ប៉ារីស: ក្រុម​ព័រទុយហ្គាល់ និង​អ៊ីតាលី រក្សា​ចំណាត់ថ្នាក់​លេខ ១ ក្នុង​គ្រុប (​ពូល​) របស់ខ្លួន​បន្តទៀត​ក្នុង​កម្មវិធី UEFA Nations League ក្រោយ​ប្រកួត​ស្មើ ០-០ ជាមួយ​ក្រុម​គូប្រជែង​រៀងៗ​ខ្លួន​កាលពី​ថ្ងៃអាទិត្យ ខណៈ​អង់គ្លេស វាយបក​យកឈ្នះ​បែលហ្ស៊ិក​ហក់​ឡើងទៅ​ទី​កំពូល​។

គ្មាន​អ្វី​ត្រូវ​និយាយ​ច្រើន​ឡើយ​អំពី​ទិដ្ឋភាព​នៅ​កីឡដ្ឋាន​ជាតិ Stade de France របស់​បារាំង​ពេល​កីឡាករ​ឆ្នើមៗ មានដូចជា Cristiano Ronaldo, Kylian Mbappe និង Antoine Griezmann ជាដើម មិនអាច​បង្កើតបាន​នូវ​រូបភាព​គួរឱ្យ​ជក់ចិត្ត​ច្រើន​តាម​ការរំពឹង​ទុក សម្រាប់​ការប្រកួត​នៅ League A គ្រុប​ទី​ ៣​។

ក្នុង​កីឡដ្ឋាន​ដ៏ធំ​នៅ​ក្រៅ​ក្រុងប៉ារីស ការប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ​បារាំង និង​ព័រទុយហ្គាល់ ឃើញ​មាន​ការស៊ុត​ចំ​គោលដៅ​តែ ៤​ ដង​ប៉ុណ្ណោះ ខណៈ​ខ្សែការពារ​បាន​រារាំង​រាល់​ការវាយសម្រុក​របស់​ក្រុម​ទាំង ២​។

គ្រូបង្វឹក​របស់​ព័រទុយហ្គាល់​លោក Fernando Santos និយាយថា​៖ «​យើង​ស៊ុត​បញ្ចូល​ទី​មិន​បាន​សម្បី ១ ​គ្រាប់ តែ​យើង​មក​ទីនេះ មិនមែន​ដើម្បី​ស៊ុត​បញ្ចូល​ទី​ទេ​។ បារាំង គឺជា​ក្រុម​ខ្លាំង​ដោយ​មាន​សុទ្ធតែ​កីឡាករ​ល្អ ដូច្នេះ​មិន​ស្រួល​នោះឡើយ​ក្នុង​ការបង្កើត​ឱកាស​បានជា​និច្ច​នោះ​»​។

ក្រោយ​បញ្ចប់​ប្រកួត​ទី​ ៣ នេះ​ក្រុម​ទាំង ២ ឈរ​នៅ​ទី​ ១ និង​ទី ២ ក្នុង​ពូល​មាន ៧ ​ពិន្ទុ​ដូចគ្នា ពោលគឺ​នាំមុខ ៤ ​ពិន្ទុ លើ​ក្រុម​លេខ​ ៣ ក្រូ​អាស៊ី​ដែល​ប្រកួត​ឈ្នះ​ក្រុម​បាត​តារាង​ស៊ុយអែត ២-១ នៅផ្ទះ​ខ្លួនឯង​។

ងាក​ទៅ​អ៊ីតាលី​បន្ត​ការលេង​មិន​ចាញ់​រហូតដល់ ១៨ ​ប្រកួត និង​ឈរ​ទី ១ ដដែល ដោយ​មាន ៥ ​ពិន្ទុ នៅ League A គ្រុប​ទី ១ ក្រោយ​ចប់​ការប្រកួត ដោយ​ការមិន​អាចធ្វើ​អ្វី​គ្នា​បានជា​មួយក្រុម​ម្ចាស់ផ្ទះ​ប៉ូឡូញ​។

រីឯ​អង់គ្លេស​បាន​វាយបក​យកឈ្នះ​បែលហ្ស៊ិក ២-១ នៅផ្ទះ​ខ្លួនឯង​ឡើង​ទៅ​ទី​កំពូល​មាន ៧ ​ពិន្ទុ នៅ League A គ្រុប​ទី ២​។ គ្រាប់​បាល់​របស់​អង់គ្លេស ស៊ុត​ដោយ Marcus Rashford (​ប៉េណាល់ទី​) និង Mason Mount ខណៈ Romelu Lukaku ជា​អ្នកសម្រេច​ទី​ឱ្យ​ក្រុម​ក្រុម​ភ្ញៀវ​៕ VN