
ការប្រកួតប្រដាល់គុនខ្មែរ ដែល NOCC និងក្រសួងទេសចរណ៍ ព្រមទាំងដៃគូសហការ បានរៀបចំនៅតាមខេត្តកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ៦ ប្រចាំឆ្នាំ ២០២០ នេះ បានប្តូរវេនទៅដល់ខេត្តបាតដំបង ដែលគ្រោងនឹងធ្វើនៅខេត្តបាត់ដំបង ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា ចំណែកគម្រោងនៃកម្មវិធីរៀបចំប្រកួតកីឡា នឹងបង្កើនឲ្យកាន់តែប្លែក និងមានប្រិយភាពសម្រាប់មហាជន ហើយការបង្កើនប្រភេទកីឡានេះ ត្រូវបានគណៈកម្មការកីឡាប្រាប់ថា មានចំនួនរហូតជិត ១០ ប្រភេទហើយ នឹងមិនទាន់បិទបញ្ជីនៅឡើយទេ។
សម្រាប់ប្រភេទកីឡា ដែលបានដាក់ឲ្យប្រកួតនៅបុណ្យទន្លេឆ្នាំនេះ នឹងមានការបែងចែកកម្មវិធីទៅតាមប្រភេទកីឡា ប៉ុន្តែមានតែប្រដាល់មួយគត់ ដែលប្រកួតទាំង ៣ ថ្ងៃពេញ ហើយតាមប្រភពច្បាស់ការពីប្រធានអនុគណៈកម្មការរៀបចំកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានទម្លាយឲ្យដឹងថា នឹងមានកីឡាប្រដាល់គុនខ្មែរយ៉ាងតិច ១៥ គូ នឹងត្រូវដាក់ឲ្យប្រកួត ដោយសហការជាមួយនឹងទូរទស្សន៍អប្សរា ដើម្បីឲ្យមានការផ្សាយផ្ទាល់ជូនមហាជនបានទស្សនាទូទាំងប្រទេស។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានអនុគណៈកម្មការកីឡានៅបុណ្យទន្លេបានប្រាប់ថា៖ «បុណ្យទន្លេឆ្នាំនេះ យើងប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង ហើយកម្មវិធីប្រចាំឆ្នាំថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលនេះ ជាការបង្ហាញពីសក្តានុពលទេសចរណ៍ ដោយមានពិពណ៌ផលិតផលស្នាដៃរីកចម្រើនរបស់ជាតិ និងជាការរំឭកដល់ព្រះម៉ែគង្គគា ព្រោះមានទឹក ទើបយើងមានជីវិត អ៊ីចឹងយើងគប្បីមានពិធីរំឭក និងថែរក្សាបរិស្ថានឲ្យបានល្អ ព្រមទាំងការអភិវឌ្ឍ»។
លោកបានបន្តថា៖ «ជាមួយគ្នានេះសកម្មភាពកីឡា ត្រូវរៀបចំឲ្យបានធំជាងបណ្តាឆ្នាំមុនៗ ជូនមហាជនទស្សនាបានទូលំទូលាយ គឺយើងនឹងដាក់ឲ្យមានការប្រកួតចំនួនជិត ១០ ប្រភេទ គឺធំជាងឆ្នាំមុនៗ ដោយផ្តោតទៅប្រភេទកីឡាមានប្រជាប្រិយ និងប្លែកៗផងដែរ ខណៈកីឡាដែលមានប្រជាប្រិយភាពបំផុត សម្រាប់មហាជននៅលើទឹកដីខេត្តបាត់ដំបង គឺប្រដាល់គុនខ្មែរតែម្តង»។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ផងនោះបន្ថែមថា ក្រៅពីប្រដាល់គុនខ្មែរ យើងមានរត់ប្រណាំង ១០ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ប្រកួតចំបាប់បុរាណ គុនល្បុក្កតោ បាល់ទាត់ បាល់ទះ ទាញព្រ័ត្រ ប៊ូល និងប៉េតង់ ព្រមទាំងមានកីឡាមួយចំនួនទៀត កំពុងរៀបចំទៅតាមលទ្ធភាពជាក់ស្តែង ព្រោះពេលវេលាកំណត់មិនទាន់បញ្ចប់នៅឡើយទេ។
ចំណែកលោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុ និងទូរទស្សន៍អប្សរា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា៖ «ទាំងព្រឹត្តិការណ៍បុណ្យសមុទ្រ និងបុណ្យទន្លេនេះ គឺស្ថានីយទូរទស្សន៍អប្សរា បានសហការជាមួយ NOCC ក្រសួងទេសចរណ៍ ដើម្បីផ្សាយផ្ទាល់ជូនមហាជនទស្សនានៅទូទាំងប្រទេសរយៈពេល ៣ ថ្ងៃពេញដូចគ្នា»។
ជាមួយគ្នានេះ លោក សុខ សំណាង មន្ត្រីសម្របសម្រួលនៃទូរទស្សន៍អប្សរាបានឲ្យដឹងថា តាមគម្រោងសហការជាមួយ NOCC គឺយើងទទួលរៀបចំចំនួន ៣ ថ្ងៃ ដែលសរុបមានកីឡាករ ១៥ គូ ស្មើនឹង ៣០ នាក់ ក្នុងនោះមានមកពីខេត្តបាត់ដំបង ១៣ នាក់ មកពីខេត្តសៀមរាប ៦ នាក់ពីខេត្តបន្ទាយមានជ័យ ៥ នាក់ មកពីរាជធានីភ្នំពេញ ៣ នាក់ និងកីឡាករថៃចំនួន ៣ នាក់ ហើយសង្វៀនប្រដាល់អប្សរា ទទួលបានសិទ្ធិពេញលេញក្នុងការសហការជាមួយដៃគូមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ NOCC និងក្រសួងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យកីឡាប្រពៃណីដែលមានប្រជាប្រិយជាងគេ»៕