ភ្នំពេញ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ក្មេង ពេជ្រ ប៊ុនសិទ្ធ បាន​និង​កំពុង​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង ដើម្បី​សម្រេច​រឿង​ដ៏​សំខាន់​មួយ​ទៅ​តាម​អ្វី​ដែល​គ្រូ​បង្វឹក​របស់​ខ្លួន​ចង់​បាន គឺ​ធ្វើ​យ៉ាង​ម៉េច​យក​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ រិន ដាវីត ឱ្យ​បាន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ពាន​វគ្គ ​៨ នាក់​ចុង​ក្រោយ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​យប់​ថ្ងៃ​សៅរ៍​នេះ។

នៅ​មុន​ពេល​វិល​មក​ជួប​គ្នា ជា​ថ្មី​នៅ​សង្វៀន TV5 នេះ រិន ដាវីត និង ពេជ្រ ប៊ុនសិដ្ឋ សុទ្ធ​តែ​បាន​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ ​៥៤ គីឡូក្រាម នៅ​សង្វៀន PNN ដោយ​អ្នក​ទាំង ​២ ​នេះ បាន​ឈ្នះ​ទាំង ២ ​ប្រកួត នៅ​តាម​ពូល​រៀងៗ​ខ្លួន ដើម្បី​កក់​កៅអី​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យប្រវត្តិ​ដូច​គ្នា។

ប៉ុន្តែ​ការ​ជួបគ្នា នៅ​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​នេះ ពេជ្រ ប៊ុនសិទ្ធ ដែល​ទើប​បាន​យក​ឈ្នះ ខេម ចាន់ និង ម៉ន ភារម្យ នោះ នឹង​ត្រូវ​ប្រឈម​ការ​ប្រកួត​ដ៏​តាន​តឹង និង​ជា​ការ​ប្រកួត ដែល​រូប​គេ​មាន​ភាព​ភិតភ័យ​ផង​ដែរ ព្រោះ​ការ​ជួប​គ្នា ​៥ ​លើក​កន្លង​មក ប៊ុនសិដ្ឋ មិន​ធ្លាប់​បាន​ឈ្នះ រិន ដាវីត ម្តង​ណា​នោះ​ទេ ខណៈ​អ្នក​ឈ្នះ​នៅ​វគ្គ​នេះ នឹង​ត្រូវ​ឡើង​ទៅ​ជួប​ជើង​ខ្លាំង ធន់ អៀនឡៃ ដែល​បាន​ឈ្នះ ស៊ឺន ថៃសាន់ ក្នុង​វគ្គ ​៨ នាក់​ចុង​ក្រោយ​នេះ កាល​ពី​សប្តាហ៍​មុន។

លោក ​ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក ពេជ្រ ប៊ុនសិទ្ធ បាន​ប្រាប់​ថា៖ ​«បើ​និយាយ​ពី​ការ​ហ្វឹកហាត់​ និង​ការ​ឡើង​ប្រកួត ប៊ុនសិដ្ឋ ​​ល្អ​ទាំង​អស់ ​ប៉ុន្តែ​ ប៊ុនសិដ្ឋ ​មាន​ចំណុច​ខ្សោយ​ត្រង់​ទឹក​ចិត្ត ​គឺ​ខ្លាច​ រិន ​ដាវីត ​នេះ​តែ​ម្តង​។​ ​បើសិន​​វា​តាំង​ចិត្ត​ខ្ពស់​ គឺ​មាន​លទ្ធភាព​ឈ្នះ​ ព្រោះ​វ៉ៃ​ទៅ​វ៉ៃ​មក ដោយ​​ប្តូរ​ក្បាច់​តាម​បច្ចេកទេស​ និង​កម្លាំង​ចិត្ត​»។

នៅ​ពេល​សួរ​ថា តើ​​មាន​យុទ្ធវិធី​អ្វី ​ដើម្បី​ជួយ​ឱ្យ ពេជ្រ ប៊ុនសិដ្ឋ អាច​ឈ្នះ រិន ដាវីត បាន​​ម្តង​​នោះ ​លោក ​ពេជ្រ ​សុផាន់​ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​នៅ​តែ​សង្ឃឹម​ឈ្នះ​ ប៉ុន្តែ​សំខាន់​ត្រូវ​ពង្រឹង​ទឹក​ចិត្ត​កុំ​ឱ្យ​វា​ខ្លាច​»​។ ចំណែក​កីឡាករ ​ពេជ្រ ប៊ុនសិដ្ឋ​ បាន​និយាយ​ថា​៖ «​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រូ ​ប៉ុន្តែ​ការ​ប្រកួត​ចាញ់​គាត់​ចំនួន ​៥ ​លើក កន្លង​មក​នេះ ​គឺ​នៅ​តែ​មាន​អារម្មណ៍​ខ្លាចៗ​ដែរ​។ ទោះ​យ៉ាង​ណា​ លើក​នេះ​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ ប្រឹង​យក​ឈ្នះ​ឱ្យ​បាន»​។​​

ចំណែក លោក​ ស្វាយ​ សុខុន ​គ្រូ​បង្វឹក​របស់​ រិន ​ដាវីត បាន​​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​​រិន ​ដាវីត ​នឹង​ត្រូវ​ឈ្នះ​ ដើម្បី​បាន​ទៅ​​វគ្គ​បន្ត​ជា​មិន​ខាន​ គឺ​ខ្ញុំ​គ្មាន​ព្រួយ​បារម្ភ​ពី ​ដាវីត ​ចាញ់​នោះ​ទេ​ ព្រោះ​គេ​ហាត់​បាន​ល្អ ​គោរព​វិន័យ​ល្អ​ ជាមួយ​គ្រូ​ជម្រើសជាតិ​ អ៊ីចឹង​ពិត​ជា​ត្រៀម​បាន​ល្អ​»។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​«ខ្ញុំ​បារម្ភ​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឯណោះ​​​ទេ ​ដែល​ត្រូវ​ប៉ះ​ ធន់ ​អៀន​ឡៃ​ ដែល​ជា​ជើង​ខ្លាំង ​១ ​រូប ​លំបាក​ទប់​ទល់​»។ រីឯ រិន ​ដាវីត បាន​​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ​ តែ​មិន​ស៊ី​ផុយ​ទេ ព្រោះ​​គេ​ខ្លាំង​ដែរ»​។​

តាម​លោក ​ញាន ​សុធី​ អ្នក​គ្រប់គ្រង​កីឡាករ​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​បាន​​​​ឱ្យ​ដឹង​ថា​ ពេជ្រ ​ប៊ុនសិដ្ឋ ​ប្រកួត​បាន​ច្រើន​​ជាង ​រិន ​ដាវីត​ ចំនួន​​ ១១​ លើក​ ​ ដោយ​ក្នុង​នោះ ​ប៊ុន​សិដ្ឋ ​ប្រកួត​បាន​ ៦៩​ ដង ​ឈ្នះ​ ៥១​ ​ចាញ់​ ១០​ ​ស្មើ​ ៨​ ដង។ ​ចំណែក​ រិន ដាវីត ​ប្រកួត​បាន​ ៥៨​ ឈ្នះ​ ៤៤​ដង ​ចាញ់​ ១២​ ​និង​ស្មើ​ចំនួន​ ២​ ​ដង៕