ភ្នំពេញៈ មន្ត្រី​ជំនាញ​កីឡា របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​អះអាង​ថា ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី ៨ ឆ្នាំ ២០១៨ ដើម្បី​អបអរ​បុណ្យ​ចម្រើន​ព្រះជន្ម​សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ នឹង​មាន​អត្តពលិក​ចូលរួម​ជាង ៤០០០ នាក់។

ការអះអាង​បែបនេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ក្នុង​សន្និសីទ កាសែត នៅ NOCC កាល​ពី​ថ្ងៃ​អង្គារ ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​នេះ បាន​ទទួល​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ជាង ៣០០០ នាក់​រួច​ហើយ មក​ពី ៣៩ ប្រទេស នៅ​លើ​ពិភពលោក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត​នោះ​ថា៖ «គិត​មក​ដល់​ពេល​នេះ មាន​អ្នក​មក​ចុះ​ឈ្មោះ​ជាង ៣០០០ នាក់​ហើយ ក្នុង​នោះ​មាន​បរទេស​ជាង ៦០០ នាក់ មក​ពី ៣៩ ប្រទេស ហើយ​ជប៉ុន ចិន និង​បារាំង មាន​ច្រើន​ជាង​គេ»។

លោក​បន្ថែមថា៖ «រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត គឺ​ប្រជា-ជន​ខ្មែរ​យើង បាន​ចូលរួម​រត់ ១០ គ.ម ច្រើន​ជាង ៣ គ.ម ក្នុង​ឆ្នាំ​នេះ ដែល​បង្ហាញ​ថា ពួកគាត់​មាន​បេះដូង​ខ្លាំង និង​មាន​សុខភាព​កាន់​តែ​ល្អ ហើយ​ខ្ញុំ​រំពឹង​ថា ទម្រាំ​ដល់​ថ្ងៃ​ប្រកួត អ្នក​ចូលរួម​អាច​កើន​ដល់​ជាង ៤០០០ នាក់»។

បើតាម​ការរៀបរាប់រ​ប​ស់លោក វ៉ា​ត់ ចំរើន គឺ​នៅក្នុង​ការប្រកួត​ពាក់កណ្តាល​ម៉ារ៉ាតុង (២១ គីឡូម៉ែត្រ) មាន​បរទេស​ចុះ​ឈ្មោះ​ចូលរួម​បាន​ជាង ២០០ នាក់ ខ្មែរ​ជាង ១០០ នាក់ ហើយ​រត់​ចម្ងាយ ១០ គីឡូម៉ែត្រ មាន​បរទេស​ជាង ២០០ នាក់ ខ្មែរ​ជិត ២០០០ នាក់ រីឯ​រត់​ប្រណាំង​បែប​កម្សាន្ត​ចម្ងាយ ៣ គីឡូម៉ែត្រ មាន​បរទេស​តែ​ជាង ៥០ នាក់​ទៀត និង​ខ្មែរ​ជិត ១០០០ នាក់។

ចំណែក លោក សែម ផល្លា នាយក​ប្រតិបត្តិ​ផ្នែក​បច្ចេកទេស​ការប្រកួត​ម៉ា​រ៉ា​តុង និង​ពាក់​កណ្តាល​ម៉ារ៉ាតុង បាន​ថ្លែង​ដែរ​ថា ឆ្នាំ ២០១៨ នេះ ការ​រត់ ២១ គីឡូម៉ែត្រ មិន​មាន ឆ្លង​ស្ពាន​ឡើយ ព្រោះ​ស្ពាន​ជ្រោយ​ចង្វារ​កំពង់​ជួស​ជុល មាន​តែ​មួយ ហេតុនេះ​បើ​រត់​ឆ្លង​ស្ពាន នឹង​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍។

លោក​បន្តថា ការរត់ គឺ​ធ្វើ​ត្រឹមតែ​រង្វង់​ត្រើយ​ខាងលិច ដោយ​ឆ្លងកាត់​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន និង​តំបន់​កោះ​ពេជ្រ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ប្លង់​រត់​លោក​អ្នក​អាច​រក​បាន​នៅ​ទីតាំង​ចុះ​ឈ្មោះ​គ្រប់​ទីកន្លែង ពិសេស​នៅ​ទីតាំង​មុខ​ព្រះបរម​រាជវាំង​តែ​ម្តង ហើយ​ការ​ចេញ​ដំណើរ​និង​បញ្ចប់​នៅ​មុខ​ព្រះបរម​រាជវាំង​នេះ​តែ​ម្តង។

ជុំវិញ​ការចុះ​ឈ្នោះ​ចូលរួម​ប្រកួត​នេះ លោក វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹងថា សម្រាប់​អ្នក​ចុះ​ឈ្មោះ​រត់​ចម្ងាយ ២១ គីឡូម៉ែត្រ បរទេស ៤០ ដុល្លារ ខ្មែរ ១៥ ដុល្លារ ចម្ងាយ ១០ គីឡូម៉ែត្រ បរទេស ៣០ ដុល្លារ ខ្មែរ ១០ ដុល្លារ និង​ចម្ងាយ ៣ គីឡូម៉ែត្រ បរទេស ១០ ដុល្លារ ខ្មែរ៥ដុល្លារ ហើយ​ថវិកា ដែល​ទទួល​បាន​ពី​ការ​ប្រកួត​នេះ នឹង​ត្រូវ​បង្វែរ​យក​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​មួយ​ចំនួន​ទៀត។

ជាមួយគ្នានេះ ការរៀបចំ​ព្រឹត្តិការណ៍​នេះ NOCC បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា,ក្រសួង​ទេសចរណ៍ និង​សាលា​រាជធានី​ភ្នំពេញ។

ចំណែក​អ្នក​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា,​ស្មាត,ឆ្នោត​កីឡា​ជាតិ,ទឹក​សុទ្ធ​កម្ពុជា,ភេសជ្ជៈ Wurkz, ធនាគារ FTB, មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយ៍ ភ្នំពេញ, Skechers Performance, ANA និង Star Balm Sport Care៕