The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជំនាញ​ថា កីឡាករ​ល្បីៗ​ងាយ​រងគ្រោះ​ថ្នាក់

មន្ត្រី​ជំនាញ​ថា កីឡាករ​ល្បីៗ​ងាយ​រងគ្រោះ​ថ្នាក់

Content image - Phnom Penh Post
Ozil (ឆ្វេង) គ្រប់​គ្រង​បាល់​ពី​ខ្សែ​បម្រើ​ក្លិប​ Chelsea ​ក្នុងការ​​ប្រកួត​ Europa League ពីថ្ងៃ​ទី​ ២៩ ខែ​ ឧសភា​​​។ រូបថត AFP

មន្ត្រី​ជំនាញ​ថា កីឡាករ​ល្បីៗ​ងាយ​រងគ្រោះ​ថ្នាក់

ក្រុង​ឡុងដ៍៖ មន្ត្រី​ជំនាញ​សន្តិសុខ​​បាន​ប្រាប់​ទីភ្នាក់ងារ ​AFP ថា ក្លិប​បាល់​ទាត់​នៅ​ប្រទេស ​អង់គ្លេស ​​ត្រូវ​តែ​ដឹង​ខ្លួន​​ចំពោះ​ហានិភ័យ​សន្តិសុខ​ដែល​កីឡាករ​របស់​ក្លិប​ទាំង​នោះ​បាន​ជួប​នៅ​ពេល​មាន​កីឡាករ​ណា​មួយ ​ឬ​ក៏​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​រង​ការ​យាយី​អាយុ​ជីវិត​ ​ឬក៏​​ការ​សម្លាប់​។​​​​

ការ​ក្រឿន​រំឭក​​របស់​អតីត​ទាហាន​លោក Alex Bomberg នេះ​បាន​កើត​ឡើង​ក្រោយ​ពី​តារា​បាល់​ទាត់​នៅ​ក្លិប​ Arsenal គឺ​កីឡាករ​ Mesut Ozil និង​ Sead Kolasinac បាន​​រងគ្រោះ​ក្នុង​ហេតុការណ៍​ប្លន់​រថយន្ត​ដោយ​បុរស​ម្នាក់​បាន​យក​កាំបិត​ភ្ជង់​ក​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​​ពី​ខែ​កក្កដា​។​​ ​

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​ទាំង ​២ ​នាក់​​នេះ​មិន​ហ៊ាន​​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្រប​ខ័ណ្ឌ Premier League ជាមួយ​ក្រុម Newcastle ដើម្បី ​«កុំ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​កើត​ឡើង​ថែម​ទៀត​»។​

លោក Bomberg ជា​ស្ថាបនិក​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចារកម្ម​ Intelligent (UK Holdings) Limited បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការពារ​ផ្ទាល់​ខ្លួន​ចំពោះ​កីឡាករ​បាល់​ទាត់ ​៩ ​នាក់ ​នៅ​ប្រទេស ​អេស្ប៉ាញ​ និង​ប្រទេស ​បារាំង​ ប៉ុន្តែ​គាត់​គ្មាន​ទំនាក់ទំនង​ពី​កីឡាករ​នៅ​ប្រទេស ​អង់គ្លេស ​ទេ ​តាំង​ពី​ហេតុការណ៍​នោះ​បាន​កើត​ឡើង​ពាក់ព័ន្ធ​នឹង​កីឡាករ​អាល្លឺម៉ង់​ Ozil និង​កីឡាករ​បូស្ន៊ី​ Kolasinac។​​

ស្ថាបនិក​រូប​នេះ​បាន​និយាយ​ថា គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង​ដែល​ថា កំពូល​កីឡាករ​មានៗ​​ដែល​លេង​​នៅ​ក្របខ័ណ្ឌ​ Premier League និង​ក្លិប​មួយ​ចំនួន​​មើល​ស្រាល​ចំពោះ​ការ​គំរាម​កំហែង​នេះ​។​

អតីត​ជំនួយ​ការ​របស់​ក្រុម​រាជវង្ស​ស្ដេច​អង់គ្លេស​​រូប​នេះ ​បាន​ប្រាប់​ទីភ្នាក់ងារ​ AFP នៅ​ការិយាល័យ​របស់​គាត់​ក្នុង​ទីក្រុង​ Gloucestershire នៅ​​ខាង​លិច​ប្រទេស ​អង់គ្លេស ​ថា៖ «​កីឡាករ​​មួយ​ចំនួន​បាន​បង្ហាញ​ខ្លួន​កាន់​តែ​ច្រើន​នៅ​ចក្រភព​អង់គ្លេស»។​

លោក Bomberg បាន​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា យើង​មាន​បញ្ហា​ធ្ងន់​មួយ​នៅ​ចក្រភព​អង់គ្លេស​ ហើយ​វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​​នៅ​ពេល​យើង​គិត​ពី​បញ្ហា​នោះ​»។​

ប្រធាន​នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​នេះ​គឺ​ពិត​ជា​បញ្ហា​ធ្ងន់​មួយ​ដែល​គេ​​ត្រូវ​តែ​ចាប់​អារម្មណ៍​ឲ្យ​បាន​ខ្លាំង​ ហើយ​ខ្ញុំ​អាច​ប្រាប់​អ្នក​ពី​អ្វី​នឹង​កើត​ឡើង​បាន​​នោះ ​គឺ​គ្មាន​អ្វី​នឹង​ប្រែប្រួល​ខ្លាំង​ទេ​រហូត​​ទាល់​តែ​កីឡាករ​ម្នាក់ ​ឬ​សមាជិក​នៃ​គ្រួសារ​របស់​ពួក​គេ​បាន​រង​របួស​ធ្ងន់ ​ឬ​ត្រូវ​គេ​​សម្លាប់​»។​​​​

លោក Bomberg ដែល​និយាយ​ថា​ គាត់​ត្រូវ​បាន​ទាក់ទង​ដោយ​កីឡាករ​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប​តាំង​ពី​តារា​បាល់​ទាត់​នៅ​ក្រុម Arsenal ត្រូវ​បាន​វាយ​ប្រហារ​នោះ​ ជឿ​ថា កីឡាករ​បាល់​ទាត់ ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ​គឺ​ងាយ​រងគ្រោះ​ថ្នាក់​បំផុត​។​ ​

ស្ថាបនិក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​បាន​ឃើញ​អត្ថបទ​​​កាសែត​មួយ​ចំនួន​នៅ​ឆ្នាំ ​២០០៩ ​ដែល​បាន​និយាយ​​ពី​អំពើ​​ប្លន់​ចំនួន ​២១ ​ករណី ​ដែល​បាន​កើត​ឡើង​នៅ​ផ្ទះ​របស់​កីឡាករ​អង់គ្លេស​​នៅ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​»។​​

លោក Bomberg បាន​បន្ត​ថា៖ «​នោះ​គឺ​គ្រាន់​តែ ​២០០៩ ​ប៉ុណ្ណោះ​ ​ចុះ​ឥឡូវ​នេះ​យើង​​ដល់​​ណា​ហើយ? យើង​ជិត​ចូល​ដល់​ដើម​ឆ្នាំ ​២០២០ ​ហើយ​ យើង​កំពុង​ជជែក​ពី​បញ្ហា​នេះ​កាល​ពី ​១០ ​ឆ្នាំ​មុន​ ហើយ​វា​នៅ​តែ​បញ្ហា​ធ្ងន់​មួយ​នៅ​ថ្ងៃ​នេះ​ដដែល​»។​​​​​

ប្រធាន​នាយក​ប្រតិបត្តិ​រូប​នេះ​បាន​និយាយ​ទៀត​​ថា កីឡាករ​ឆ្នើមៗ​មួយ​ចំនួន ​គឺ​ពិត​ជា​ងាយ​រងគ្រោះ​ថ្នាក់​មែនទែន​ដោយសារ​ពួក​គេ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ពេក​។​

លោក Bomberg បាន​បន្ត​ទៀត​ថា៖ «​គេ​តែងតែ​បាន​​ផ្សព្វផ្សាយ​​ជា​ព័ត៌មាន​នៅ​ពេល​​កីឡាករ​នឹង​ត្រូវ​ចាក​​ចេញ​ពី​ផ្ទះ​ទៅ​ចូល​រួម​ប្រកួត​​​ដូច្នេះ​ហើយ​​ពួក ​គេ​ងាយ​ប្រឈម​​នឹង​​គ្រោះ​ថ្នាក់​នៅ​ពេល​ជន​​ណា​ម្នាក់​មាន​ចេតនា​មិន​ល្អ​ចំពោះ​ពួក​គេ​​»៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍