ភ្នំពេញ៖ ការ​ព្យាករ​ និង​ទស្សន៍ទាយ​លទ្ធផល​មុន​ប្រកួត​ត្រូវ​បាន​ផ្ទុយ​​ស្រឡះ ​​ព្រោះ​លទ្ធផល​ក្រោយ​ប្រកួត​ជើង​ចាស់ ​ពុយ ​វណ្ណៈ​ របស់​​ក្លិប​ឃ្លាំង​មឿង​កីឡា ​បាន​យក​ឈ្នះ​អ្នក​ជំនាញ​ប្រើ​ជង្គង់​ សូត្រ ខេវិន ​ហើយ​ ​ឡុង បេនលឿន​ មក​ពី​ក្លិប​សាលវ័ន្ដ​កីឡា​បាន​យក​ឈ្នះ​អ្នក​លេង​ល្បី​ឈ្មោះ​ជំនាន់​ថ្មី អេលីត ភក្តី ​ដើម្បី​ទទួល​បាន​កៅអី​ជម្រុះ​វគ្គ ​៣ ​នៃ​ព្រឹត្តិការណ៍ TV5​ Boxing Knock Out Serie ​នៅ​​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ កាល​ពី​យប់​ថ្ងៃ​សៅរ៍​។​

កីឡាករ ពុយ ​វណ្ណៈ ​និង ​ឡុង ​បេនលឿន​ គឺ​ជា​អ្នក​ឈ្នះ​ចុង​ក្រោយ​ក្នុង​កៅអី​ចំនួន ​៨ ​ដែល​ត្រៀម​សម្រាប់​វគ្គ​ទី ​៣ ​បន្ទាប់​ពី​ចំណាយ​ពេល​ច្រើន​សប្តាហ៍​មក​ហើយ ​ប៉ុន្តែ​ការ​ប្រែប្រួល​នៃ​ភាព​រីក​ចម្រើន​របស់​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ មិន​អាច​ប៉ាន់​ស្មាន​បាន​ទេ ​គឺ​ធ្វើ​ឲ្យ​អ្នក​ជំនាន់​មុនៗ​ ខក​ចិត្ត​ និង​ធ្លាក់​ចេញ​ច្រើន​នាក់​មក​ហើយ​។​ ចំណែក​តាម​រូបមន្ត​ប្រកួត​វគ្គ ​៣ ​នេះ​ នឹង​បន្ត​ជម្រុះ​យក​បេក្ខជន​ជា​អ្នក​ឈ្នះ​ចំនួន​តែ ​៤ ​នាក់​ប៉ុណ្ណោះ ឡើង​​ទៅ​ប្រកួត​វគ្គ​ខ្វែង ​ដើម្បី​ឆ្ពោះ​ទៅ​រក​បេក្ខជន​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង​។

ស្ថានភាព​នៃ​ការ​ប្រកួត​គឺ​ ​ឡុង បេនលឿន​ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ អេលីត ភក្ដី​ របស់​ក្លិប​ប៉ែនកាក់គុន​ខ្មែរ ​ដោយ​ពិន្ទុ ​ទាំង​លំបាក​បំផុត​ ព្រោះ​ជា​ការ​ប្រកួត​ស្វិតស្វាញ​តឹងតែង​មែន​។ ទោះ​ជា​ខិតខំ​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ប្រកួត​ចប់​ទឹក​ទី ៣ ​​បេនលឿន​ បាន​ឈ្នះ និង​​ក្លាយជា​ម្ចាស់​កៅអី​ សម្រាប់​ប្រកួត​ជម្រុះ​នៅ​វគ្គ​ ​៣ ប៉ុន្តែ ​អេលីត ​ភក្ដី​បាន​ចាញ់​ទាំង​សោកស្តាយ ​បន្ទាប់​ពី​ប្រឹង​អស់​ពី​សមត្ថភាព​។

ចំពោះ​ ពុយ វណ្ណៈ​ វិញ​ បាន​ប្រកួត​ឈ្នះ​ សូត្រ ខេវិន របស់​​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ​សុទ្ធ​តែ​មាន​លក្ខណៈ​​តឹងតែង​បំផុត​ដូច​គ្នា​។ ​ខេវិន ​ជា​អ្នក​ប្រដាល់ ​ដែល​តែងតែ​ប្រើ​ជង្គង់​ និង​កែង​វាយ​ប្រហារ​គូ​ប្រកួត​​មាន​លក្ខណៈ​មិន​កាច​សាហាវ​ ដែល​មាន​ប្រសិទ្ធភាព​លើ​ដៃ​គូ​បាន​ឡើយ​ ហើយ​​ស្នៀត​ប្រកួត ​និង​បច្ចេកទេស​ដដែលៗ​នេះ មិន​អាច​យក​ឈ្នះ​លើ​ ពុយ ​វណ្ណៈ​ បាន​ទេ​។​

ជាមួយ​លទ្ធផល​នេះ ពុយ ​វណ្ណៈ​ នឹង​ត្រូវ​ប៉ះ​ជាមួយ​ ឡុង ​បេនលឿន ​នៅ​វគ្គ​ជម្រុះ​ទី ​៣​ ហើយ​នៅ​ក្រោយ​ប្រកួត ​ពុយ ​វណ្ណៈ ​និយាយ​ថា​៖ ​«ខ្ញុំ​នឹង​បន្ត​យក​ឈ្នះ​លើ ​ឡុង ​បេន​លឿន ​ទៀត​ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​ទី ​៤ ​ដែល​មាន​កីឡាករ​ចំនួន ​៤ ​នាក់​ចុង​ក្រោយ​»។

ចំណែក​ ឡុង​ បេន​លឿន បាន​និយាយ​ថា៖ ​«​​ខ្ញុំ​នឹង​ហ្វឹកហាត់ ​ដើម្បី​យក​ឈ្នះ​លើ​ ពុយ វណ្ណៈ ​ប៉ុន្តែ​មិន​ហ៊ាន​អះអាង​ថា ​បាន​ប៉ុន្មាន​ភាគរយ​ទេ​ ​ព្រោះ​គាត់​ជា​ជើង​ចាស់​ មាន​បទពិសោធ​​ល្អ​ច្រើន​ជាង​ខ្ញុំ ​តែ​សំខាន់​ហាត់​ឲ្យ​ខ្លាំង ​ឡើង​វ៉ៃ​ឲ្យ​ខ្លាំង គឺ​​ខ្ញុំ​សង្ឃឹម​ខ្ពស់»​។​

ជាមួយ​គ្នា​នេះ​អ្នក​ប្រដាល់​ សូត្រ​ ខេវិន​ និង ​អេលីត​ ភក្តី ​ដែល​រំពឹង​ដណ្តើម​បាន​កៅអី ​ត្រូវ​ខក​ចិត្ត ​និង​ធ្លាក់​ចេញ​ពី​កម្មវិធី​ប្រកួត​តែ​ម្តង ​ខណៈ​​សាមី​ខ្លួន​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ថា​ ចាញ់​ដោយ​មិន​អស់​ចិត្ត​។

ចំពោះ​ការ​ប្រកួត​ជា​មិត្តភាព​លក្ខណៈ​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​ កីឡាករ ​ចាន់ ​សំអាត​ ដែល​មាន​រហស្ស​នាម​ថា​ «អ្នក​លេង​ជួរ​ភ្នំ​ដង​រែក» នោះ​​បាន​យក​ឈ្នះ​អ្នក​ប្រដាល់​វ័យ​ចំណាស់​​របស់​ថៃ​ Pra Vith ​ដោយ​ពិន្ទុ។​ អ្នក​ប្រដាល់​ទាំង ២ ​រូប​នេះ​ ប្រកួត​គ្នា​ពេញ​ទាំង ​៥ ទឹក​ ហើយ​បើ​ទោះ​បីជា Pra Vith ​ចាស់​វស្សា ​រាង​ធ្លាក់​កម្លាំង ប៉ុន្តែ​ថៃ​ម្នាក់​នេះ ​ក៏​បាន​ធ្វើ​ឲ្យ ​ចាន់​ សំអាត ​វេទនា ​និង​ឈឺ​ខ្លួន​មិន​តិច​ដែរ ​មុន​នឹង​បាន​លទ្ធផល​ឈ្នះ​ត្រឹម​ពិន្ទុ​នោះ​។​

គួរ​បញ្ជាក់​ថា អ្នក​ប្រដាល់​ដែល​បាន​កក់កៅ​អី​វគ្គ ​៣ ​រួច​ហើយ​មាន ​៨ ​​នាក់ ​​គឺ ​រឿម​ វណ្ណៈ មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សោម​ វិឆ័យ ​របស់​រាជធានី​ភ្នំពេញ​ ណាម ​ម៉ូរ៉ាក់ មក​ពី​ខេត្ត​បាត់ដំបង​​ ខាំ​ សាបាន ​របស់​​រាជធានី​ភ្នំពេញ​​ រិន ​សារ័ត្ន មក​ពី​កំពង់ស្ពឺ​​ វ៉ែង​ ជីវ៉ុង មក​ពី​បាត់ដំបង​ ឡុង បេនលឿន និង ​កីឡាករ ពុយ ​វណ្ណៈ​​៕​