ភ្នំពេញ៖ ​លោក​ព្រឹទ្ធាចារ្យ​មាន​ជន្មាយុ ៧៤ ​ឆ្នាំ​ ​ហុក ​ឈាងគីម ​​ដែល​​ធ្លាប់​ឆ្លង​កាត់​បទពិសោធ​​ជា​អ្នក​ហាត់​គុន​ប្រភេទ​កីឡាករ​ប្រយុទ្ធ ​មុន​នឹង​​ក្លាយ​ជា​គ្រូ​ក្បាច់​គុន ​ក្នុង​កីឡា​ច្រើន​ប្រភេទ​មាន​កីឡា​ចំបាប់​ ​ការ៉ាតេដូ​ ​តេក្វាន់ដូ​ វ៉ូវីណាម​ ល្បុក្កតោ​ និង​ហាប់គីដូ​នោះ ​បាន​បង្ហាញ​នូវ​គន្លឹះ​សំខាន់ៗ ដែល​ជា​ស្ពាន​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​​កីឡា​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីព​របស់​ខ្លួន។

បើ​ទោះ​បី​ជា ​បច្ចុប្បន្ន​លោក​មាន​​វ័យ​ចាស់​ទៅ​ហើយ ​ប៉ុន្តែ​លោក ហុក ឈាងគីម ​នៅ​តែ​មាន​សុខភាព​ល្អ​ មាំមួន ​និង​​ធ្វើ​សកម្មភាព​កីឡា​ក្រៅ​ប្រព័ន្ធ​ គឺ​តាម​សាលា​រៀន​ឯកជន​ជា​ប្រចាំ​​ហើយ​លោក​មាន​ទស្សនៈ​ទូលំទូលាយ​ ដោយ​ផ្តោត​ទៅ​លើ​សកម្មភាព​កីឡា ​និង​ចង់​បង្ហាញ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយៗ​យល់​ថា​ ​លទ្ធផល​ល្អ​ពី​កីឡា​ មិនមែន​បាន​មក​ពី​ការ​ហ្វឹកហាត់​ត្រឹម​ជំនាញ​បច្ចេកទេស​មួយ​មុខ​ប៉ុណ្ណោះ​ទេ។

លោក ហុក ឈាងគីម ដែល​មាន​កូនៗ​សុទ្ធ​តែ​ជា​អ្នក​កីឡា​នោះ ​បាន​បង្ហើប​ពី​គន្លឹះ​ជោគជ័យ​ទាំង​នោះ​ថា ​ដើម្បី​ជោគជ័យ​ក្នុង​កីឡា​ គឺ​ក្រៅ​ពី​ហ្វឹកហាត់​បច្ចេកទេស​បាន​ត្រឹមត្រូវ ​គប្បី​មាន​វិន័យ​ ក្រម​សីលធម៌​ គុណធម៌ ​និង​សមាធិ​ផ្លូវ​ចិត្ត ព្រោះ​​វា​ជា​ផ្លូវ​ធម្មជាតិ ​ដែល​ព្រះពុទ្ធ​បាន​រក​ឃើញ​ គឺ​សីល​ សមាធិ និង​បញ្ញា​។ មាន​ន័យ​ថា ​សីល​ ជា​វិន័យ ​និង​ក្រម​សីលធម៌ រីឯ​សមាធិ ​ជា​ការ​​តាំង​ចិត្ត​បាន​ល្អ ​ចំណែក​​បញ្ញា​គឺ​កា-​ប្រើប្រាស់​នូវ​ប្រាជ្ញា​ស្មារតី​ ដើម្បី​ប្រើប្រាស់​ជំនាញ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​។​

នៅ​ក្នុង​ពេល​ជួប​សម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ លោក​ ហុក ឈាងគីម បាន​ផ្តល់​នូវ​ទស្សនៈ​ថា​៖ «​លទ្ធផល​ក្នុង​កីឡា​ត្រូវ​មាន​ ​វិន័យ​ គុណធម៌ ​និង​សមាធិ​ផ្លូវ​ចិត្ត​ ​ព្រោះ​​សមត្ថភាព​ និង​បច្ចេកទេស​តែ​មុខ ​មិន​គ្រប់​គ្រាន់​នោះ​ទេ​ គឺ​ទាមទារ​ឲ្យ​ពួក​គេ​ត្រូវ​មាន​ចិត្ត​ក្លាហាន​ ក្នុង​ការ​ប្រកួត​ ដោយ​តាំង​ចិត្ត​ឲ្យ​​មុត​ជាង​កាំបិត​ទៅ​ទៀត​ ​ដូច្នេះ​យើង​ប្រយុទ្ធ​ ត្រូវ​ប្រើ​ចិត្ត​ កុំ​ប្រើ​តែ​បច្ចេកទេស​​ដោយសារ​ចិត្ត​មុត​ ទម្លុះ​ធ្លុះ​ដូច​យើង​បាញ់​ព្រួញ​ គឺ​ចង់​បាន​លទ្ធផល​ដូច​ជា​ធ្លុះ​​ទ្រូង​ម្ខាង ​ទៅ​ទ្រូង​ម្ខាង ​ព្រម​ទាំង​​មាន​អារម្មណ៍​ស្ងប់ ​និង​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង»​។​

លោក​បន្ត​ថា​៖​ «កីឡាករ​ខិតខំ​ប្រឹងប្រែង​ប្រកួត ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ជ័យជម្នះ​ ​គឺ​ចៀសវាង​ប្រព្រឹត្ត​អំពើ​ទាំង​ឡាយ​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ​ឬ​បុគ្គល​ហើយ​ត្រូវ​ចាំ​ថា ​សត្រូវ​ធំ​បំផុត​សម្រាប់​អ្នក​ហាត់​គុន ​មិនមែន​គូ​ប្រកួត​នោះ​ទេ ​ប៉ុន្តែ​​សត្រូវ​ដែល​ធំ​បំផុត​នោះ គឺ​ចិត្ត»​។​

លោក​បាន​បញ្ជាក់​ថា​៖ «ទោះបី​ជា​ខ្ញុំ​បាន​ចូល​និវត្តន៍​ពី​រាជការ​ និង​បាន​លា​ឈប់​ពី​គ្រូ​បង្វឹក​កីឡា​ ក្នុង​សហព័ន្ធ​មួយ​ចំនួន ​ប៉ុន្តែ​ដោយសារ​ជំនាញ​ និង​បទពិសោធ​​ក្នុង​ការ​ហាត់​គុន ​ក្នុង​ការ​បង្វឹក​សិស្ស​ និង​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ គឺ​ទោះ​ខ្ញុំ​ពេល​នេះ​មាន​​វ័យ​ ៧៤ ​ឆ្នាំ​ ខ្ញុំ​នៅ​តែ​រក្សា​​បាន​នូវ​​អាជីព​ជា​ គ្រូ​បង្វឹក​ដល់​ក្មេងៗ​រាប់​រយ​នាក់​ឲ្យ​សាលា​រៀន​ឯកជន​ប៊ែល​ធី ​ដែល​ត្រូវ​ការ​ខ្ញុំ​ជានិច្ច​»។​

ព្រឹទ្វាចារ្យ​កីឡា​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា៖​ «ក្នុង ​១​ សប្តាហ៍​ ខ្ញុំ​ចំណាយ​ពេល ​១៦ ​ម៉ោង​ទៅ​​បង្វឹក​ក្មេងៗ ​ជា​លក្ខណៈ​អប់រំ​កាយ​អប់រំ​ចិត្ត​ និង​តម្រង់​ទិស​ឲ្យ​ពួក​គេ​ជានិច្ច ​គឺ​ទើប​តែ​ផ្អាក​ក្នុង​រយៈពេល​មេរោគ​ឆ្លង​កូវីដ ​១៩ ​នេះ​ប៉ុណ្ណោះ​។​ ក្រៅ​ពី​នេះ​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ​ព្យាបាល​ជំងឺ​អប់រំ​ផ្លូវ​ចិត្ត ​សម្រួល​សរសៃ​ជូន​បង​ប្អូន​ ជា​ការ​ជួយ​ធម្ម​ទាន​មិន​គិត​ប្រាក់​អ្វី​ទាំង​អស់​»​។​

គួរ​រំឭក​ឲ្យ​ដឹង​ថា ​លោក​ព្រឹទ្ធាចារ្យ​ ហុក ឈាង​គីម​ មាន​បទពិសោធ​ជំនាញ​បង្វឹក​កីឡា​ច្រើន​ប្រភេទ​ ក្នុង​កម្រិត​ខ្ពស់​ និង​បាន​បណ្តុះបណ្តាល​កូន​ចៅ​ឲ្យ​ភ្ជាប់​ខ្លួន​ក្នុង​កីឡា​រហូត​។ ​ស្នាដៃ​របស់​លោក ​ក្រៅ​ពី​បច្ចេកទេស​កីឡា​គាត់​បាន​សរសេរ​សៀវភៅ​ថែទាំ​សុខភាព​តាមរយៈ​សមាធិ​អប់​រំ​ផ្លូវ​ចិត្ត ​ចែក​ជូន​មហាជន​ដោយ​មិន​គិត​ប្រាក់ ហើយ​​ក្រៅ​ពី​ភាសា​ខ្មែរ​ លោក​តា​ចេះ​ភាសា​បារាំង​ អង់គ្លេស​ និង​រុស្ស៊ី​ផង​ដែរ​៕​