ភ្នំពេញ: កីឡាករ​ជំនាញ​ប្រើ​កណ្តាប់ដៃ​មាន​ល្អិត​ចិត្តធំ ពេជ្រ ម្ទេស​ខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា​បាន​ការពារ​តំណែង ឈ្នះ​លើ​កីឡាករ​ថៃ Meung Phith ក្នុង​ការ​ប្រកួត​សង​សឹក​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ៩ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។

ចំណែក​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Ganzberg ទម្ងន់ ៦៥ គីឡូក្រាម កាល​ពី​យប់​ថ្ងៃ​សៅរ៍ កីឡាករ​មុត ខ្លឹម​ខ្មៅ មក​ពី​ក្លិប​មកុដ​រាជសីហ៍ បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ប៊ី ចាន់ណា មក​ពី​ខេត្ត​ស្វាយរៀង ដើម្បី​មាន​ពិន្ទុ​នាំ​មុខ​គេ​ក្នុង​ពូល A និង​ដើម្បី​ត្រៀម​ខ្លួន​ឡើង​ទៅ​វគ្គ​បន្ត​ជា​កីឡាករ​ចំណាត់​ថ្នាក់​លេខ ១ នៅ​ពូល B។

ជាមួយគ្នានេះដែរ កីឡាករ​វ៉ែន ជី​វ៉ុ​ង មកពី​ក្លិប​មិត្ត​ប៉ូលិស បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ស្នៀត​កែង​របស់​កីឡាករ​ធឿន ធី មក​ពី​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ដោយ​រូប​គេ​បាន​ចូល​ដេក​ពេទ្យ​ទាំង​យប់ ដោយ​សារ​តែ​បែក​ក្តោង​ច្រមុះ និង​មាន​អាការ​ធ្វើ​ទុក្ខ​ដូចជា​ក្អួត​ជាដើម។

ក្នុងការ​ប្រកួត​សងសឹក​រវាង​ម្ទេសខ្មាំង និង Meung Phith ពិត​ជាមាន​សកម្មភាព​ស្វិត​ស្វាញ​បំផុត ដោយ​ចំណាយ​ពេល​រហូត​ដល់ ៥ ទឹក។

កីឡាករ​ពេជ្រ ម្ទេសខ្មាំង បាន​ប្រើ​ស្នៀត​ចម្រុះ​មាន​ទាំង​កណ្តាប់​ដៃ និង​ស្នៀត​ទាត់ ដើម្បី​វាយ​សម្រុក​គ្មាន​សំចៃ ប៉ុន្តែ​ការ​មាន​ពិន្ទុ​នាំមុខ​នោះ​មាន​លក្ខណៈ​ប្រផិត​ប្រផើយ ខណៈ​ដែល​កីឡាករ​ថៃ Meung Phith បាន​វាយ​របៀប​លក្ខណៈ​ដក​ថយ​ចាំ​ស្រង់ និង​ចេញ​មួយៗ​ចូល​គោល​ដៅ​ល្អ និង​ធ្ងន់ៗ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​សភាព​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​បំផុត។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ទឹក​ទី ៥ ពេជ្រ ម្ទេសខ្មាំង មាន​ឱកាស​វាយ​ចូល​គោល​ដៅ​ល្អ ៣ ចំណុច​គឺ​ស្នៀត​កែង​ចូល​សៀត​ផ្កា ទាត់​ចូល​ល្អ និង​បន្ថែម​ដោយ​កណ្តាប់​ដៃ ដែល​ធ្វើ​ឲ្យ​កីឡាករ​ថៃ ដួល​លើ​រេញ​ទាំង​ជំហរ ហើយ​អាជ្ញា​កណ្តាល​លោក​ម៉ាក់ សាមឿន បាន​រាប់​ចំនួន ៨ ទៅ​លើ​កីឡាករ​ថៃ​ដែល​នាំ​ឲ្យ ពេជ្រ ម្ទេស​ខ្មាំង មាន​ប្រៀប​ឈ្នះ​ដាច់​តែ​ម្តង។

ក្រោយ​ប្រកាស​លទ្ធផល​ឈ្នះ ពេជ្រ ម្ទេសខ្មាំង បាន​និយាយថា៖ «ការប្រកួត​នេះ​តឹង​តែង​ណាស់ ពី​ព្រោះ​កីឡាករ​ថៃ​នោះ​ជំនាញ​កណ្តាប់​ដៃ និង​ពូកែ​គេច​កណ្តាប់​ដៃ​របស់​ខ្ញុំ ដែល​មិន​ងាយ​ចំ​គោល​ដៅ​ឡើយ ហេតុ​នេះ ខ្ញុំ​សម្រុក​ទាត់​យ៉ាង​ច្រើន​ទៅ​ល្វែង​ក្រោម»។

ពេជ្រ ម្ទេសខ្មាំង បាន​បន្ថែមថា៖ «ការឡើង​សង្វៀន​ប្រដាល់​គុន​ខ្មែរ​របស់ខ្ញុំ​អាច​នឹង​យូរៗ​បាន​ម្តង​ប៉ុណ្ណោះ ពីព្រោះ​ជិត​ដល់​រដូវកាល​ប្រមូល​ផ្តុំ​ជម្រើស​ជាតិ​ប្រដាល់​សកល​ដែល​ខ្ញុំ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​វ៉ៃ​ប្រដាល់​គុន​ខ្មែរ​បន្ត​ទៀត​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​សម្រួច​ប្រដាល់​សកល​ក្នុង​ឆ្នាំ​ទៅ​ស៊ីហ្គេម ឆ្នាំ ២០១៩ ខាង​មុខ»។

ចំណែក​ការប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍ វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ពាន Ganzberg ទម្ងន់ ៦៥ គីឡូក្រាម មុត ខ្លឹម​ខ្មៅ បាន​បន្ត​ឈ្នះ​កីឡាករ​ប៊ី ចាន់ណា មក​ពី​ខេត្ត​ស្វាយរៀង ដើម្បី​ឈ្នះ ៣ លើក​ពី​ការ​ប្រកួត​ទាំង ៣ លើក មាន ៩ ពិន្ទុ ឈរ​ក្នុង​លំដាប់​កំពូល​តារាង​ក្នុង​ពូល A។

ជ័យជម្នះ​របស់​ខ្លឹម​ខ្មៅ ក្រៅពី​ប្រាក់​តម្លៃ​ខ្លួន រូបគេ​ទទួលបាន​ចំនួន ២០ ម៉ឺន​រៀល​បន្ថែម​ពី​លោក​ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាល​ជាតិ។

ជាមួយ​គ្នា​នេះ​កីឡាករ​វ៉ែន ជីវ៉ុង មក​ពី​ក្លិប​មិត្ត​ប៉ូលិស​បាន​បន្ត​ចាញ់​ទៀត ខណៈ​ដែល​ដៃគូ​គឺ​កីឡាករ​ធឿន ធី មក​ពី​ក្លិប​អង្គរ​មានជ័យ ខេត្ត​សៀមរាប បាន​លែង ១ កែង​យ៉ាង​ធ្ងន់​ចូល​ខ្ទង់​ច្រមុះ ដែល​នាំ​ឲ្យ​រូប​គេ​ត្រូវ​ដឹក​ទៅ​ពេទ្យ​ទាំង​យប់។

វេជ្ជបណ្ឌិត​ប្រចាំ​សង្វៀន​គឺ​លោក​ជឹម ផល្លា បាន​ឲ្យ​ដឹងថា៖ «ព្រឹក​នេះ របួស​បាន​ធូរស្រាល​ហើយ​បន្ទាប់​ពី​សម្រាក​មួយ​យប់​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ។ រូប​គេ​បាន​ចេញ​ពី​ពេទ្យ​ហើយ»៕