The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រឹទ្ធាចារ្យ​កីឡា ចាន់ ប៊ុនធឿន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់




ព្រឹទ្ធាចារ្យ​កីឡា ចាន់ ប៊ុនធឿន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

Content image - Phnom Penh Post
ព្រឹទ្ធាចារ្យ​កីឡា លោក ចាន់ ប៊ុនធឿន បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បានត្រឹម​ដេកនៅ​លើ​គ្រែ។ សហ​ការី

ព្រឹទ្ធាចារ្យ​កីឡា ចាន់ ប៊ុនធឿន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

ភ្នំពេញ៖ គ្រូបង្វឹក​ក្បាច់​គុន​កីឡា​ច្រើន​ប្រភេទ ជាពិសេស​កីឡា​ប្រយុទ្ធ​មាន​ហាប់​គី​ដូ និង​យុទ្ធ​គុនខម លោក ចាន់ ប៊ុនធឿន ដែល​ជា​ឪពុក​បង្កើត​របស់​កីឡា​ប្រយុទ្ធ​ល្បី​ឈ្មោះ ចាន់ រតនា បាន​ធ្លាក់​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ ហើយ​បាន​វិវឌ្ឍ​ទៅ​ជា​មាន​ទឹក​នោមផ្អែម លើស​សម្ពាធ​ឈាម។ កាល​ពី​សប្តាហ៍​មុន គាត់​បាន​ចូល​វះកាត់​ឆ្អឹង​ផាល (ឆ្អឹង​ត្រគាក) ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ គាត់​ត្រូវ​ចូល​វះកាត់​ម្តង​ទៀត ដើម្បី​ដក​ដែក​ចេញ។

ក្នុង​វ័យ ៧០ ឆ្នាំ លោក ចាន់ ប៊ុនធឿន ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គ្រូសិល្បៈ និង​គ្រូ​កីឡា​លក្ខណៈ​សម្តែង ក្នុង​នោះ​លោក​ជា​អ្នក​សរសេរ​សៀវភៅ​ចងក្រង​កីឡា​ក្បាច់គុន​ទាក់ទង​ទៅ​នឹង​យុទ្ធ​គុនខម គឺ​លោក​ជា​គ្រូ​កីឡា​ជំនាន់​ជាមួយ​លោក​ព្រឹទ្ធាចារ្យ​កីឡា សាន គឹមស៊ាន លោក សេង ប៊ុនសុង និង​លោក ហុក ឈាងគីម ជាដើម។

ទោះ​យ៉ាង​ណា នៅ​ក្នុង​ចំណោម​កូនៗ​ប្រុស​ស្រី​សរុប​ចំនួន ១៦ នាក់ ​របស់​លោក ចាន់ ប៊ុនធឿន គឺ​មាន​តែ ចាន់ រតនា ម្នាក់​គត់ ដែល​ទទួល​ស្នង​មរតក​ក្បាច់​គុន បន្ត​ពី​លោក ហើយ​នៅ​ក្នុង​ស្ថានភាព​លំបាក​ក្នុង​ជីវភាព និង​ជួប​បញ្ហា​លំបាក​ក្នុង​វ័យចាស់​ជរា និង​ចូល​ព្យាបាល​មន្ទីរពេទ្យ​នេះ ក៏​មាន​តែ ចាន់ រតនា ដែរ ដែល​ជា​កូន​មាន​លទ្ធភាព​រ៉ាប់រង​ជួយ​លោក​ក្នុង​ការ​ព្យាបាល ឬ​ទប់ទល់​ជីវភាព។

អ្នកស្រី ឈួន ឈឿន ជា​ភរិយា ដែល​មាន​វ័យ ៧០ ឆ្នាំ​ដែរ​នោះ បាន​ប្រាប់​ថា៖ «ឥឡូវ​គាត់ (ប៊ុនធឿន) និយាយ​មិន​ច្បាស់​ទេ និង​ភ្លេច​ការ​ចងចាំ​ច្រើន​ណាស់ ដើរ​មិន​រួច​ដេក ១ កន្លែង​ហើយ។ គាត់​មាន​ជំងឺ​ប្រចាំ​កាយ គឺ​ទឹក​នោមផ្អែម លើស​សម្ពាធ​ឈាម ហើយ​កាល​ពី​សប្តាហ៍​មុន​គាត់​ដួល​ធ្វើ​ឱ្យ​បាក់​ឆ្អឹង​ផាល គឺ​បន្ថែម​ធ្ងន់​មួយ​ទៀត លើ​ជំងឺ​រ៉ាំរៃ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «កាល​នៅ​ជំរំ​ភៀស​ខ្លួន ព្រំប្រទល់​ប្រទេស​ថៃ គាត់​ជា​អ្នក​បង្ហាត់​កីឡា​កាយសម្ព័ន្ធ កីឡា​ប្រដាល់ និង​កីឡា​ហាប់គីដូ ហើយ​ក្នុង​ចំណោម​កូន​ជាច្រើន​នេះ មាន​កូន​ប្រុស ២ នាក់​ទេ គឺ ចាន់ ប៊ុនធី និង ចាន់ រតនា ប៉ុន្តែ​អ្នក​ទទួល​ស្នង​ជំនាញ​ពី​គាត់ មាន​តែ ចាន់ រតនា ម្នាក់​គត់»។

ភរិយា​រូប​នេះ បាន​បញ្ជាក់​ថា៖ «ក្នុង​ស្ថានភាព​លំបាក​យ៉ាប់​ខ្លាំង ក្នុង​ជីវភាព​វ័យ​ចាស់ ពិសេស​ក្នុង​ពេល​ចូល​ពេទ្យ​បែប​នេះ មាន​តែ ចាន់ រតនា ម្នាក់​ទេ ដែល​បាន​ជួយ​ជ្រោមជ្រែង​ជាង​គេ ខណៈ​ដែល​កូនៗ​ជាច្រើន​ទៀត មាន​ជីវភាព​លំបាក​លំបិន​ដូច​គ្នា ពុំ​មាន​លទ្ធភាព​ជួយ​បាន។ ចំណែក​ការ​ចំណាយ​វិញ គឺ ១ សប្តាហ៍​នេះ អស់​ជាង ២ ០០០ ដុល្លារ ហើយ រតនា និង​បង​ប្រុស​គេ​បាន​ជួយ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ មិន​ដឹង​ថា បាន​អ្វី​ខ្លះ​សម្រាប់​ថែទាំ​គាត់​នោះទេ ពិត​ជា​កម្សត់​ណាស់»។

លោក សេង ប៊ុនសុង មិត្ត​រួម​ជំនាន់​ក្នុង​កីឡា​ប្រយុទ្ធ​របស់​លោក ចាន់ ប៊ុនធឿន ដែល​ទើប​វិល​ពី​អាមេរិក​បាន​ប្រាប់​ថា៖ «ខ្ញុំ​ធ្លាប់​ហាត់​គុន​ជាមួយ​គ្នា តាំង​ពី​ទសវត្សរ៍ ១៩៨០ ក្នុង​នោះ លោក ចាន់ ប៊ុនធឿន ពេល​ខ្ញុំ​ឡើង​ប្រកួត​ជាមួយ​ថៃ គាត់​ជា​អ្នក​ឱ្យ​ទឹក​ខ្ញុំ។ គាត់​ជា​គ្រូបង្វឹក​កីឡា​ប្រយុទ្ធ និង​ជា​អ្នក​និយម​ហាត់​គុន​ច្រើន​ប្រភេទ​កីឡា ដូចជា​មាន​ហាប់គីដូ ​គឺ​កាល​នៅ​ជំរំ គាត់​បាន​ដូចជា​ខ្សែ​ក្រវាត់​ខ្មៅ ៣ ដាន់ និង​ជា​គ្រូ​កាយសម្ព័ន្ធ ជាពិសេស​គាត់​មាន​ទេពកោសល្យ​បង្ហាត់​សិល្បៈ​ក្បាច់​គុន ដើម្បី​បង្ហាញ​ជា​សូ»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ទៅ​សួរ​សុខទុក្ខ​គាត់ ហើយ​កំពុង​ទាក់ទង ចាន់ រតនា ដើម្បី​បាន​ជួយ​ឧបត្ថម្ភ​ជីវភាព​ដល់​គាត់​ខ្លះ ហើយ​នៅ​ស្រុក​ខ្មែរ​យើង គ្រូ​កីឡា ឬ​កីឡាករ ដែល​ចាស់​ទៅ គ្មាន​ប្រាក់​ចូលនិវត្តន៍ មិន​ដឹង​ថា ច្បាប់​គេ​យ៉ាង​ណា​ទេ​ ប៉ុន្តែ​ខ្ញុំ​នៅ​អាមេរិក គ្រូ​កីឡា ឬ​កីឡាករ ជា​លក្ខណៈ​ក្រុម ឬ​ឯកជន​ក្តី នៅ​ពេល​ចាស់ គឺមាន​រដ្ឋ​គេ​ជួយ​ចិញ្ចឹម មិន​លំបាក​ទេ សូម្បី​តែ​ឈឺ​ក៏​មាន​ពេទ្យ​ព្យាបាល​មិន​ឱ្យ​យើង​ខ្វល់​ទេ»។

ចំណែក ចាន់ រតនា ជា​កូន​បង្កើត​បាន​និយាយ​ថា៖ «ក្នុង​រយៈពេល ដែល​ជំងឺ​កូវីដ ១៩ វាយ​លុក​ខ្លាំង គឺ​ការងារ​បង្វឹក​ហាត់​របស់​ខ្ញុំ​ធ្លាក់ចុះ ហើយ​ខ្ញុំ​បាន​ឈាន​ដល់​បិទ​ក្លិប​អស់​រយៈ​ច្រើន​ខែ​មក​ហើយ។ បន្ថែម​លើ​នេះ ប៉ា​ខ្ញុំ គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ទៀត ខ្ញុំ​រ៉ាប់រង​ច្រើន​ណាស់ ខណៈដែល​សកម្មភាព​របស់​ក្លិប​សិល្បៈ​គុន​ខ្មែរ​របស់​ខ្ញុំ គ្មាន​ប្រភព​ចំណូល រីឯ​សកម្មភាព​ប្រកួត​របស់​ខ្ញុំ នៅ​ក្រៅ​ប្រទេស ក៏​មិន​ទាន់​មាន​ដំណឹង​ថ្មី​ឡើង​វិញ​ដែរ គឺ​លំបាក​ខ្លាំង។ ខ្ញុំ​មិន​ត្អូញត្អែរ​ទេ តែ​នេះ​ជា​ការ​ពិត ដែល​បាន​កើតឡើង ចំពោះ​យើង​ទាំង​អស់​គ្នា»៕

អត្ថបទគួរចាប់អារម្មណ៍