ភ្នំពេញ៖ ក្រុម​ខេត្ត​ព្រៃវែង នៅ​តែ​រក្សា​បាន​ភាព​ខ្លាំង​ក្នុង​ការ​បន្ត​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​កោះកុង ដើម្បី​កក់​កៅអី​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី​១៤ (ថ្នាក់​ខេត្ត) ឆ្នាំ ​២០២០ ហើយ​ក្រុម​ខេត្ត​សៀមរាប ​បាន​ទម្លាក់​ក្រុម​ខេត្ត​កណ្តាល​ទាំង​ព្រលឹង​ចុង​សក់ ចំណែក​ក្រុម​ចំនួន ​៤ ​ទៀត នឹង​ប្រកួត​កាត់​សេចក្តី​ជើង​ទី២ វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ នៅ​រសៀល​ម៉ោង ​៣ ថ្ងៃ​ពុធ​នេះ។

បើ​ទោះបី​ជា​ការ​ប្រកួត​កាត់​ក្តី​ ជើង​ទី​២ កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​ធ្វើ​នៅ​លើ​ទឹក​ដី​ក្រុម​ខេត្ត​កោះកុង ប៉ុន្តែ​ក្រុម​ខេត្ត​ព្រៃវែង ដែល​ភាគ​ច្រើន​ជា​យុវជន​របស់​ក្លិប​វិសាខា នោះ នៅ​តែ​រក្សា​ទម្រង់​លេង​បាន​ល្អ និង​បាន​​ឈ្នះ ៣-០ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ៥-១ កាល​ពី​ជើង​ទី ​១ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង។

តាមរយៈ​ការ​ឈ្នះ​ទាំង ​២ ​ជើង​ជាមួយ​លទ្ធផល​សរុប ៨-១ នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​យុវជន​ដ៏​មាន​សក្តានុពល​របស់​ខេត្ត​ព្រៃវែង មួយ​នេះ បាន​ឡើង​ទៅ​កាន់​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ ជា​លើក​ដំបូង ជាមួយ​ការ​មិន​ទាន់​ស្គាល់​ការ​ចាញ់​​សោះ ព្រោះ​ការ​ប្រកួត ​៤ ​លើក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ខេត្ត​ព្រែវែង បាន​ឈ្នះ​ ២ និង​ស្មើ ​២ ដង ដើម្បី​បាន​លេខ ​១ ​ប្រចាំ​ពូល ​C។

ចំណែក​ក្រុម​ម្ចាស់ផ្ទះ កណ្តាល ដែល​បាន​ព្យាយាម​យក​ឈ្នះ​លើ​​ខេត្ត​សៀមរាប ៣-១ វិញ ដើម្បី​លុប​ចោល​ការ​ចាញ់ ៣-១ កាល​ប្រកួត​ជើង​ទី​១ នោះ នៅ​តែ​គេច​មិន​ផុត​ពី​ការ​ធ្លាក់ ព្រោះ​ពួក​គេ​បាន​ចាញ់​ក្រុម​ខេត្ត​សៀមរាប ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី ៣-១ នោះ ហើយ​លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ក្រុម​ខេត្តសៀម​រាប បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំង​ព្រលឹង​ចុង​សក់។

ដោយ​ឡែក​​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ដែល​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានីហ៊ុនសែន​មេមត់ ដើម្បី​ស្វាគមន៍​ក្រុម​ខេត្ត​កំពង់ស្ពឺ​ នៅ​រសៀល​ម៉ោង ​៣ ថ្ងៃ​ពុធ​នេះ ហាក់​មិន​ទាន់​មាន​ការ​ជឿជាក់​ខ្លាំង ក្នុង​ការ​បន្ត​យក​ឈ្នះ​​លើ​ខេត្ត​កំពង់ស្ពឺ ​ប៉ុន្មាន​ទេ បើ​ទោះបី​ជា​ពួក​គេ​បាន​យក​ឈ្នះ កំពង់ស្ពឺ ២-០ នៅ​ក្រៅ​ទឹក​ដី​ក៏​ដោយ។

លោក ផន រស្មីពេជ្រ គ្រូ​បង្គោល​ក្រុម​ខេត្ត​ត្បូងឃ្មុំ បាន​និយាយ​ថា៖ ​«ទោះ​ការ​ប្រកួត​លើក​នេះ ធ្វើ​នៅ​លើ​ទឹក​ដី​យើង​ ប៉ុន្តែ​យើង​មិន​គិត​ថា ស្រួល​ជាង​ជើង​ទី១ ​ប៉ុន្មាន​ទេ ព្រោះ​កីឡាករ​ភាគ​ច្រើន​​នៅ​ឆ្ងាយ​ពី​ទីលាន ដ្បិត​អី​​ភាគ​ច្រើន ​នៅ​សួង, តំបែរ និង​ក្រុង​ត្បូងឃ្មុំ អ៊ីចឹង​​ទៅ​ដល់​តារាង​មេមត់​ហ្នឹង​ ត្រូវ​ជិះ​ដល់​ខ្ទង់ ​៨០ ​គីឡូម៉ែត្រ​​ឯណោះ ហេតុនេះ​យើង​អាច​មាន​បញ្ហា​ខ្លះ​ដែរ ​ក្នុង​ការ​សម្រប​លើ​ទីលាន ហើយ​យើង​ក៏​មាន​កីឡាករ​ម្នាក់​ជាប់​ពិន័យ​ថែម​ទៀត»។

ចំណែក​លោក ម៉ុល មរកត គ្រូ​បង្គោល​ក្រុម​ខេត្ត​កំពង់ស្ពឺ នៅ​មាន​សង្ឃឹម ​៥០ ​ភាគរយ ​ក្នុង​ការ​វាយ​បក​ក្រុម​ខេត្ត​ត្បូងឃ្មុំ។ លោក​បាន​ប្រាប់​ថា៖ ​«កាល​ជើង​ទី​១ កីឡាករ​របស់​យើង លេង​អត់​យល់​ចិត្ត​គ្នា​ទេ ប៉ុន្តែ​ជើង​​ទី​២ ​នេះ ខ្ញុំ​គិត​ថា ពួក​គាត់​នឹង​លេង​ស៊ី​ចង្វាក់​គ្នា អ៊ីចឹង​យើង​នៅ​មាន​សង្ឃឹម ​៥០ ​ភាគរយ ក្នុង​ការ​វាយ​បក គឺ​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព និង​​លេង​ដោយ​ការ​ដាក់​សម្ពាធ ព្រោះ​ការ​លេង​ដោយ​ការ​ខ្លាច​ប៉ះ​ទង្គិច​គ្នា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុម​ខាង​គេ ​ស្រួល​លេង និង​អាច​យក​ឈ្នះ​លើ​ក្រុម​យើង​នៅ​ជើងទី​១»។

ជាមួយ​គ្នា​នេះ ខេត្ត​កំពង់ឆ្នាំង នឹង​បើក​កីឡដ្ឋាន​វិទ្យាល័យ​កំពង់ត្រឡាច ដើម្បី​ស្វាគមន៍​ក្រុម​ខេត្ត​កែប នៅ​រសៀល​ម៉ោង ​៣ ថ្ងៃ​ពុធ នេះ​ដែរ ហើយ​ការ​ប្រកួត​នេះ អាច​នឹង​មាន​ភាព​ស្វិតស្វាញ​ខ្លាំង ព្រោះ​កាល​ប្រកួត​ជើងទី​១ ខេត្ត​កំពង់ឆ្នាំង បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ ខេត្ត​កែប ៤-៣៕