ក្រុងរ៉េភីណូ: ស្របពេលដែលទទួលបានការកោតសរសើរចំពោះការដឹកនាំបែបសម័យទំនើប ការនិយាយដោយបើកចំហជាមួយនឹងការរិះគន់យ៉ាងខ្លាំង និងការដាក់ការជឿជាក់លើក្រុមយុវជន លោក Gareth Southgate បានគេចផុតពីការធ្លាក់ចូលភាពត្រដាបត្រដួសនៅមុនពេលយុទ្ធនាការជាច្រើនដែលផ្ទុយពីគ្រូបង្វឹកមុនៗក្នុងនាមជាអ្នកចាត់ការទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។
ទោះបីជាយ៉ាងណាការសាកល្បងយ៉ាងពិតប្រាកដទៅលើសមត្ថភាពរបស់លោក Southgate ក្នុងការដឹកនាំប្រទេសរបស់លោកនៅលើឆាកដ៏ធំបំផុតនឹងកើតឡើង នៅពេលដែលក្រុមជម្រើសជាតិអង់គ្លេស ប៉ះជាមួយនឹងក្រុមទុយនីស៊ីក្នុងការប្រកួត World Cup បើកឆាករបស់ពួកគេក្នុងទីក្រុង Volgograd នៅរាត្រីនេះ។
នៅពេលដែលលោក Southgate ត្រូវបានដំឡើងឋានៈពីតួនាទីរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅក្រុមយុវជនអាយុក្រោម ២១ ឆ្នាំក្រោយពីរឿងអាស្រូវមួយដែលបានធ្វើឲ្យលោក Sam Allardyce រងនូវការបណ្តេញចេញក្រោយពីកាន់តំណែងបានត្រឹមតែ ៦៧ ថ្ងៃ និងការប្រកួត ១ លើកកាលពីខែកញ្ញាឆ្នាំមុន ការតំណែងលោក Southgate ត្រូវបានចាត់ទុកដោយអ្នកគាំទ្រជាច្រើនថា ជាជម្រើសគ្មានសុវត្ថិភាព និងគ្មានការលើកទឹកចិត្តពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA)។ ប៉ុន្តែការដឹកនាំរបស់លោក Southgate មកទល់ពេលនេះបានប្រឆាំងនឹងការរំពឹងទុកផ្សេងៗ។
អ្នកចាំទី Joe Hart និងខ្សែបម្រើ Jack Wilshere បានស្ថិតក្នុងចំណោមកីឡាករដែលមានបទពិសោធដែលត្រូវបានជម្រុះចេញពីក្រុម ខណៈដែលលោកបានជ្រើសរើសក្រុមប្រជុំដោយកីឡាករវ័យក្មេងបំផុតលំដាប់ទី ៣ ប្រចាំយុទ្ធនាការនៅរុស្ស៊ី។ នៅខាងក្រៅទីលាន លោកបានជួបបរិយាកាសដ៏ធូរស្រាល បើទោះបីក៏ប្រឈមមុខនឹងបញ្ហាដ៏លំបាកមួយចំនួនដូចជា ការព្រួយបារម្ភផ្សេងៗជុំវិញការរើសអើងជាតិសាសន៍នៅរុស្ស៊ី ហើយខ្សែការពារស្លាបឆ្វេង Danny Rose បានប្រកាសនៅមុនពេលយុទ្ធនាការ World Cup ១ ថ្ងៃថា រូបគេមានបញ្ហាផ្នែកអារម្មណ៍។
លោក Dan Ashworth ប្រធានបច្ចេកទេសរបស់ FA បានឲ្យដឹងថា៖ «គាត់ជាមនុស្សចេះយល់ចិត្ត ច្បាស់លាស់ ហើយគាត់មានភាពឆ្លាតវៃ និងមានការយល់ដឹងយ៉ាងល្អពីទំនាក់ទំនងជាមួយនឹងកីឡាករ និងអាចទាញយកភាពខ្លាំងបំផុតរបស់កីឡាករ និងបុគ្គលិក»។
បែលហ្ស៊ិក ប្តេជ្ញាធ្វើឲ្យបានល្អពេលប៉ះប៉ាណាម៉ា លោក Roberto Martinez កំពុងតែស្រេកឃ្លានក្នុងការដឹកនាំក្រុមខ្លាំងបែលហ្ស៊ិកក្នុងយុទ្ធនាការ World Cup ខណៈដែលពួកគេត្រៀមជួបជាមួយនឹងក្រុមជម្រើសជាតិប៉ាណាម៉ា ក្នុងការប្រកួតបើកឆាករបស់ពួកគេនៅរាត្រីនេះ។ ក្រុមមួយដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ នៅលើតារាង FIFA និងត្រូវបានគេចាត់ទុកថាកំពុងតែស្ថិតក្នុងជំនាក់មាសដោយសារតែមានកីឡាករឆ្នើមៗជាច្រើនដូចជា Eden Hazard និង Kevin De Bruyne បានធ្វើដំណើរទៅកាន់រុស្ស៊ីជាមួយនឹងការរំពឹងទុកដ៏ខ្ពស់មួយនៅលើស្មារបស់ពួកគេ។
ពួកគេពិតជាមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ ១ ក្នុងពូល G បើទោះបីត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលរួមជាមួយនឹងក្រុមអង់គ្លេសក៏ដោយហើយវានឹងក្លាយជារឿងដ៏ខកចិត្តដ៏ធំមួយ បើពួកគេមានការភ្លាត់ស្នៀតនៅពេលប្រកួតជាមួយក្រុមមួយដែលនឹងបង្ហាញខ្លួនក្នុង World Cup ជាលើកទី ១ របស់ពួកគេ៕ IS
កម្មវិធីប្រកួតរាត្រីនេះ
ស៊ុយអែត v កូរ៉េខាងត្បូង-7 យប់
បែលហ្ស៊ិក v ប៉ាណាម៉ា -10 យប់
ទុយនីស៊ី v អង់គ្លេស-1 អធ្រាត្រ