ភ្នំពេញៈ អ្នក​ប្រដាល់​ចិត្តធំ​នៃ​ត្រកូល​ម៉ន​របស់​ក្លិប​ព្រែកឯង គឺ​ ម៉ន ព្រហ្មម៉ាញ ទទួល​បាន​ឱកាស​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Pek Thieng នៅ​លើ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍ ហើយ​អ្នក​ប្រដាល់​ជំនាញ​កណ្តាប់ដៃ​ធ្ងន់ ផាន់ គ្រាន់ របស់​ក្លិប​ពុទ្ធ​សេរីវង្ស ក៏​ត្រូវ​ប៉ះ​ថៃ Sen Khum នៅ​ថ្ងៃ​នោះ​ដែរ​។

កីឡាករ ម៉ន សាម៉េត ដែល​ជា​បង​របស់ ម៉ន ព្រហ្មម៉ាញ បាន​ប្រាប់​ថា​៖ «​ការជួប​ថៃ Pek Thieng គឺ​ ម៉ន ព្រហ្មម៉ាញ នឹង​ជួប​ឧបសគ្គ​ធំ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​សមត្ថភាព​ខ្លាំង​ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​កន្លងមក និង​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ស្រុកថៃ​ផង​ដែរ​»​។

ជាមួយ​គ្នា​នេះ​ទាំង ម៉ន សាម៉េត និង ម៉ន ព្រហ្មម៉ាញ សុទ្ធតែ​អះអាង​ថា មាន​សង្ឃឹម​ឈ្នះ​តិច ប៉ុន្តែ​ធានា​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ព្រម​ទាំង​បង្ហាញ​ការពេញចិត្ត​ចំពោះ​ការប្រកួត​ប៉ះ​ជាមួយ​អ្នកខ្លាំង​។ ​ម៉ន ព្រហ្មម៉ាញ ធ្លាប់​មាន​បទពិសោធ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ចំនួន​ ១០ ​ដង ឈ្នះ​ ៦ និង​ចាញ់​ ៤ ​ដង​ហើយ​កាលពី​មុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ព្រហ្មម៉ាញ បាន​ឈ្នះ​កីឡាករ​ជនជាតិ​បារាំង​នៅ​ខេត្ត​បាត់ដំបង​។

ម៉ន ព្រហ្មម៉ាញ បញ្ជាក់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ​តិច​ប្រហែល​ ៥០ ​ភាគរយ ប៉ុន្តែ​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​ខ្ញុំ​ពេញចិត្ត​ក្នុង​ការប្រកួត​ជាមួយ​ជើង​ខ្លាំង ដើម្បី​មាន​បទពិសោធ​ល្អ​»​។ តាម​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ដឹងថា Pek Thieng ធ្លាប់​ប្រកួត​ ៦៩ ​ដង ឈ្នះ​ ៥៧ ចាញ់​ ១២ ​ដង ហើយ​ប្រកួត​ចុងក្រោយ​ថ្ងៃ​ចូលឆ្នាំ​ឈ្នះ ឈាន ហុង ដោយ​ពិន្ទុ ចំណែក ម៉ន ព្រហ្មម៉ាញ ធ្លាប់​ប្រកួត​ ៧១ ​ដង ឈ្នះ​ ៥៤ ចាញ់​ ១៥ និង​ស្មើ​ពិន្ទុ​ ២ ​ដង​។

ប្រភពពី​អ្នក​ទស្សនា​ភាគច្រើន ដែល​ស្គាល់​សមត្ថភាព​កីឡាករ​ថៃ​លាន់មាត់​ថា ប្រសិន​បើ Pek Thieng មិន​បន្ធូរដៃ​ទេ ម៉ន ព្រហ្មម៉ាញ អាច​នឹង​ចាញ់​ដោយ​សន្លប់​ក៏​ថា​បាន​ដែរ​។ ទោះបី​ជា​យ៉ាង​ណា​ស្នៀត​ទាត់ និង​កែង​របស់​ ព្រហ្មម៉ាញ ក៏​ជា​ឧបសគ្គ​ធំ​របស់ Pek Thieng ផង​ដែរ​។

ចំពោះ​គូ​អន្តរជាតិ​ ១ ​ទៀត ផាន់ គ្រាន់ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​កណ្ដាប់ដៃ​ធ្ងន់ វ៉ៃ​ចេញ​ធ្ងន់ រហ័ស និង​មាន​ចិត្តធំ​នោះ​ត្រូវ​ប៉ះ​ថៃ Sen Khum ហើយ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​មិន​តិច​ជាង​ ៥ ​លើក​ទេ គឺ​មាន​កម្រិត​វិជ្ជាគុន​ខ្លាំង​លំបាក​បង្ក្រាប​ណាស់ អ៊ីចឹង​ការប្រកួត​នេះ​អាច​នឹង​មាន​ភាព​តានតឹង​ខ្លាំង​។

កីឡាករ Sen Khum ធ្លាប់​ប្រកួត​ ៧៩ ​ដង ឈ្នះ​ ៦៦ ចាញ់​ ១២ និង​ស្មើ​ពិន្ទុ​ ១ ​ដង​គឺ​តិចជាង ផាន់ គ្រាន់ ដែល​ធ្លាប់​ប្រកួត​បាន​ ១២៣ ​ដង ឈ្នះ​ ១០២ ចាញ់​ ១៩ និង​ស្មើ​ពិន្ទុ​ ២ ​ដង ហើយ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ចំនួន​ ២ ​ស្ថាប័ន​៕