The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពេលវេលា​កាន់តែ​អស់​ទៅៗ​ហើយ សម្រាប់ Werner បង្ហាញ​ពី​តម្លៃ​របស់ខ្លួន




ពេលវេលា​កាន់តែ​អស់​ទៅៗ​ហើយ សម្រាប់ Werner បង្ហាញ​ពី​តម្លៃ​របស់ខ្លួន

Content image - Phnom Penh Post
Werner (ឆ្វេង) របស់ Chelsea ប្រជែង​ជាមួយ Varane របស់ Real អំឡុង​ការប្រកួត​នៅ Champions League វគ្គ ៤ ក្រុម ជើង​ទី ១ កាលពី​សប្ដាហ៍​កន្លងទៅ។

ពេលវេលា​កាន់តែ​អស់​ទៅៗ​ហើយ សម្រាប់ Werner បង្ហាញ​ពី​តម្លៃ​របស់ខ្លួន

ក្រុងឡុងដ៍: ក្រុម​តោខៀវ Chelsea ត្រូវ​បើកទ្វារ​កីឡដ្ឋាន Stamford Bridge របស់ខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​យក្ស​មកពី​អេស្ប៉ាញ Real Madrid នា​ថ្ងៃ​ពុធ អម​ជាមួយ​នឹង​ការងារ​ជាច្រើន សម្រាប់​ក្រុម​យក្ស​អង់គ្លេស ដែល​ត្រូវធ្វើ ដើម្បី​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

បន្ទាប់ពី​មិនអាច​សម្លាប់​ក្រុម​ជើងឯក​អឺរ៉ុប ១៣ សម័យកាល ដោយ​ការលេង​បាន​ត្រឹម​ស្មើ ១-១ កាលពី​ប្រកួត​ជើង​ទី ១ នៅ​ក្រុង​ម៉ាឌ្រីដ ទាំង​ដែល​ខ្លួន​មានឱកាស​ល្អៗ​ជាច្រើន​លើក​ច្រើនសា តែ​ក្រុម​របស់លោក Thomas Tuchel អាច​នៅមាន​ប្រៀប​ជាមួយ​នឹង​គ្រាប់​បាល់​ក្រៅ​ទឹកដី ១ គ្រាប់​នោះ លើកលែង​តែ​ខ្សែប្រយុទ្ធ​ទាំង ២ ដែល​ទំនង​ជា​មិនបាន​ក្លាយជា​ទីពឹង​របស់​ក្រុម​យ៉ាងពិត​ប្រាកដ។

ក្នុង​ការប្រកួត​នោះ ខ្សែប្រយុទ្ធ Timo Werner បាន​បណ្ដោយ​ឱ្យ​ឱកាស​ដ៏សែន​មាន​តម្លៃ​ក្នុង​ការជួយ​ឱ្យ​ក្រុម Chelsea របស់ខ្លួន មាន​គ្រាប់​បាល់​នាំមុខ​យ៉ាង​លឿន ខណៈ​ជើង​លាតសន្ធឹង​យ៉ាង​វែង​នៃ​អ្នកចាំទី Thibaut Courtois របស់​ក្រុម Real បាន​រារាំង​មិន​ឱ្យ​ក្រុម​ចាស់​របស់ខ្លួន​មាន​គ្រាប់​បាល់។

ការខ្ជះខ្ជាយ​ឱកាស​នោះ សូម្បីតែ​ភរិយា​របស់​ខ្សែការពារ Thiago Silva ដែលជា​មិត្ត​រួម​ក្រុម​របស់ Werner ក៏បាន​ធ្វើការ​រិះគន់​ដែរ ដោយ​អ្នកស្រី Isabelle da Silva បាន​សរសេរ​ផូស្ដ​នៅលើ​គណនី Instagram មុន​ក្រោយមក​លុបចេញ​វិញ ថា៖ «គ្រប់​ក្រុម​ដែល​ខ្ញុំ​ទៅ​តែង​មាន​ខ្សែប្រយុទ្ធ ដែល​បន្ត​ស៊ុត​បញ្ចូល​ទី​មិនបាន»។

នៅ​ចំណុច​ចុងក្រោយ​ផ្សេងទៀត​នៃ​ការប្រកួត​ជើង​ទី ១ ក្នុង​វគ្គ ៤ ក្រុម​ចុងក្រោយ​នោះ បន្ទាប់ពី​ខ្សែប្រយុទ្ធ Christian Pulisic ជួយ​ឱ្យ​ក្រុម Chelsea នាំមុខ កីឡាករ Karim Benzema ស៊ុត​បាល់​បកក្រោយ​ដ៏កម្រ​មាន​ឱ្យ Real ស្មើ​វិញ ដែល​នោះ​ជា​គ្រាប់​ទី ២៨ នៃ​រដូវកាល​របស់គេ ហើយ​ធ្វើ​ឱ្យគេ​ឡើងទៅ​ឈរ​លេខ ៤ ទន្ទឹម​នឹង Raul ក្នុងនាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Champions League។

នោះ​ជា​អ្វី ដែល​ក្រុម Chelsea រំពឹង​ចង់បាន​នោះឡើយ នៅពេល​ពួកគេ​បាន​ចំណាយ ៤៧ លាន​ផោន ($៦៥ លាន) សម្រាប់​តម្លៃ​ខ្លួន​របស់ Werner កាលពី​ខែ​មិថុនា​ឆ្នាំមុន ស្រប​ពេលដែល​ក្លិបផ្សេងៗ​ក្នុង​នោះ​រួមទាំង​ក្រុម Real ផង ប្រវេប្រវា​រកលុយ ដើម្បី​ចំណាយ​លើ​តែ​កីឡាករ ដែលមាន​ស្រាប់ ដោយសារ​វិបត្តិ​វីរុស​កូរ៉ូណា​បាន​ធ្វើឱ្យ​សកម្មភាព​បាល់ទាត់​នៅ​អឺរ៉ុប​គាំង​ដំណើរ​ស្ដូក។

ដោយ​មាន​គាំទ្រ​ពី​មហាសេដ្ឋី​រុស្ស៊ី លោក Roman Abramovich ក្រុម Chelsea ជា​ក្លិប​ដែល​មិនសូវ​បារម្ភ​នឹង​ការប៉ះពាល់​ពី​វិបត្តិ​នៃ​ការរាតត្បាត​របស់​ជំងឺឆ្លង ខណៈ​ពួកគេ​បាន​ជះ​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ទៅ ២២០ លាន​ផោន ($៣០៥ លាន) ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក កាលពី​រដូវក្ដៅ​កន្លងទៅ។

តែ​យ៉ាងណាក្ដី គ្មាន​ខ្សែប្រយុទ្ធ​ណា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ចំណូល​ថ្មី​ទាំង ៣ រូប ដូចជា Werner, Kai Havertz និង Hakim Ziyech បាន​បង្ហាញ​ឱ្យឃើញ​នូវ​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់​ពួកគេ​ឱ្យបាន​ទៀងទាត់​នៅឡើយ​ទេ។

សម្រាប់ Werner នៅតែ​ទទួលបាន​ការទុកចិត្ត​ពី​លោក Tuchel តាំងពី​លោក​មក​ដឹកនាំ​ក្នុង​ខែមករា បើទោះ​ជា​មិនសូវ​រក​គ្រាប់​បាន​ក៏ដោយ ដោយ​កីឡាករ​វ័យ ២៥ ឆ្នាំ ស៊ុត​បញ្ចូល​ទី​បានតែ ៣ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការចូល​លេង ៣៨ ហ្គេម​ទាំង​នៅ​ក្លិប Chelsea និង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​របស់ខ្លួន ដោយ ១ គ្រាប់​ក្នុង​ចំណោម​ហ្នឹង កើតឡើង​ដោយ​ទម្លុះ​សំណាញ់ទី​ក្រុម​លេង​នៅ​លីគ​លំដាប់​ទី ៤ Morecambe អំឡុង​ការប្រកួត នៅ FA Cup។

ដូច្នេះ​ជារួម​ឱកាស​ក្នុង​ការរួមចំណែក​ទម្លាក់​ក្រុម​អធិរាជស​ចេញ​ពី Champions League ត្រឹម​វគ្គ ៤​ក្រុម​នេះ គឺ​ចំពេល​វេលា​ដ៏ល្អឥតខ្ចោះ​របស់ Werner ដើម្បី​បង្ហាញ​ឱ្យ​គ្រប់គ្នា​ឃើញ​ថា ខ្លួន​ស័ក្តិសម​នឹង​តម្លៃ​នោះ៕ VN

អត្ថបទគួរចាប់អារម្មណ៍