ក្រុងតូក្យូ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពិក Tokyo 2020 ឱ្យដឹងថា នឹងមានការអនុញ្ញាតឱ្យមានអ្នកចូលរួមឈរអមតាមដងផ្លូវ ពេលពិធីរត់ភ្លើងគប់អូឡាំពិក ត្រូវចាប់ផ្ដើមនៅទូទាំងប្រទេសជប៉ុន នាខែក្រោយតែការស្រែកអបអរនឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង។
ការដង្ហែភ្លើងគប់អូឡាំពិក ត្រូវលុបចោលតែប៉ុន្មានថ្ងៃមុនកាលកំណត់ចាប់ផ្ដើមនៅឆ្នាំមុន ពេលមន្ត្រីរបស់គណៈកម្មាធិការអូឡាំពិក និងជប៉ុន បានធ្វើការសម្រេចមិនធ្លាប់មានពន្យារពេលព្រឹត្តិការណ៍អូឡាំពិក Tokyo 2020 ដោយសារការរាតត្បាតពីវីរុសកូរ៉ូណា។
ទោះក្ដីកង្វល់ នៅតែបន្តមានអំពីសុវត្ថិភាពនៃការរៀបចំការប្រកួតប្រជែងនារដូវក្ដៅនេះក៏ដោយ ក៏គណៈកម្មការឱ្យដឹងថា ព្រឹត្តិការណ៍កីឡាដ៏ធំនេះ អាចដំណើរការធម្មតា ហើយការដង្ហែភ្លើងគប់ នឹងចាប់ផ្ដើមតាមការគ្រោងនៅថ្ងៃទី ២៥ ខែមីនា។
ការរត់នោះ នឹងចេញដំណើរពីទីកន្លែងនិមិត្តរូបក្នុងតំបន់ Fukushima ដែលធ្វើឱ្យឃើញពីតួនាទីរបស់ Tokyo 2020 ដូចនឹងអ្វីដែលជប៉ុនឱ្យឈ្មោះថា «ការធ្វើឱ្យកីឡាអូឡាំពិករស់ឡើងវិញ» ពោលគឺបន្ទាប់ពីមាននូវសោកនាដកម្មក្នុងឆ្នាំ ២០១១ ដូចជាការរញ្ជួយដី រលកស៊ូណាមិ និងការលេចធ្លាយសារធាតុនុយក្លេអ៊ែរ។
តែការដង្ហែនេះ នឹងកា្លយជាព្រឹត្តិការណ៍មិនសូវអធិកអធមខុសពីធម្មតា។ អ្នកទស្សនានឹងត្រូវបានអនុញ្ញាតឱ្យចូលរួម ដើម្បីបានមើលការឆ្លងកាត់របស់អណ្តាតភ្លើងគប់អូឡាំពិក តែតម្រូវឱ្យពាក់ម៉ាស់ ចៀសវាងការជួបជុំ ហើយអាចត្រឹមតែមានវត្តមាននៅកន្លែងភ្លើងគប់ឆ្លងកាត់ ក្បែរផ្ទះខ្លួនប៉ុណ្ណោះ។
នៅក្នុងគោលការណ៍ណែនាំ ដែលបន្ថែមពីលើគោលការណ៍គម្លាតសង្គម ក្រើនរំឭកថា៖ «អ្នកចូលរួមត្រូវតែធ្វើការគាំទ្រដោយសំឡេងទះដៃ ឬដោយប្រើឧបករណ៍តំណាងជាជាងការស្រែក ឬហ៊ោកញ្ជ្រៀវ។ កម្មវិធីរត់កាន់ភ្លើងគប់នេះ នឹងត្រូវផ្អាក បើមានហានិភ័យដោយសារមនុស្សច្រើនលើសកំណត់»។
អ្នកកាន់ភ្លើងគប់ នឹងអាចរត់ដោយមិនបាច់ពាក់ម៉ាស់ ដែលព័ត៌មាននេះ ទំនងជាទទួលបានការស្វាគមន៍ពីអ្នករត់ទាំងនោះ ក្នុងដំណាក់កាលចុងក្រោយនៃពិធីរត់ដង្ហែភ្លើងគប់អូឡាំពិកនេះ ខណៈកម្ដៅនារដូវក្ដៅនៅជប៉ុនចាប់ផ្ដើមក្ដៅឡើងបណ្ដើរ។
កីឡាអូឡាំពិក Tokyo 2020 គ្រោងចាប់ផ្ដើម នៅថ្ងៃទី ២៣ ខែកក្កដា ហើយគណៈកម្មការបានដាក់ចេញនូវគោលការណ៍ ដែលពួកគេថា នឹងធ្វើឱ្យការប្រកួតកីឡាដ៏ធំនេះ ប្រព្រឹត្តទៅដោយសុវត្ថិភាព៕ AFP/VN