុត​ភ្លើង​គប់​ដោយ​នាយក​រដ្ឋមន្ត្រី, បាញ់​កាំជ្រួច​អបអរ (៥នាទី) និង​សិល្បៈ​ចម្រៀង​ទំនើប​បិទ​កម្មវិធី៕