ភ្នំពេញៈ ពិធី​បើក​ការប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី ២៥ ខែ​ឧសភា ខាងមុខ​នេះ នឹង​ទទួល​បាន​ការ​ប្រោស​ព្រះរាជ​ទាន​ភ្លើង​គប់ ដោយ​ផ្ទាល់​ពី​ព្រះបាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

តាម​លិខិត​ពី​ព្រះបរមរាជវាំង ដោយមាន​ប្រថាប់ត្រា​របស់លោក គង់ សំអុល ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរម​រាជវាំង នោះ​គឺ​ព្រះបរម​នាថ នរោត្តម សីហមុនី បាន​យល់​ព្រម​ព្រះរាជ​ទាន​ភ្លើង​គប់ សម្រាប់​យក​ទៅ​ដុត​បំភ្លឺ ក្នុង​ពិធី​បើក​កីឡា​ជាតិ លើក​ទី ២ ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ផ្លូវការ​ហើយ។

លោក គង់ សំអុល បាន​ចារ​ក្នុង​លិខិត​នេះ​ថា៖ «ខ្ញុំបាទ​មាន​កិត្តិយស សូម​គោរព​ជម្រាប​ជូន​សម្តេច​អគ្គមហា​សេនាបតី​តេជោ នាយករ​ដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​ព្រះរាជ​ទាន​ភ្លើង​គប់ នៅ​កើយ​ខាងមុខ​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ព្រះបរម​រាជវាំង ដល់​កីឡាករ ដើម្បី​ដង្ហែ​យក​ទៅ​ដុត​បំភ្លឺ​គប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ នៅ​ថ្ងៃ​សុក្រ ទី ២៥ ខែ​ឧសភា ឆ្នាំ ២០១៨»។

គួររំឭកថា កាលពី​ថ្ងៃទី៧ ខែឧសភា កន្លងមកនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត ១ ច្បាប់​ទៅ​ព្រះ​បរម​រាជវាំង ដើម្បី​ក្រាប​បង្គំ​ទូល​ស្នើ​សុំ ព្រះបរម​នាថ នរោត្តម សីហមុនី មេត្តា​ព្រះរាជ​ទាន​ភ្លើង​គប់ ដើម្បី​ដង្ហែ​យក​មក​ដុត​បំភ្លឺ​គប់ នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨។

លោក ហ៊ុន សែន បានចាត់ទុក​ការប្រកួត​កីឡា​ជាតិ​នេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​មន្ត្រី​កីឡា​កម្ពុជា បាន​អនុវត្ត ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​បទពិសោធ និង​វាស់​ស្ទង់​គុណ​ផល​កីឡា ក្នុង​ត្រៀម​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ ២០២៣៕