ភ្នំពេញ៖ ​ព្រឹត្តិកាណ៍​ប្រកួត​​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ទិវា​​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ ​លើក​ទី​២៥​ ដែល​ខកខាន​មិន​អាច​ប្រកួត​បាន​ កាល​ពី​ឆ្នាំ ​២០២០ ដោយសារ​ករណី​វិបត្តិ​កូវីដ ​១៩ ​នោះ ​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) សម្រេច​រៀបចំ​ឡើង​វិញ នៅ​​ថ្ងៃ​ទី ២៣​ និង​ថ្ងៃ​ទី ​២៤ ខែ ​មករា ឆ្នាំ ​២០២១ នេះ​។​

អគ្គលេខាធិការ​សហព័ន្ធ​ លោក ​នូ ​ចំរើន​​ បាន​​ប្រាប់​​ថា​​ ការ​​ប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​​ឆ្នាំ ​២០២០ ​នេះ គឺ​បាន​​ច្របាច់​បញ្ចូល​គ្នា​​ជាមួយ​ការ​ប្រណាំង​កង់​លក្ខណៈ​មហាជន ​ដែល​គ្រោង​រួច​ហើយ​ថា ​នឹង​ធ្វើ​នៅ​​ថ្ងៃទី ​២៣​ ខែ​មករា​​នេះ នៅ​ខេត្ត​សៀមរាប ​គឺ​មុន​ ​១ ​ថ្ងៃ ​នៃ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ​ ដែល​គ្រោង​នឹង​រៀបចំ​ខួប​លើក​ទី២៥ ​ឆ្នាំ​ នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ ខេត្ត​សៀមរាប នា​ថ្ងៃ​ទី ​២៤​ ខែ​មករា ​នេះ​ដែរ​។​

លោក​​បន្ថែម​ថា​៖ «​ការ​ប្រកួត​​ថ្នាក់​ជាតិ​​ឆ្នាំ ​២០២០ បាន​​លើក​ពេល​រហូត​ដល់​ឆ្លង​ឆ្នាំ​ ប៉ុន្តែ​ពេល​នេះ ​យើង​បាន​កំណត់​រួច​ហើយ​ថា​ ព្រឹត្តិការណ៍​ធំ​មួយ​នេះ ​នឹង​រៀបចំ​ជា​ថ្មី នៅ​ថ្ងៃទី ​២៣ ខែ​មករា ឆ្នាំ ​២០២១ ដោយ​មាន​ការ​ចូលរួម​មក​ពី​ក្លិប ​និង​សមាគម​ទូទាំង​ប្រទេស​​ជាង ​២០ ​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ​ មាន​អ្នក​ចុះ​ឈ្មោះ​មក​ចូលរួម​ប្រកួត​ចំនួន ​៣១៩ ​នាក់​»​។​

លោក​​លម្អិត​ថា​៖ ​«​ការ​​​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​មាន​អត្តពលិក​​តែ​ ​១៤ ​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​​ប្រកួត​គ្នា​លើ​វិញ្ញាសា​ប្រណាំង​កង់គួក ​​ចម្ងាយ ​១០៥ ​គីឡូម៉ែត្រ​ ដោយ​ចេញ​ពី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ​ក្បែ​ព្រះរាជដំណាក់​ ឆ្លង​កាត់​ក្នុង​ក្រុង ​និង​វិញ្ញាសា​​ប្រណាំង​កង់​ភ្នំ​ចម្ងាយ ​៤៣ ​គីឡូម៉ែត្រ​ ហើយ​ក្រៅ​ពី​នេះ​ ជា​ការ​ប្រកួត​មហាជន​។ ចំពោះ​​​ការ​ជ្រើសរើស​ទីតាំង​ប្រកួត​នៅ​ខេត្ត​សៀមរាប​នេះ​ គឺ​ដើម្បី​អបអរ​សាទរ​ជាមួយ​ទិវា​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ​គឺ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ ដែល​​ធ្លាប់​ទាក់ទាញ​បាន​កីឡាករ​ កីឡាការិនី​ជាតិ និង​អន្តរជាតិ​ជាង ១ ​ម៉ឺន​នាក់ ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ​២០១៩»​។

ចំណែក​លោក​ វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ NOCC ដែល​ជា​អ្នក​គ្រប់គ្រង​ទៅ​លើ​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អង្គរ​បាន​ថ្លែង​​ថា៖ ​«ទិវា​រត់​ប្រណាំង​​នេះ ​ល្បីល្បាញ​ខ្លាំង ​គឺ​ស្រូប​ទាញ​អ្នក​រត់​បាន​ច្រើន​ជាង ១ ម៊ឺន​នាក់ ​ប៉ុន្តែ​ឆ្នាំ ​២០២០ យើង​ខកខាន​ច្រើន​លើក​ច្រើនសា ​ដោយ​សារ​កូវីដ ​១៩ អ៊ីចឹង​ការ​រៀបចំ​ឡើង​វិញ​​ចុង​ខែ​មករា​នេះ ​​យើង​​មិន​ឱ្យ​អ្នក​មក​ពី​ក្រៅ​ប្រទេស​ចូលរួម​ទេ គឺ​​យើង​បើក​ទូលាយ​ត្រឹមតែ​អ្នក​រត់​ក្នុង​ស្រុក​ប៉ុណ្ណោះ ហើយ​​ការ​រៀបចំ​នឹង​អនុវត្ត​ឱ្យ​​បាន​​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល ដើម្បី​​ការពារ​​​ការ​រីក​រាលដាល​ជំងឺ​កូវីដ​»​។​

ចំពោះ​គោល​បំណង​វិញ​លោក ​វ៉ាត់​ ចំរើន​ បាន​​បញ្ជាក់​​ថា​៖ «ទិវា​រត់​ប្រណាំង​អន្តរជាតិ​អង្គរ​នេះ ​គឺ​ជា​ព្រឹត្តិការណ៍​កីឡា​ធំ ​មាន​គោល​បំណង​ធំ​ក្នុង​ការ​បំផុស​ស្មារតី​ប្រជាជន​​ឱ្យ​ចូល​រួម​លេង​កីឡា​ ដើម្បី​សុខភាព​មិត្តភាព ​សាមគ្គីភាព​ និង​ស្វែងរក​ថវិកា​សប្បុរសធម៌ ដែល​បាន​បរិច្ចាគ​ថវិកា​ជា​ច្រើន​ម៉ឺន​ដុល្លារ​​ទៅ​ដល់​មន្ទីរពេទ្យ អង្គការ​សង្គម​នានា​កន្លង​មក ​រាល់​ឆ្នាំ​ផង​ដែរ​»។

នៅ​ពេល​សួរ​​ពី​ចំនួន​អ្នក​ចូលរួម និង​ថា​តើ​ការ​ប្រកួត​នេះ អាច​លើក​ពេល​ម្តង​ទៀត ឬ​យ៉ាងណា? លោក​ វ៉ាត់​ ចំរើន​ បាន​ឆ្លើយ​តប​ថា​៖ ​«​តាម​ស្ថិតិ​ចាស់​មាន​​ខ្ទង់ ​១ ពាន់​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​មាន​អ្នក​ចុះ​ឈ្មោះ​​បន្ថែម​ និង​មាន​អ្នក​ខ្លះ គឺ​​ក្រុម​គណៈកម្មការ​យើង​​ផ្ទៀងផ្ទាត់​ទៅ​បាន​​ដក​ខ្លួន​ចេញ ​ហេតុ​នេះ​ចំនួន​ពិត​ប្រាកដ​នៅ​មិន​ទាន់​កំណត់​បាន​ទេ តែ​យើង​រក្សា​ចំនួន​ឱ្យ​នៅ​​ក្រោម ​១ ពាន់​នាក់​។​ ចំណែក​ការ​ប្រែប្រួល ឬ​លើក​ពេល គឺ​បើ​មាន​ករណី​ផ្ទុះ​កូវីដ ​១៩ ​ឬ​មាន​ការ​ណែនាំ​ពី​ក្រសួង​ជំនាញ​ ពិសេស​ក្រសួង​សុខាភិបាល​ឱ្យ​ផ្អាក​ភ្លាមៗ​នោះ​ គឺ​យើង​នឹង​អនុវត្ត​តាម ​ដោយ​គ្មាន​លក្ខខណ្ឌ​»៕