The Phnom Penh Post Search

Search form

ភា​រិ​ទ្ធ រំពឹង​ឈ្នះ Phit Noy យក​ខ្សែក្រវាត់​ទី ៥

Content image - Phnom Penh Post
ប៉ោ ភារិទ្ធ បាន​បុក​កែង​ទៅ​លើ Phit Noy ក្នុងការ​ប្រកួត​វិល​ជុំ ប៉ុន្តែ​កាល​នោះ​គេ​បាន​ចាញ់ដោយ​ពិន្ទុ។ សហការី

ភា​រិ​ទ្ធ រំពឹង​ឈ្នះ Phit Noy យក​ខ្សែក្រវាត់​ទី ៥

ភ្នំពេញៈ កីឡាករ ប៉ោ ភា​រិ​ទ្ធ ដែល​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង យ៉េន ឌីណា ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ចំនួន ៤ ស្ថាប័ន​នោះ បាន​អះអាង​ថា រូបគេ​អាច​នឹង​សង​សឹក​លើ​ជើង​ខ្លាំង​របស់​ថៃ Phit Noy សម្រាប់​ការ​វិល​មក​ជួប​គ្នា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​គោ​ជល់ ទម្ងន់ ៦៣,៥ គ.ក្រ នៅ​សង្វៀន CNC នា​យប់​ថ្ងៃ​សៅរ៍ ខាងមុខ ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ទី ៥ ហើយ រឿង សោភ័ណ្ឌ ក៏​ត្រូវ​ជួប​អ្នក​ប្រដាល់​អ៊ីរ៉ង់ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ។

ក្នុងការ​ប្រកួត​វិលជុំ ប៉ោ ភា​រិ​ទ្ធ បាន​ចាញ់​ពិន្ទុ Phit Noy ម្តង​ហើយ ប៉ុន្តែ​ការ​ឈ្នះ​រៀងៗ​ខ្លួន ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃទី ៣០ ខែ​មិថុនា គឺ យ៉េន ឌីណា បាន​ឈ្នះ​ពិន្ទុ ពុយ វណ្ណៈ ហើយ Phit Noy បាន​ឈ្នះ​ជន​រួម​ជាតិ​របស់​គេ Kvangin ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង ២ វិល​មក​ជួប​គ្នា​ម្តង​ទៀត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ។

នៅពេល​រំឭក​ដល់​ការ​ចាញ់​នេះ ប៉ោ ភា​រិ​ទ្ធ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ខ្ញុំ​ក៏​ធ្លាប់​ឈ្នះ Phit Npy សម្រាប់​ការ​ជួប​គ្នា កាល​ពី​ឆ្នាំ ២០១៦ ផង​ដែរ ហេតុនេះ​បើ​និយាយ​ពី​កលល្បិច និង​ក្បាច់​ប្រកួត ខ្ញុំ​បាន​ដឹង​អស់​ហើយ គឺ​ថៃ​ម្នាក់​នេះ​បាន​តែ​ការ​ចូល​ចាប់​បុក​ជង្គង់​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាន​ត្រៀម​រួច​អស់​ហើយ»។

ប៉ោ ភា​រិ​ទ្ធ បន្ថែមថា៖ «ខ្ញុំ​នឹង​ប្រើ​ក្បាច់​ធាក់ សម្រាប់​ទប់​ការចូលចាប់​បុក​ជង្គង់​របស់គេ ឯ​ក្បាច់​សម្លាប់​របស់​ខ្ញុំ​គឺ​ការ​វាយ​កែង ហើយ​មួយ​រយៈ​នេះ ខ្ញុំ​បាន​ប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​លោកគ្រូ អេ ភូថង និង​បាន​ហាត់​ឡាំ​ជាមួយ​មិត្ត​រួម​ក្រុម បង្កើន​កម្លាំង​ស៊ុហ្វ។ ខ្ញុំ​សង្ឃឹម​ឈ្នះ ៦០ ភាគរយ ហើយ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឈ្នះ​ខ្សែក្រវាត់​មួយ​នេះ ខណៈ​មក​ដល់​ពេល​នេះ​ខ្ញុំ​ឈ្នះ​បាន​ខ្សែក្រវាត់ ៤ ហើយ»។

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹងថា ប៉ោ ភា​រិ​ទ្ធ អាចធ្វើ​បាន ចំពោះ​ការតាំង​ចិត្ត​ដណ្តើម​យក​ខ្សែក្រវាត់​ទី ៥ នេះ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ Phit Noy មាន​សមត្ថភាព​ល្អ ហើយ​កីឡាករ​កម្ពុជា ពុយ វណ្ណៈ, សេង ស្រឿន និង ធន់ ចាន់តាក់ សុទ្ធ​តែ​បាន​ចាញ់​ថៃ​រូប​នេះ​ក្នុង​វគ្គ​វិល​ជុំ។

ចំណែក ពុ​យ វណ្ណៈ ត្រូវ​ប្រកួត​ដណ្តើមយក​លេខ ៣ និង​លេខ ៤ ជាមួយ​ថៃ Kvangin ខណៈ​ការ​ជួបគ្នា​ក្នុង​វគ្គ​វិល​ជុំ កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ពុយ វណ្ណៈ ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​គឺ ៣ ទល់ ២។

ដោយឡែក​កីឡាករ​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Hassan Ali ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ ហើយ​យោង​ទៅ​តាម​បទពិសោធ​ប្រកួត​នៅ​លើ​សង្វៀន​របស់​អ៊ីរ៉ង់​ម្នាក់​នេះ គឺ​ពិបាក​ទប់​ជាមួយ រឿង សោភ័ណ្ឌ បាន​ណាស់។

កីឡាករ​វ័យ ២២ ឆ្នាំ Hassan Ali ដែលមាន​កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់​ប្រកួត​បាន​ត្រឹម ៤០ ដង ឈ្នះ ៣២ ចាញ់ ៧ និង​ស្មើ ១ ក្នុង​នោះ​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​បាន ៨ ដង។ ប្រវត្តិ​នេះ​គឺ​តិច​ជាង រឿង សោភ័ណ្ឌ ជាង ១០០ ដង​ឯណោះ ព្រោះ​កីឡាករ​វ័យ ២៦ ឆ្នាំ កម្ពស់ ១,៦៤ រឿង សោភ័ណ្ឌ ធ្លាប់​ប្រកួត ១៥០ ដង ឈ្នះ ១៣២ ចាញ់ ១៦ ស្មើ ២ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៤០ ដង ខណៈ​ការ​ប្រកួត​ចុង​ក្រោយ នៅ​សង្វៀន CNC កាល​ពី​ថ្ងៃ​ទី ៨ ខែ​កក្កដា រឿង សោភ័ណ្ឌ ទាត់​ផ្កាប់​ចាន​ឲ្យ​ថៃ Fay Pa សន្លប់​ត្រឹម​ទឹក​ទី ២៕

អត្ថបទគួរចាប់អារម្មណ៍