ភ្នំពេញៈ ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​ ១ ឆ្នាំ​ ២០១៩ ដែល​បាន​ចាប់​ដំណើរការ​តាំងពី​ថ្ងៃ​ទី​ ១០ ខែ​មិថុនា​មក​នោះ​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ហើយ​ជា​លទ្ធផល​ក្រុម​អត្តពលិក​របស់​រាជធានី​ភ្នំពេញ​បាន​ជាប់​លេខ ១ ក្នុង​នាម​ជា​អ្នក​ឈ្នះ​បាន​មេដាយមាស​ច្រើន​ជាង​គេ ប៉ុន្តែ​ខេត្ត​ចំនួន​ ៣ មិន​ដណ្តើម​បាន​មេដាយ​ណាមួយ​សោះ​។

តាមរយៈ​ការប្រកួត​ប្រជែង​នៅ​លើ​ប្រភេទ​កីឡា​ចំនួន​ ១១ មាន​បាល់ទាត់ បាល់ទះ បាល់បោះ តេក្វាន់ដូ ITF អត្តពលកម្ម ហែលទឹក ប៉េតង់ វាយ​កូនឃ្លី​លើ​តុ វាយសី តេក្វាន់ដូ WTF និង​ការ៉ាតេ​នោះ ក្រុម​អត្តពលិក​របស់​រាជធានី​ភ្នំពេញ​បាន​ឈ្នះ​មេដាយមាស​ ២៧ ប្រាក់​ ១៩ និង​សំរឹទ្ធ​ ១៤ ដើម្បី​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ១ ក្នុង​ចំណោម​ខេត្ត-ក្រុង​ទាំង​ ២៥ ដែល​បាន​ចូលរួម​ក្នុង​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ដំបូង​នេះ​។

ចំណែក​ក្រុម​អត្តពលិក​ខេត្ត​កណ្តាល​បាន​ឈរ​នៅ​លេខ​ ២ ដោយ​ឈ្នះ​បាន​មេដាយមាស​ ១០ ប្រាក់​ ២ សំរឹទ្ធ​ ១៤ ហើយ​តាម​ពី​ក្រោយ​ដោយ​ខេត្ត​កំពត ដែល​ឈ្នះ​បាន​មេដាយមាស​ ៩ ប្រាក់​ ១៨ សំរឹទ្ធ​ ៩ ខេត្ត​កំពង់ឆ្នាំង មាស​ ៦ ប្រាក់​ ៤ សំរឹទ្ធ​ ៤ ខេត្ត​ព្រះសីហនុ​បាន​មាស​ ៥ ប្រាក់​ ៣ សំរឹទ្ធ​ ៤ ខេត្ត​កំពង់ចាម​មាន​មាស​ ៤ ប្រាក់​ ៦ សំរឹទ្ធ​ ១៦ និង​ខេត្ត​បាត់ដំបង​បាន​មាស​ ៤ ប្រាក់​ ៦ សំរឹទ្ធ​ ៨​។

ចំណែក​ខេត្ត​កំពង់ស្ពឺ​បាន​ឈរ​នៅ​លេខ​ ៨ ដោយ​ឈ្នះ​បាន​មេដាយ​មាស​ ៤ ប្រាក់​ ៦ សំរឹទ្ធ​ ៤ ខេត្ត​ស្ទឹងត្រែង​បាន​មាស​ ៤ ប្រាក់​ ៤ សំរឹទ្ធ​ ១ ខេត្ត​ពោធិ៍សាត់​បាន​មាស​ ៤ ប្រាក់​ ១ ខេត្ត​កំពង់ធំ បាន​មាស ៣ ប្រាក់​ ៤ សំរឹទ្ធ ៦ ខេត្ត​ប៉ៃលិន​បាន​មាស​ ៣ ប្រាក់​ ១ សំរឹទ្ធ​ ១ ខេត្ត​តាកែវ​បាន​មាស​ ២ ប្រាក់​ ៣ សំរឹទ្ធ​ ៥ ខេត្ត​ឧត្តរមានជ័យ មាស​ ២ ប្រាក់​ ២ សំរឹទ្ធ​ ១ ខេត្ត​ព្រៃវែង មាស​ ២ ប្រាក់​ ១ សំរឹទ្ធ​ ៥ ខណៈ​ខេត្ត​រតនគិរី​បាន​ឈ្នះ​មេដាយមាស​ ២ ប្រាក់​ ១ និង​សំរឹទ្ធ​ ៥​។

ជាមួយ​គ្នា​នេះ​ខេត្ត​ស្វាយរៀង​ឈរ​នៅ​លេខ​ ១៧ ដោយ​ឈ្នះ​បាន​មេដាយមាស​ ១ ប្រាក់​ ៤ សំរឹទ្ធ​ចំនួន​ ៣ តាម​ពីក្រោយ​ដោយ​ខេត្ត​មណ្ឌលគិរី ដែល​ឈ្នះ​បាន​មាស​ ១ ប្រាក់​ ៤ សំរឹទ្ធ​ ១ ខេត្ត​សៀមរាប​មាស​ ១ ប្រាក់​ ១ សំរឹទ្ធ​ ៦ ខេត្ត​បន្ទាយមានជ័យ​មាស​ ១ ប្រាក់​ ១ សំរឹទ្ធ​ ៣ ខេត្ត​ត្បូងឃ្មុំ​មាន​ប្រាក់ ៤ សំរឹទ្ធ​ ៥ ខេត្ត​ក្រចេះ បាន​មេដាយ​សំរឹទ្ធ​ ២ ប៉ុន្តែ​ខេត្ត​កែប កោះកុង និង​ខេត្ត​ព្រះវិហារ​មិន​ដណ្តើម​បាន​មេដាយ​នោះ​ទេ បើ​ទោះបី​ជា​ព្រឹត្តិការណ៍​នេះ​មាន​មេដាយ​សរុប​ចំនួន​ ៣០៧ មាន​មាស​ ៩៥ ប្រាក់​ចំនួន​ ៩៥ និង​មេដាយ​សំរឹទ្ធ​ចំនួន ​១១៧ ក៏ដោយ​។

នៅក្នុង​ជ័យជម្នះ​នេះ​ក្រុម​រាជធានី​ភ្នំពេញ​ក៏​បាន​ឈ្នះ​ពាន​លើ​ការប្រកួត​បាល់ទាត់​ផ្នែក​បុរស​ផង​ដែរ ខណៈ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​តាកែវ​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ទីលាន​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​កាលពី​ម្សិលមិញ ខណៈ​លេខ​ ៣ ​បាន​ទៅ​ក្រុម​ក្រចេះ ក្រោយ​ឈ្នះ​ក្រុម​ខេត្ត​កណ្តាល​។

ចំណែក​ការប្រកួត​បាល់ទាត់​ផ្នែក​នារី ក្រុម​ខេត្ត​បាត់ដំបង​បាន​ឈ្នះ​ក្រុម​ខេត្ត​ស្វាយរៀង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក ហើយ​ក្រុម​ខេត្ត​សៀមរាប​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ឆ្នាំង​ក្នុង​ការដណ្តើម​យក​លេខ​ ៣​។ បន្ថែម​លើ​នេះ​រាជធានី​ភ្នំពេញ​ក៏​បាន​ឈ្នះ​គ្រង​ជើងឯក​ការប្រកួត​បាល់បោះ​ទាំង​ផ្នែក​បុរស និង​នារី​ផង​ដែរ ខណៈ​លេខ​ ២ ​ផ្នែក​បុរស​បាន​ទៅ​ក្រុម​ខេត្ត​ត្បូងឃ្មុំ​លេខ​ ៣ ​ខេត្ត​តាកែវ ហើយ​លេខ​ ២ ​ផ្នែក​នារី​បាន​ទៅ​ក្រុម​ត្បូងឃ្មុំ និង​លេខ​ ៣ ​ក្រុម​ខេត្ត​សៀមរាប​៕