ភ្នំពេញ: សមាជិក​ក្រុម​លីក​កំពូល​កម្ពុជា​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​ធ្វើការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំង​នៃ​លីក​កំពូល​របស់​ថៃ Buriram United នៅ​រសៀល​ម៉ោង​ ៤ ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ពង្រឹង​គុណភាព​លេង​របស់​ក្រុម​ឲ្យ​បាន​ល្អ ខណៈ​គ្រូបង្វឹក​លោក Leonardo Victorino បាន​មើល​ឃើញ​ថា​ភ្នំពេញ​ក្រោន ត្រូវ​កែតម្រូវ​បន្ថែម​ទៅ​លើ​តំបន់​កណ្តាល និង​តំបន់​ប្រយុទ្ធ​។

បើ​ទោះបី​ជា​ភ្នំពេញ​ក្រោន​បាន​ធ្លាក់​ចេញ​ពី Leo Pre-Season Cup 2019 ត្រឹម​វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​ព្រោះ​បាន​ចាញ់​ក្រុម​លីក​កំពូល​របស់​ថៃ Nakhon Ratchasima FC ៤-០ កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​សម្រាប់​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម Army Regional 2 កាលពី​ថ្ងៃ​ចន្ទ​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ ៣-២​។

ចំណែក​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម Buriram នៅ​ថ្ងៃ​នេះ​វា​បាន​ក្លាយ​ជា​ការប្រកួត​ដកស្រង់​បច្ចេកទេស​យ៉ាងសំខាន់ ដើម្បី​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​របស់​ភ្នំពេញ​ក្រោន​ព្រោះ​លោក Leonardo Victorino បាន​ចាត់ទុក​ការបោះ​ជំរំ និង​ប្រកួត​មិត្តភាព​នៅ​ថៃ​រយៈពេល​ ២ ​សប្តាហ៍​នេះ​ជា​ពេលវេលា​ដ៏សំខាន់ ដើម្បី​រៀបចំ​ពង្រឹង​គុណភាព​លេង​របស់​ក្រុម​ឲ្យ​បាន​ល្អ​សម្រាប់​ត្រៀម​ការប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩​។

គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​លោក Leonardo បាន​ថ្លែង​ថា​៖ «​វា​ជា​លើក​ទី​ ១ ​ហើយ​ដែល​កីឡាករ​យើង​ទាំងអស់​លេង​ជុំ​គ្នា ហើយ​តាមរយៈ​ការប្រកួត​ជាមួយ​នឹង Nakhon Ratchasima គឺ​អ្វី​ដែល​យើង​ត្រូវ​កែតម្រូវ​បន្ថែម​ទៀត​នោះ គឺ​នៅ​តំបន់​កណ្តាល និង​តំបន់​ប្រយុទ្ធ​ដែល​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ឲ្យ​បាន​ល្អ ដើម្បី​រក​គ្រាប់​បាល់​ឲ្យ​បាន​ទៅ​តាម​លទ្ធភាព​ដែល​អាច​យើង​បាន​»​។

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​រាល់​ការប្រកួត​នៅក្នុង​ការបោះជំរំ​នេះ វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​កីឡាករ​របស់​យើង ដើម្បី​ឲ្យ​ពួកគេ​មាន​គុណភាព​នៃ​ការលេង​លើ​ទីលាន ព្រោះ​ពួកយើង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការរៀបចំ​ក្រុម​មួយ​ដែល​ថ្មី ដូច្នេះ​យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​។ ខ្ញុំ​គិត​ថា​ការប្រកួត​មិត្តភាព​ទាំង​នេះ​នឹង​ធ្វើឲ្យ​កីឡាករ​របស់​យើង​លេង​កាន់តែ​យល់​ចិត្ត​គ្នា ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​យើង​នឹង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ​នេះ​»​។

ចំណែក កែវ សុខង៉ន ជា​អ្នកការ​ទូទៅ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​ហ្វេសប៊ុក​ថា​នៅ​ក្រោយ​ការប្រកួត​ជាមួយ​ក្រុម Buriram United នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ភ្នំពេញ​ក្រោន​នឹង​ចេញ​ពី Buriram ត្រឡប់​មក​ទីក្រុង​បាងកក​វិញ ដើម្បី​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Muangthong United និង​ក្រុម​មួយ​ចំនួន​ទៀត​។

អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា កែវ សុខង៉ន បាន​ចាត់ទុក​ការជួប​ក្រុម Buriram ជា​ការប្រកួត​ដកស្រង់​បច្ចេកទេស​យ៉ាង​សំខាន់​។ សុខង៉ន បាន​និយាយ​ថា​៖ «​តាមរយៈ​ការប្រកួត​កន្លង​មក​នេះ​គឺ​យើង​សប្បាយ​ចិត្ត​ដែល​បាន​មើល​ឃើញ​ពី​ការខ្វះខាត និង​ចន្លោះ​ប្រហោង​របស់​យើង ហើយ​ការជួប​ក្រុម Buriram លើក​នេះ​នឹង​ធ្វើឲ្យ​យើង​បាន​ឃើញ​កាន់តែ​ច្បាស់​ពី​គុណភាព​លេង​របស់​យើង ដើម្បី​យើង​ឈាន​ទៅ​ការរក​កីឡាករ​ជម្រើស​ ១១ ​នាក់​ដំបូង​ដែល​លេង​បាន​ល្អ និង​លេង​ស៊ីចង្វាក់​គ្នា​ព្រម​ទាំង​បាន​ដឹង​ពី​គុណភាព​កីឡាករ​នីមួយៗ​ថា​គាត់​លេង​គួរ​លេង​នៅ​ទីតាំង​ណា​ទើប​បាន​ល្អ​»៕