ភ្នំពេញៈ កីឡាករ​កម្ពុជា តាញ់ មករា បាន​ក្លាយ​ជា​បេក្ខភាព​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​យក​ខ្សែក្រវាត់​ប្រាក់​ទី​ ២ នៅ​សង្វៀន PNN បន្ទាប់ពី​រូបគេ​បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ រិទ្ធអៃរ៉ា ក្នុង​ការប្រកួត​ជម្រុះ​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ មឿន សុខហ៊ុច បាន​បន្ត​ចាញ់ Rong Napha កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅ​ទៀត ក្នុង​ជំនួប​មិត្តភាព​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ​។

នៅក្នុង​ការប្រកួត​ជម្រុះ​នេះ តាញ់ មករា របស់​សមាគម​កីឡា​ក្រសួង​ការពារជាតិ​បាន​ជួប​ការលំបាក​ច្រើន ព្រោះ រិទ្ធអៃរ៉ា ពិតជា​មាន​ភាពរឹងមាំ ហើយ​ការវាយ​ចេញ​របស់​គេ​ក៏​មាន​ទម្ងន់​ធ្ងន់ៗ​ផង​ដែរ ប៉ុន្តែ​ការវាយ​ចេញ​ប្រកប​ដោយ​ភាពវៃឆ្លាត​របស់ មករា ទាំង​លើ​ការម៉ាត់ វាយ​កែង ពិសេស​ការបុក​ជង្គង់​នៅ​តែ​ជួយ​ឲ្យ​រូបគេ​មាន​ប្រៀប​ស្ទើរ​គ្រប់ទឹក និង​ឈ្នះ​លើ រិទ្ធអៃរ៉ា ជា​ឯកច្ឆន្ទ ៥-០ តែ​ម្តង​។

ជាមួយ​ជ័យជម្នះ​នេះ តាញ់ មករា ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែក្រវាត់​ប្រាក់​ជាមួយ​ជន​រួម​ជាតិ​របស់​គេ ឡុង ជិន ព្រោះ​ឡុង ជិន បាន​ផ្តួល​កីឡាករ​ថៃ Phanrith ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ៣ សម្រាប់​ការប្រកួត​ជម្រុះ​ដូច​គ្នា​នេះ​ដែរ​កាលពី​សប្តាហ៍​មុន ហើយ​ការឡើង​ទៅ​ជួប​គ្នា​របស់​អ្នក​ទាំង​ ២ ​នេះ​អាច​បញ្ជាក់​បាន​ថា អ្នក​ដែល​នឹង​ឈ្នះ​បាន​ខ្សែក្រវាត់​ប្រាក់​ទី​ ២ ​នេះ​គឺ​នៅ​តែ​ជា​កីឡាករ​កម្ពុជា​។

តាញ់ មករា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ការប្រកួត​ថា​៖ «​ការប្រកួត​នេះ​មាន​ការលំបាក ព្រោះ​គេ​ល្អ​ទៅ​លើ​ផ្នែក​ទាត់ និង​មាន​ភាពរឹងមាំ​ទៀត​ផង ហេតុនេះ​យើង​ខ្ញុំ​មិន​អាច​សម្រុក​ទៅ​លើ​គេ​ខ្លាំង​បាន​នោះ​ទេ គឺ​វ៉ៃ​បែប​សន្សំ​ពិន្ទុ​យក​ប្រៀប​លើ​គេ ចំណែក​ការឡើង​ទៅ​ជួប ឡុង ជិន វា​នៅ​តែ​ជា​ការពិបាក​ព្រោះ​គាត់​ជា​រៀមច្បង​ដែល​យើង​មិន​អាច​មើល​រំលង​បាន​ទេ​»​។

គួរ​បញ្ជាក់​ថា​ព្រឹត្តិការណ៍​នេះ​គឺ​គេ​កំណត់​យក​អ្នក​ឈ្នះ​បាន​ខ្សែក្រវាត់​ប្រាក់​ចេញ​ពី​ការប្រកួត​ជម្រុះ​ប្រចាំ​ខែ​នីមួយៗ​សរុប​ ៤ ​នាក់ ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ខ្សែក្រវាត់​មាស និង​ប្រាក់​រង្វាន់​ ១ ​ម៉ឺន​ដុល្លារ ខណៈ​ខ្សែក្រវាត់​ប្រាក់​ទី​ ១ គឺ​បាន​ទៅ​លើ ឡៅ ចិត្ត្រា បន្ទាប់ពី​រូបគេ​បាន​ឈ្នះ​ទាំង​ ២ ​ប្រកួត​ដោយ​ការផ្តួល​ឲ្យ​កីឡាករ​ថៃ​ឲ្យ​សន្លប់​យ៉ាង​ងាយៗ​ដូចគ្នា​នោះ​។

ផ្ទុយ​ពី​នេះ​កីឡាករ​កម្ពុជា មឿន សុខហ៊ុច ដែល​បាន​អះអាង​មុន​ការប្រកួត​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​សម្រេច​ការសងសឹក​ទៅ​លើ​ការចាញ់​ថៃ Rong Napha ចំនួន​ ៣ ​ដង​កន្លង​មក​នោះ គឺ​បាន​បន្ត​ចាញ់​កាន់តែ​គ្រាំគ្រា ព្រោះ​កាលពី​ថ្ងៃ​អាទិត្យ​នោះ Rong Napha បាន​ទាត់​ឲ្យ​រូប​គេ​មាន​របួស​ជើង​ក្រោម និង​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ចំនួន​ ២ ​លើក​នៅ​ទឹក​ទី​ ២ និង​រាប់​ ១ ​លើក​ទៀត​នៅ​ដើម​ទឹក​ទី​ ៣ មុន​ពេល​ឈាន​ដល់​ការបញ្ឈប់ ខណៈ សុខហ៊ុច ទប់ទល់​ថៃ​លែង​បាន​៕