The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភាវី រំពឹង​អាច​សម្រេច​ក្តី​សុបិន ក្រោយ​បាន​ជំនួយ​ពី​ធនាគារ




ភាវី រំពឹង​អាច​សម្រេច​ក្តី​សុបិន ក្រោយ​បាន​ជំនួយ​ពី​ធនាគារ

Content image - Phnom Penh Post
ស្រួង ភាវី និង​លោក Shin Chang Moo បង្ហាញ​ការលេង​ស្នូកឃ័រ​ក្រោយ​ពិធី​ចុះហត្ថលេខា​។ ឈន ណន

ភាវី រំពឹង​អាច​សម្រេច​ក្តី​សុបិន ក្រោយ​បាន​ជំនួយ​ពី​ធនាគារ

ភ្នំពេញ: កីឡាការិនី​ស្នូកឃ័រ​ដ៏ឆ្នើម​បំផុត​របស់​កម្ពុជា ស្រួង ភាវី មាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ក្នុង​ការឆ្ពោះ​ទៅ​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​គឺ​ការ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាការិនី​លេខ​ ១ ​លំដាប់​ពិភពលោក បន្ទាប់ពី​ធនាគារ PPC Bank បាន​ផ្តល់​ភាពកក់ក្តៅ​បន្ថែម​ដល់​អ្នកស្រី តាមរយៈ​ការឧបត្ថម្ភ​លើ​ដំណើរការ​ហ្វឹកហាត់ និង​ការប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ពេញ​នោះ​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​ស្តីពី​ការឧបត្ថម្ភ​នេះ​នៅ​ទីស្នាក់ការ PPC Bank កាលពី​ថ្ងៃ​ពុធ កីឡាការិនី​វ័យ​ ២៨ ​ឆ្នាំ ស្រួង ភាវី បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​អរគុណ​ដល់​ធនាគារ PPC Bank ដែល​បាន​ផ្តល់​ភាពកក់ក្តៅ​ដល់​រូបខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​នូវ​ក្តីសុបិន​របស់​ខ្ញុំ​ក្នុង​ការក្លាយ​ជា​កីឡាករ​ឆ្នើម​លំដាប់​លេខ​ ១ នៅ​លើ​ពិភពលោក​»​។

គួររំឭក​ថា ស្រួង ភាវី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង និង​បាន​ទៅ​រស់នៅ​កូរ៉េ​ព្រម​ទាំង​បាន​ចាប់​អាជីព​ជា​អ្នកលេង​ស្នូកឃ័រ ក្រោម​ការលើក​ទឹកចិត្ត​ពី​ស្វាមី​។ គិត​មក​ដល់​ពេល​នេះ ភាវី បាន​ឈ្នះ​ពាន និង​មេដាយមាស ប្រាក់ និង​ សំរឹទ្ធ ជាច្រើន​ពី​ការប្រកួត​នៅ​កូរ៉េ និង​លើ​ឆាក​អន្តរជាតិ​ដែល​ធ្វើឲ្យ​អ្នកស្រី​ជាប់​ជា​កីឡាការិនី​ឆ្នើម​លេខ​ ១ ​នៅ​កូរ៉េ និង​ការប្រកួត​កម្រិត​អាស៊ី ប៉ុន្តែ​ចំពោះ​ការប្រកួត​កម្រិត​ជើងឯក​ពិភពលោក ភាវី ឈរ​នៅ​លេខ​ ៣ ក្រោយ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​តួកគី​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨​។

យ៉ាងណា​ក៏ដោយ ស្រួង ភាវី បាន​បន្ថែម​ថា​៖ «​តាមរយៈ​ការជួយ​ឧបត្ថម្ភ​របស់​ធនាគារ PPC Bank នេះ​គឺ​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹង​ខំប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ក្លាយ​ជា​កីឡាការិនី​ដ៏ល្អ​បំផុត ដើម្បី​លេង​តំណាង​ឲ្យ​ប្រទេស​ជាតិ​គឺ​ខ្ញុំ​នឹង​មិន​ធ្វើឲ្យ​ម្ចាស់​ឧបត្ថម្ភ និង​ប្រជាជន​កម្ពុជា​ខកបំណង​នោះ​ទេ​»​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ពុធ​នេះ PPC Bank មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ពិតប្រាកដ​ដែល​ត្រូវ​ឧបត្ថម្ភ​រយៈពេល​ ១ ​ឆ្នាំ​ពេញ​ដល់ ស្រួង ភាវី នោះ​ទេ ប៉ុន្តែ​លោក Shin Chang Moo ប្រធាន​ធនាគារ PPC Bank បាន​អះអាង​ថា​ចំនួន​ទឹកប្រាក់​ដែល​ធនាគារ​បាន​ឧបត្ថម្ភ​គឺ​ធានា​ថា​ពិតជា​គ្រប់គ្រាន់​ក្នុង​ដំណើរការ​ហ្វឹកហាត់ ការប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ និង​ការធ្វើ​សកម្មភាព​កីឡា​ផ្សេង​ទៀត​របស់ ស្រួង ភាវី ហើយ​លោក​បាន​រំឭក​ថា PPC Bank ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ដល់​វីរកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី ផង​ដែរ​។

លោក Shin Chang Moo បាន​ថ្លែង​ថា​៖ «​តាមរយៈ​ការឧបត្ថម្ភ​នេះ PPC Bank មាន​គោលបំណង​ផ្តល់​ប្រាក់​កម្ចី និង​លើក​ទឹកចិត្ត​ដល់​អត្តពលិក​កម្ពុជា​ដែល​មាន​ទេពកោសល្យ ដើម្បី​សម្រេច​ក្តីសុបិន​របស់​ពួកគេ​ក្នុង​ការប្រកួតប្រជែង នៅលើ​ឆាក​អន្តរជាតិ ហើយ​យើង​បាន​ឧបត្ថម្ភ​ដល់​កីឡាការិនី ស្រួង ភាវី ម្តង​ហើយ​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ ពេល​គាត់​ប្រកួត​នៅ​តួកគី ប៉ុន្តែ​លើក​នេះ​ជាការ​ឧបត្ថម្ភ​ជាប្រចាំ​ឆ្នាំ​ដល់​គាត់ ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​អត្តពលិក​នារី​ដែល​មាន​សមត្ថភាព​អាច​ឈ្នះ​ពាន់រង្វាន់​ធំ នៅក្នុង​ការប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​»៕

អត្ថបទគួរចាប់អារម្មណ៍