ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​អប់រំ ​យុវជន ​និង​កីឡា​ ខេត្ត​កណ្តាល​ ដែល​ធ្លាប់​ប្រារព្ធ​ធ្វើ​ឡើង​អស់​រយៈពេល​ចូល​ ១០ ឆ្នាំ​​​មក​ហើយ ​ដើម្បី​អបអរ​សាទរ​ទិវា​បុណ្យ​ជ័យជម្នះ​ ថ្ងៃ​ ៧ មករា ​នោះ​ ត្រូវ​បាន​ពន្យារពេល​វិញ ដោយ​មិន​ទាន់​ហ៊ាន​កំណត់​ពី​កាល​បរិច្ឆេទ​ថ្មី​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អ្នក​រៀបចំ​រំពឹង​ថា ​អាច​នឹង​​បើក​ការ​ប្រកួត​វិញ ​នៅ​ចុង​ខែ​ធ្នូ ​ឆ្នាំ​ ២០២០ ​នេះ ​បើ​សិន​ជា​ករណី​ឆ្លង​ចូល​សហគមន៍​នៃ​ជំងឺ​កូវីដ ​១៩ អាច​វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ​។

ជាមួយ​គ្នា​នេះ ការ​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ ២០២០ របស់​ខេត្ត​កណ្តាល​នេះ ​​ត្រូវ​បាន​គេ​ប្តូរ​ឈ្មោះ​ដោយ​ប្រសិទ្ធ​នាម​ថា «កីឡា​ដើម្បី​ទាំង​អស់​គ្នា» ​ដែល​តាម​គម្រោង​មាន​អត្តពលិក​ចូលរួម​​សរុប​ដល់​ទៅ​ជាង​ ៦០០ ​នាក់ ដោយ​​ចំណាយ​ពេល​ប្រកួត​​ជិត​ ១ ​សប្តាហ៍​ឯណោះ​។ ​នេះ​តាម​ការ​បញ្ជាក់​របស់​ លោក​ ពៅ​ វណ្ណា​ ប្រធាន​ការិយាល័យ​អប់រំ​កាយ ​និង​កីឡា ​​នៃ​មន្ទីរ​អប់រំ ​យុវជន ​និង​កីឡា​ខេត្ត​កណ្តាល​។

លោក ​ពៅ​ វណ្ណា ​បាន​និយាយ​ថា​៖​ «​ពី​ដំបូង​យើង​គ្រោង​បើក​ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី​ ២ ​ដល់​ថ្ងៃ​ទី ៧ ​ខែ​ធ្នូ​ ឆ្នាំ​ ២០២០​ នៅ​តាម​ទីលាន​នានា​របស់​ខេត្ត ​និង​ស្រុក​ខ្សាច់កណ្តាល​ ប៉ុន្តែ​ពេល​នេះ​យើង​បាន​ផ្អាក ​និង​ពន្យារពេល​ហើយ​ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ក៏​ដូចជា​រាជរដ្ឋាភិបាល ​ដើម្បី​រក្សា​គម្លាត​ការពារ​ជំងឺ​​ឆ្លង​កូវីដ​ ១៩​ ដែល​កំពុង​មាន​ផល​ប៉ះពាល់​»។

លោក​បន្ថែម​ថា​ យើង​មិន​ទាន់​ហ៊ាន​កំណត់​ពេល​វេលា​ប្រកួត​ជា​ថ្មី ​ឱ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ ​ព្រោះ​ត្រូវ​រង់​ចាំ​មើល​ការ​ណែនាំ​ជូន​ដំណឹង​តាម​លក្ខណៈ​ជាក់​ស្តែង​ពី​ថ្នាក់​លើ​សិន​។ ​ប្រសិន​ជា​កូវីដ​ ១៩​ មាន​សភាព​ធូរ​ស្រាល​ ហើយ​ក្រសួង​ជំនាញ​​អនុញ្ញាត​នោះ ​យើង​គ្រោង​ជា​ថ្មី​វិញ នៅ​​ថ្ងៃ​ទី ​២៧​ ខែ​ធ្នូ ខាង​មុខ​។

«​គោល​បំណង​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​នេះ គឺ​​ដើម្បី​ផ្សព្វផ្សាយ​វិស័យ​កីឡា​ខេត្ត​កណ្តាល​ និង​បើក​ចំហ​ឱ្យ​​មហាជន​ ព្រមទាំង​កីឡាករ ​កីឡាការិនី ​គ្រប់​វ័យ​បាន​​ជ្រួតជ្រាប​ពី​កីឡា​ ដើម្បី​សុខភាព​ មិត្តភាព​ សហប្រតិបត្តិការ ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ផង​ដែរ​ ស្រប​ទៅ​នឹង​ផែនការ​គោល​នយោបាយ​កីឡា​របស់​រាជ​រដ្ឋាភិបាល ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​»។

លោក ​ពៅ ​វណ្ណា​ បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​កីឡា​នេះ​ ធំ​ជាង​ឆ្នាំ​មុនៗ​ ដោយ​​មាន​ ៥ ​ប្រភេទ​កីឡា ​គឺ​បាល់ទាត់​ បាល់ទះ​ បាល់បោះ​ ការ៉ាតេ ​និង​ប៉េតង់​ ដោយ​​ក្នុង​នោះ​ដែរ​ ​​បាល់ទាត់​ទាំង​ផ្នែក​​បុរស ​​នារី ​​វ័យ​ចាស់​ ​កុមារា​ និង​កុមារី សរុប ២៨ ក្រុម​​ រីឯ​បាល់​ទះ​បុរស ​មាន​ ១៦ ​ក្រុម​ ចំណែក​​បាល់​បោះ​មាន​ ១៨ ​ក្រុម។ ចំពោះ​ការ៉ាតេ​ មាន​ ៥ ក្រុម និង​​ប៉េតង់ ​៤ ក្រុម ដោយ​​មាន​អត្តពលិក​​សរុប​ជាង​ ៦០០ ​នាក់​។

លោក ​ភឹម ​ផួយ ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ខ្សាច់​កណ្តាល​ និង​ជា​ប្រធាន​គ្រប់គ្រង​កីឡា​ការ៉ាតេដូ​ ដែល​​ទីតាំង​ហ្វឹកហាត់​មាន​លក្ខណៈ​ស្តង់ដា​ល្អ ​ជិត​សាលា​ស្រុក​ខ្សាច់​កណ្តាល​នោះ ​​បាន​ប្រាប់​​ថា​៖ «​ចំពោះ​ប្រភេទ​កីឡា​ការ៉ាតេ​នឹង​ធ្វើ​ការ​ប្រកួត​ នៅ​ស្រុក​ខ្សាច់​កណ្តាល​នេះ​តែ​ម្តង​ ដោយ​មាន​ ៥ ​ក្លិប ​គឺ​​ក្លិប​អង្សរក្ស​ ​ក្លិប​គគីគៀនស្វាយ​ ​ក្លិប​ល្វាឯម​ ​ក្លិប​រ៉ូតា​ និង​​ក្លិប​ខ្សាច់​កណ្តាល​ ហើយ​ទីលាន​ និង​អត្តពលិក យើង​​ត្រៀម​រួច​រាល់​ហើយ​ រង់ចាំ​តែ​បទ​បញ្ជា ​និង​បញ្ហា​ជំងឺ​កូវីដ ​១៩ ​ធូរ​ស្រាល​​យើង​នឹង​ប្រកួត​ភ្លាម»​៕