ភ្នំពេញ៖ ព្រឹត្តិការណ៍​បាល់ទាត់​សម្រាប់​កុមារា​-កុមារី​នៃ​អង្គការ​ផ្កាយ​សមុទ្រ ​(​ISF​) ប្រចាំ​ឆ្នាំ ​២០២០ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​​ទីលាន​ចំនួន ​៨ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​មាន​អត្តពលិក​ចូលរួម​ជាង ​៥០០ នាក់ ​ស្មើ ​៤៥ ​ក្រុម ហើយ​អ្នក​​ទាំង​នេះ ជា​ក្មេងៗ​មក​ពី​​​អង្គការ​ផ្កាយ​សមុទ្រ ​និង​អង្គការ​ជា​ដៃ​គូ​នានា។

សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​នេះ បាន​ធ្វើ​សកម្មភាព​រីក​ចម្រើន​ជាង ​១៤ ​ឆ្នាំ​មក​ហើយ ស្រប​ទៅ​នឹង​ស្ថានភាព​តម្រូវ​ការ​​ចាំបាច់​​របស់​កុមារ ​និង​បច្ចេកទេស​របស់​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​ ​ដោយ​​មាន​ទស្សនៈ​ផ្តល់​ជូន​ចំពោះ​កុមារ ​ដែល​គ្មាន​ឱកាស​បាន​ចូល​សាលា​រៀន​ និង​ទទួល​បាន​ការ​អប់រំ​ជំនាញ​លេង​កីឡា​បាល់ទាត់​តម្រង់​ទិស​ទៅ​រក​កម្រិត​​អាជីព​។​

នៅ​ក្នុង​ការ​​ប្រកួត​រយៈពេល​ពេញ ​១ ថ្ងៃ នៅ​ទីលាន​ ISF Sports Ground ស្ថិត​​នៅ​ឃុំ​រលួស ​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ ​​កញ្ញា ​ជួប ​វិច្ឆិកា ​នាយិកាអង្គការ​ផ្កាយ​សមុទ្រ​ ​បាន​​ប្រាប់​​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​ ​សកម្មភាព​ និង​ការ​ទទួល​បាន​លទ្ធផល​ល្អ ​មក​ដល់​ពេល​នេះ​ គឺ​មាន​សប្បុរស​ជន​ច្រើន​នៅ​ក្រៅ​ប្រទេស​ តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្មេងៗ​របស់​កម្ពុជា ​ដែល​គ្មាន​ឱកាស​បាន​អប់រំ ​និង​លេង​បាល់ទាត់​។

នាយិកា​រូប​នេះ​បាន​រំឭក និង​បញ្ជាក់​​ថា​៖ ​«​សកម្មភាព​ដែល​​អង្គការ​ផ្កាយ​សមុទ្រ​បាន​ចាប់​ផ្តើម​ពី​ដំបូង​ គឺ​ពី​កុមារ​ចំនួន​តែ ​១៥ ​នាក់​ ក្នុង​ឆ្នាំ ​២០០៦​ តែ​មក​ដល់​​បច្ចុប្បន្ន​នេះ​ យើង​មាន​ជាង ​៣ ​៥០០ នាក់​ ​ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ចងចាំ​ពី​​វីរភាព​របស់​លោក​ Ian Thompson Memorial ​ដែល​ជា​មនុស្ស​ដ៏​អស្ចារ្យ​ ស្រឡាញ់​កុមារ​ និង​ជួយ​កម្មវិធី​ទាំង​នេះ​។ ​ទោះ​គាត់​បាន​ស្លាប់​កាល​ពី​ឆ្នាំ ​២០០១​ ប៉ុន្តែ​ប្រពន្ធ​ និង​កូន​របស់​គាត់​ចំនួន ​៤ ​នាក់ ​នៅ​តែ​រៃ​អង្គាស​ជួយ​ដល់​កម្មវិធី​របស់​អង្គការ​ផ្កាយ​សមុទ្រ​មក​ដល់​ពេល​នេះ​»។​

ចំណែក​លោក​ យិន​ សាមឌី​ នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​បាន​​ឲ្យ​ដឹង​ថា៖ ​«ចក្ខុវិស័យ​របស់​អង្គការ​ផ្កាយ​សមុទ្រ​ គឺ​​ផ្តល់​ជូន​កុមារ​គ្មាន​ទីពឹង​ឲ្យ​ទទួល​បាន​ការ​អប់រំ ​និង​រំដោះ​ចេញ​ពី​ភាព​ក្រីក្រ​មក​ទទួល​បាន​ការ​​បណ្តុះបណ្តាល​ និង​ថែ​ទាំ​សុខភាព​។ ​បន្ថែម​ពី​លើ​នេះ​កម្មវិធី​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ភាព​កក់ក្តៅ ​នូវ​​សាលារៀន​លេង​កីឡា ​និង​ការ​ថែទាំ​សុខភាព ​ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​ឆ្ពោះ​ទៅ​កម្រិត​​អាជីព​មួយ​ទៅ​តាម​បំណង​ និង​និស្ស័យ​របស់​ពួក​គេ​រៀងៗ​ខ្លួន នា​ពេល​អនាគត»​​។​

តាម​កញ្ញា​ ទេពី​ មន្ត្រី​សម្រប​សម្រួល​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​​ឆ្នាំ ​២០២០ ​នេះ ​មាន​អ្នក​​ចូល​រួម​ចំនួន​ ​៥០០ ​នាក់​ ស្មើ​នឹង ៤៥ ​ក្រុម​ មក​ពី​ខេត្ត​ និង​រាជធានី​ចំនួន ​១០​ គឺ​កើន​លើស​ឆ្នាំ ​២០១៩​ ដែល​មាន​តែ​ជាង ​៤៥០ ​នាក់​ ហើយ​យើង​បាន​បែង​ចែក​ការ​ប្រកួត​ទៅ​តាម​ប្រភេទ​អាយុ ក្នុង​នោះ ២៥ ​ក្រុម ស្ថិត​ក្នុង​​អាយុ​ក្រោម ​១៤ ​ឆ្នាំ​ (U14) ​១០ ​ក្រុម​អាយុ​ក្រោម ​១០ ​ឆ្នាំ ​និង ​៥ ​ក្រុម​អាយុ​ក្រោម ​១៦ ​ឆ្នាំ​។ យើង​បាន​ប្រើ​ការ​ប្រកួត​សរុប​ ​១១៥ ​ប្រកួត ​ខណៈ​ដែល​លក្ខខណ្ឌ​នៃ​ការ​ប្រកួត គឺ​​គោរព​តាម​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ដែល​មាន​គ្រូ​ជំនាញៗ​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល​។

ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​ពេញ ​១ ថ្ងៃ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ ចំណាត់​ថា្នក់​លេខ ១ ក្របខ័ណ្ឌ ​U16 ​បាន​ទៅ​សាលា​សំរោង ​រាជធានី​ភ្នំពេញ​ ​និង​លេខ ​២ ​​ក្រុម​មូលនិធិ​ផ្កាយ​សមុទ្រ​ស្ទឹងមានជ័យ​រាជធានី​ភ្នំពេញ​ ចំណែក​ក្របខ័ណ្ឌ​ ​U14 ​ចំណាត់​ថ្នាក់​លេខ ​១ ​បាន​ទៅ​ក្រុម​សាលា​អូតាសុខ ​ខេត្ត​បាត់ដំបង​ និង​លេខ ​២ ​បាន​ទៅ​ក្រុម ​DCC ខេត្ត​បាត់ដំបង​ ហើយ​​ការ​ប្រកួត​ ​U10 ​ចំណាត់​ថ្នាក់​លេខ ​១ ​បាន​ទៅ​សាលា Stepping Stone ​ខេត្ត​សៀមរាប​ និង​លេខ​ ​២ ក្រុម​​សាលា​សំរោង​រាជធានី​ភ្នំពេញ​៕​