ភ្នំពេញៈ អ្នក​ប្រដាល់​មកពី​ជាយដែន ភួន ឡាំងកូស៊ីន មាន ការជឿជាក់​ខ្លាំង​ថា រូបគេ​នឹង​អាច​កែប្រែ​កំណត់ត្រា ក្នុង​ការយក​ឈ្នះ​លើ​ជើង​ខ្លាំង​ជា​គូសត្រូវ​ចាស់ រិន ដាវីត វិញ​នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ ៥៤ ​គីឡូក្រាម នៅលើ​សង្វៀន PNN នា​ថ្ងៃអាទិត្យ​នេះ ដើម្បី​ក្រសោប​យកប្រាក់​រង្វាន់​លេខ​ ១ ចំនួន​ ៣០ ​លាន​រៀល​ទៅ​ជូន​អ្នកម្តាយ​ទុក​ការ​ប្រពន្ធ​។

វា​មិនមែន​ជា​លើក​ទី​ ១ ​នោះ​ទេ ដែល​អ្នក​ទាំង​ ២ ​នេះ​បាន​ជួបគ្នា ព្រោះ ភួន ឡាំងកូស៊ីន ធ្លាប់បាន​ចាញ់ រិន ដាវីត ២ ​លើក​មកហើយ ហើយ​ការចាញ់​ចុងក្រោយ​គឺ​នៅក្នុង​ការប្រកួត​ជម្រុះ​តាម​ពូល ដណ្តើម​ខ្សែក្រវាត់​នេះ​តែម្តង​។ តែ​ទោះបីជា​យ៉ាងណា​ការជួបគ្នា​លើក​នេះ ឡាំង​កូស៊ីន អះអាង​ថា រូបគេ​មិន​ខ្លាច រិន ដាវីត នោះ​ទេ ចំណែក រិន ដាវីត ក៏​មិន​ហ៊ាន​មើលរំលង​ដៃគូ​ម្នាក់នេះ​នោះដែរ ប៉ុន្តែ​រូបគេ​បាន​ព្រលយ​ពាក្យ​ថា បើ​មាន​ឱកាស​នឹង​វ៉ៃ​ផ្តាច់​ឡាំង​កូស៊ីន មិនឱ្យ​ដល់​ទឹក​ទី​ ៥ ​នោះ​ទេ​។

កីឡាករ ភួន ឡាំងកូស៊ីន បាន​និយាយថា​៖ «​ខ្ញុំ​ហ្វឹកហាត់​ត្រៀម​ពេញ​បាន​ ៣ ​សប្តាហ៍​ហើយ ហើយ​មាន​គ្រូបង្វឹក​ច្រើន​នាក់​បាន​ជួយ​បង្ហាត់បង្ហាញ និង​ប្រាប់​ពី​បច្ចេកទេស​ដល់​រូបខ្ញុំ អ៊ីចឹង​ឡាំងកូស៊ីន​ពេល​នេះ​មិន​ដូច ឡាំងកូស៊ីន ពីមុន​នោះទេ ព្រោះ​លើក​នេះ​ខ្ញុំ​ហាត់​ខ្លាំងណាស់ និង​មាន​សមត្ថភាព​ល្អ​ជាង​មុន​ឆ្ងាយ បើ​ប្រៀបធៀប​ទៅនឹង​ការប្រកួត​ចាញ់​ពិន្ទុ រិន ដាវីត កាល​វគ្គ​ជម្រុះ​ក្នុង​ពូល​»​។

សិស្ស​គណក្លិប​សៅយ៉ាន់​នាគា​ខេត្តបន្ទាយមានជ័យ​រូបនេះ​បាន​បន្ថែមថា​៖ «​ទោះបីជា ខ្ញុំ​ធ្លាប់​ចាញ់​គាត់ ប៉ុន្តែ​លើក​នេះ ខ្ញុំ​អត់​បារម្ភ ហើយក៏​អត់​ខ្លាច​គាត់​នោះដែរ គឺ​ឡើង​ទៅ​ដឹង​តែ​វ៉ៃ ព្រោះ​ចំណុចខ្សោយ​ដែល​ខ្ញុំ​ធ្លាប់​ចាញ់​គាត់ គឺ​ខ្ញុំ​ពង្រឹង​បាន​ ១០០ ​ភាគរយ​អស់ហើយ ហើយ​ការប្រកួត​នេះ វា​សំខាន់​ណាស់​ចំពោះ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ខ្សែក្រវាត់ ពីមុន​មក​នោះទេ​»​។

ភួន ឡាំងកូស៊ីន បាន​បញ្ជាក់ថា​៖ «​បើ​ខ្ញុំ​ឈ្នះ​បាន​ខ្សែក្រវាត់ និង​ប្រាក់រង្វាន់​ ៣០ ​លាន​រៀល​នេះ ខ្ញុំ​នឹង​យក​ទៅ​ឱ្យ​អ្នក​ម្តាយ​ខ្ញុំ ហើយ​ណាមួយ​ខ្ញុំ​ចង់​រៀបការ អ៊ីចឹង​ហើយ​ទាំង​ឪពុកម្តាយ​ខ្ញុំ គូ​ដណ្តឹង​ខ្ញុំ និង​អ្នកគាំទ្រ​តែងតែ​បាន Call និង Chat មក​លើកទឹកចិត្ត​ដល់​ខ្ញុំ ដោយ​ឱ្យ​ខ្ញុំ​ខំប្រឹង​ហាត់ និង​ប្រកួត ដើម្បី​មុខមាត់​ខ្លួនឯង និង​គ្រួសារ ព្រោះនេះ​ជាវ​គ្គ​សំខាន់​។ ហេតុនេះ​ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​ ៨០ ​ភាគរយ និង​តាំងចិត្ត​ប្រកួត​យក​ខ្សែក្រវាត់​នេះ​ត្រឡប់​ទៅ​ក្លិប​វិញ​»​។

យ៉ាងណា​ក៏ដោយ​ក្តីរំពឹង​ចង់​ឈ្នះ​បាន​ខ្សែក្រវាត់ និង​ប្រាក់រង្វាន់​ចំនួន ៣០ ​លាន​រៀល ដើម្បី​បាន​រៀបការ​ឆាប់ៗ​របស់​ ឡាំងកូស៊ីន នៅ​មិនទាន់​ដឹងថា អាចធ្វើ​ទៅបាន ឬ​យ៉ាងណា​នោះទេ ព្រោះ​ការប្រកួត​នេះ​កីឡាករ​ជម្រើសជាតិ រិន ដាវីត បាន​តាំងចិត្ត ដណ្តើម​ឱ្យ​បាន​ខ្សែក្រវាត់​នេះ​ដូចគ្នា និង​ចង់​វ៉ៃ​ផ្តាច់ ឡាំងកូស៊ីន មិនឱ្យ​ដល់​ទឹក​ទី​ ៥ ផងដែរ បើសិន​ជា​មានឱកាស​។

រិន ដាវីត បាន​និយាយ​ថា​៖ «​ទោះបី​ជា ខ្ញុំ​ធ្លាប់​ឈ្នះ​គាត់ ប៉ុន្តែ​ការប្រកួត​លើក​នេះ អត់​ហ៊ាន​មើលងាយ​គាត់​ទេ ហើយក៏​អត់​ហ៊ាន​ប្រហែស​នោះដែរ គឺមាន​តែ​ខំ​ហាត់​ឱ្យ​ពេញ និង​ប្រកួត​ជាក់ស្តែង​នៅលើ​សង្វៀន ព្រោះ​ការប្រកួត​លើក​នេះ ដឹង​តែ​លំបាក​ហើយ ព្រោះ​សុទ្ធតែ​ខំប្រឹង​ហាត់​ដូចគ្នា អ៊ីចឹង​វា​អាស្រ័យ​ថា តើ​អ្នកណា​មាន​ភាពវ៉ៃឆ្លាត​ជាង​នៅ​ពេល​ប្រកួត​ជាក់ស្តែង​?»​។

ទោះយ៉ាងណា ជើង​ខ្លាំង​វ័យក្មេង​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បានដឹង​ក្បាច់​គាត់​ច្រើន ហើយ​ខ្សែក្រវាត់​មួយ​ហ្នឹង សំខាន់​ខ្លាំងណាស់ ចំពោះ​ខ្ញុំ អ៊ីចឹង​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ឆ្ពោះ​ទៅ​គ្រង​ខ្សែក្រវាត់​នេះ ហើយ​ខ្ញុំ​គិតថា បើសិនជា​មាន​ឱកាស ខ្ញុំ​នឹង​ផ្តាច់​គាត់ មុន​ទឹក​ទី​ ៥ ​តែ​ម្តង​»៕