ភ្នំពេញៈ ការ​ប្រ​កួតជម្រុះ​តាម​តំបន់ ដើម្បី​ស្វែង​រកបេក្ខភាព​ឡើង​ទៅ​ប្រកួតប្រជែង​​យកតំណែង​ស្តេចអុក នៃ​ព្រឹត្តិការណ៍​ការ​​ប្រកួតអុកចត្រង្គ​ពាន​រង្វាន់​អង្គរ​សង្រ្កាន្ត ​ប្រចាំ​ឆ្នាំ ​២០១៨​ បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​ ​៣ ​នាក់​ទៀត ប្រចាំនៅ​មណ្ឌល​ខេត្ត​ក្រ​ចេះ​ ក្រោយ​ការ​ប្រកួត​​ជម្រុះ​ចំនួន ​៤ ​ខេត្ត​​បាន​បញ្ចប់ កាល​ពី​ថ្ងៃចន្ទ។

លោក ឈាវ ​បូរ៉ា​ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡាអុក​កម្ពុជា​ បានប្រាប់​​នៅ​ថ្ងៃអង្គារ​នេះថា​ ​នៅ​មណ្ឌល​ខេត្តក្រ​ចេះ​​នេះ មាន​ការ​ប្រកួត​ជម្រុះ​​ចំនួន ​៤​ ខេត្ត​ មាន​ខេត្ត​ក្រចេះ​ ខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​មណ្ឌល​គិរី​ និង​ខេត្ត​រតនគិរី​ ប៉ុន្តែ​មាន​បេក្ខភាព បាន​ដាក់​ពាក្យ​​ចូល​រួម​ប្រ​កួត​ប្រជែង​តែ​៧​នាក់​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​ការ​ប្រ​កួត​ជម្រុះ​យកជើង​ខ្លាំង​​ ៣ ​នាក់ ​ប្រចាំ​មណ្ឌល​នេះ បាន​​ចំណាយ​ពេល​តែ​មួយ​ព្រឹកទេ​។

ជុំ​វិញ​ការ​ខ្សត់​ខ្សោយចំនួន​អ្នក​ចូល​រួម​​ប្រកួត​ជម្រុះ ​នៅ​មណ្ឌល​ខេត្តក្រចេះ​នេះ លោក​ ឈាវ ប៉ូរា បាន​បញ្ជាក់​ថា៖​«​មូល​ហេតុ ​ដែល​ខ្សត់​បេក្ខជនចូល​រួម​ប្រកួត​នៅមណ្ឌល​ខេត្ត​ក្រចេះ​នេះ ​គឺ​បណ្តាល​មក​ពី​គេ​ខ្លាច​ជើង​ខ្លាំង​ៗ​ ឈរ​នៅ​ក្នុង​មណ្ឌល​ក្រចេះ​នេះតែ​ម្តង ​គឺ ​ហូយ​ សូ​ណា​ និង ​ប៊ិន ​គាសេង​ នេះ​ឯង ​ដែល​ធ្លាប់​ឈ្នះ​ចំណាត់​ថ្នាក់​ល្អ​ ក្នុង​ការ​ប្រកួត​ស្តេច​អុក​កន្លង​មក»​។​​

តាម​រយៈ​​ការ​ប្រ​កួត​ត្រឹម​មួយ​ព្រឹក កាល​ពី​ថ្ងៃចន្ទ​នោះ ​ កីឡាករ ​ប៉ោ​ សារិទ្ធ ​មក​ពី​ខេត្ត​មណ្ឌល​ខេត្តមណ្ឌល​គិរី ដែល​ធ្លាប់​ទទួល​​ចំណាត់​ថ្នាក់​លេខ​ ៤ ក្នុង​ការ​ប្រកួត​អង្គរសង្រ្កាន្ត កាល​ពី​ឆ្នាំ ​២០១០​ ​បានទទួល​ចំណាត់​ថ្នាក់​លេខ ​១ ​ប្រចាំ​មណ្ឌល​ខេត្ត​ក្រចេះ​នេះ ឯ​​លេខ ​២ បាន​ទៅ​លើ​កីឡាករ ​ហូយ​ សូណា​ មក​ពី​ខេត្តក្រចេះ ដែល​អតី​ត​ស្តេច​អុក កាល​ពី​​ឆ្នាំ ​២០១៦​ ហើយ​​​លេខ​ ៣ ​បាន​ទៅ​កីឡាករមក​ពីខេត្តក្រចេះ ​ប៊ិន ​គាសេង​ ដែល​ធ្លាប់​ទទួល​បាន​លេខ​ ៣ កាល​ពី​​ឆ្នាំ​២០១៥ និងលេខ​ ២ កាល​ពី​ឆ្នាំ ​២០១៧ នៃ​ការ​ប្រកួតជុំ​ផ្តាច់​ព្រ័ត្រ នៅ​អង្គរសង្រ្កាន្ត។

កីឡាករ ប៊ិន គាសេង (ឆ្វេង) ពេល​​ប្រកួត​ជាមួយ​ដៃ​គូ​ប្រកួត​កន្លង​មក ខណៈ​នៅ​ឆ្នាំ​នេះ​លោក​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​​៣​ប្រចាំ​មណ្ឌល​ខេត្តក្រចេះ។ ស្រេង ម៉េងស្រ៊ុន

ប្រភព​ពី​គណៈ​កម្មការ​រៀប​ចំ​ប្រ​កួត បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​អាទិត្យ​ ទី ​១ ​ខែ​មេសា​ ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ ​ការ​ប្រ​កួត​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រ​កួត​ជម្រុះ​រក​ជើង​ខ្លាំង​ចំនួន​ ៣ ​រូប​ទៀត​ នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង ដែល​​ជា​មណ្ឌល​ចុង​ក្រោយ​បង្អស់​។

​លោក ​ឈាវ​ បូរ៉ា​ បន្ថែម​ថា​៖ «​ក្រោយបញ្ចប់​ការ​ប្រ​កួត​​នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង យើង​នឹង​​​បន្ត​មក​ប្រកួតជម្រុះ​ថ្នាក់​ជាតិ​ ​រវាង​បេក្ខ​ជន​ចំនួន ​២៤​ នាក់​ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ​៨ ​ខែ​មេសា​ នៅ​ទីស្នាក់​ការគណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​ដើម្បី​​រក​​​បេក្ខ​ជន ​៨ ​នាក់​ចុង​ក្រោយ​ ឡើង​ទៅ​ប្រ​កួត​យក​តំណែង​​ស្តេច​អុក​ ប្រចាំ​ឆ្នាំ ​២០១៨ នៅ​មហា​សង្គ្រាន​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ​នៅ​អង្គរ​វត្ត ​ខេត្ត​សៀម​រាប​»​៕​

លោក ប៉ោ សារិទ្ធ បាន​ទទួល​ចំណាតើ​ថ្នាក់​​លេខ​១ ក្នុងការ​ប្រកួត​ជម្រុះ​ប្រចាំ​នៅ​មណ្ឌល​ខេត្តក្រចេះ។ រូប សហការី