ភ្នំពេញ: ប្រភេទ​កីឡា​ទាំង​ ១២ ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​​ ៥ នៅ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ​ត្រូវ​បាន​អ្នក​គ្រប់គ្រង​ទៅ​លើ​ការប្រកួត​នេះ វាយតម្លៃ​ថា​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​ត្រចះត្រចង់ ហើយ​ពិធីបុណ្យ​រយៈពេល​ ៣ ​ថ្ងៃ​នេះ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម​ប្រមាណ​ ១ ​លាន​នាក់​។

លោក វ៉ាត់ ចំរើន ប្រធាន​អនុគណៈកម្មការ​កីឡា​បុណ្យ​ទន្លេ និង​ជា​អគ្គលេខាធិការ NOCC បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ប្រកួត​ចុងក្រោយ​ថា​៖ «​សកម្មភាព​កីឡា​ទាំង​ ១២ ​ប្រភេទ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​នៅ​បុណ្យ​ទន្លេ​នេះ យើង​អាច​វាយតម្លៃ​ថា​គឺ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​មាន​ការចូលរួម​ក៏​ច្រើន និង​មាន​ការទាក់ទាញ​ពី​អ្នក​ទស្សនា​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក៏​ច្រើន​»​។

គួរ​បញ្ជាក់​ថា​ប្រភេទ​កីឡា​ទាំង​ ១២ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​នៅក្នុង​ពិធីបុណ្យ​ទន្លេ​រយៈពេល​ ៣ ​ថ្ងៃ​រួម​មាន​រត់ប្រណាំង​កម្សាន្ត​ចម្ងាយ​ ៣ ​គីឡូម៉ែត្រ និង​ ៥ គីឡូម៉ែត្រ​នៅ​ព្រឹក​ថ្ងៃ​សុក្រ កីឡា​បាល់ទាត់​ចំនួន​ ៣ ​ថ្ងៃ​ពេញ កីឡាបាល់ទះ ៣ ​ថ្ងៃ​ពេញ ចំបាប់​បុរាណ ៣ ​ថ្ងៃ​ពេញ ប្រណាំង​សេះ​នៅ​ថ្ងៃ​អាទិត្យ ទាញព្រ័ត្រ នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ វាយសី ៣ ​ថ្ងៃ​ពេញ ជិះ​កង់​កម្សាន្ត​នៅ​ថ្ងៃ​សៅរ៍ ប្រណាំងទូក​នៅ​ថ្ងៃ​អាទិត្យ បាល់បោះ​នៅ​ថ្ងៃ សុក្រ និង​ថ្ងៃ​សៅរ៍​ប្រដាល់​គុន​ខ្មែរ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ហើយ​កីឡា​ប្រពៃណី​ល្បុក្កតោ សម្តែង និង​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​។

ជុំវិញ​ចំនួន​អ្នក​ចូលរួម​លេង​នៅ​តាម​ប្រភេទ​កីឡា​ទាំងនេះ​លោក វ៉ាត់ ចំរើន បាន​បន្ត​ថា​៖ «​អ្វី​ដែល​យើង​ឃើញ​មាន​ភាពផុសផុល​ជាង​គេ​គឺ រាល់​សកម្មភាព​កីឡា​ចាប់ពី​ព្រឹក​រហូត​ដល់​យប់​តែងតែ​មាន​ការគាំទ្រ ហើយ​អ្នក​សម្តែង និង​អ្នកចូលរួម​លេង​ក៏ច្រើន​ដែរ​គឺ​គ្រាន់តែ​អ្នក​ចូលរួម​លេង​មាន​ជាង​ ៣០០០ ​នាក់​ក្នុង​នោះ​អ្នកចូលរួម​លេង​ការរត់​ប្រណាំង​មាន​ជាង​ ២០០០ ​នាក់​ជិះ​កង់​កម្សាន្ត​ជាង​ ៥០០ ​នាក់​ក្រៅពី​នោះ​មាន​បាល់ទាត់ បាល់បោះ និង​បាល់ទះ​ក៏​មាន​ការចូលរួម​ច្រើន​ផង​ដែរ​»​។

លោក វ៉ាត់ ចំរើន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ផង​នោះ​បាន​បន្ថែម​ថា​៖ «​អ្វី​ដែល​មាន​ការរំភើប និង​ប្លែក​ជាងគេ​គឺ​នៅក្នុង​ខេត្ត​នេះ យើង​ឃើញ​មាន​កីឡា​ទាញព្រ័ត្រ កីឡា​ល្បុក្កតោ ចំបាប់​បុរាណ និង​ប្រដាល់​គុន​ខ្មែរ មាន​ការគាំទ្រ​ច្រើន ហើយ​ការដាក់​ឲ្យ​មាន​ការប្រណាំង​សេះ​នៅ​ថ្ងៃ​អាទិត្យ​នោះ​ធ្វើឲ្យ​ប្រជាជន​គាត់​ប្លែក​អារម្មណ៍ និង​គាំទ្រ​ខ្លាំង​»​។

«​ចំណែក​អុំ​ទូកង​វិញ​គឺ​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​មិន​ដែល​បាន​អុំ​ទេ ដោយសារ​កាល​មុន​ទន្លេ​នេះ​មាន​ភាពស្មុគស្មាញ​ដោយ​មាន​ផ្ទះ​នៅ​លើ​ទឹក​គ្មាន​ភាព​អំណោយ​ផល​ទេ អ៊ីចឹង​ការដាក់​ឲ្យ​មាន​ការប្រណាំងទូក​នេះ​គឺ​យើង​ឃើញ​នៅ​តាម​មាត់ទន្លេ​មាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាន​មក​ទស្សនា​ការប្រណាំង​ទូក​របស់​យើង​»​។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា​៖ «​ជា​សរុប​យើង​វាយតម្លៃ​ថា​ការរៀបចំ​សកម្មភាព​កីឡា និង​ការប្រកួត​កីឡា​ទាំង​ ១២ ​ប្រភេទ​នៅ​បុណ្យ​ទន្លេ​នេះ ទទួល​បាន​ការគាំទ្រ​ខ្លាំង និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ហើយ​យើង​គិត​ថា​នេះ​ជា​បទពិសោធ​ល្អ​សម្រាប់​យើង​ក្នុង​ការធ្វើការ​កែលម្អ និង​កែច្នៃ​នូវ​សកម្មភាព​កីឡា និង​ការប្រកួត​កីឡា​នេះ​សម្រាប់​ការរៀបចំ​នៅក្នុង​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​ក្រោយៗ​ទៀត​»៕