
ក្រុមវ៉ូវីណាម ដែលត្រូវបានលើកឡើងថា បានទិញកីឡាកររបស់គេ ដោយគ្មានតម្លាភាព។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវហ៊ានទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ គឺមិនត្រូវឆ្លើយដាក់គ្នា យកតែរួចខ្លួននោះទេ ហើយការផ្ទេរ ឬទិញអត្តពលិកពីស្ថាប័នមួយទៅស្ថាប័នមួយ ត្រូវតែធ្វើឡើងតាមរយៈការប្រកួតប្រជែងគ្នាដោយតម្លាភាព ស្របទៅនឹងច្បាប់កីឡា។
នៅក្នុងមហាសន្និបាត NOCC កាលពីថ្ងៃសៅរ៍ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា៖ «កិច្ចការកីឡាទាំងមូល មិនមែនឆ្លើយដាក់គ្នានោះទេ គឺត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ពីព្រោះសកម្មភាពកីឡា ដែលដំណើរការបានល្អ គឺត្រូវមានការទទួលខុសត្រូវរួមគ្នានូវស្ថាប័នចំនួន ៣ មាន NOCC ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ»។
លោកបានបន្ថែមថា សហព័ន្ធកីឡាជាតិនីមួយៗ មានសិទ្ធិពេញលេញក្នុងការកំណត់វាយតម្លៃជ្រើសរើសនូវសមត្ថភាពអត្តពលិក និងគ្រូបង្វឹក ដើម្បីបញ្ជូនសមាសភាពទាំងនោះ មកមជ្ឈមណ្ឌលជាតិកីឡាហ្វឹកហ្វឺន ហើយក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យ ព្រមទាំងសម្របសម្រួលសម្រេចទៅតាមគោលការណ៍ ដែលបានចែងក្នុងលក្ខខណ្ឌបទបញ្ជាផ្ទៃក្នុង ប៉ុន្តែដល់ពេលមានបញ្ហាអវិជ្ជមាន ឬភាពមិនប្រក្រតី ឬមានរឿងអ្វីកើតឡើង តែងចោទ និងបន្ទោសមកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ក៏ដូចជាអគ្គនាយកដ្ឋានកីឡាទៅវិញ គឺមិនអាចទទួលយកបានទេ។
លោក សិទ្ធិជាតិ បានបញ្ជាក់ថា៖ «រឿងចោទប្រកាន់ ឬបញ្ហាមិនប្រក្រតីកើតឡើងផ្សេងៗ រួមមានបញ្ហាបក្ខពួក ឬផលប្រយោជន៍នោះ គឺមិនគប្បីឆ្លើយទម្លាក់ការទទួលខុសត្រូវ ទៅឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឬក្រសួងអប់រំ យុវជន និងកីឡា នោះទេ ព្រោះសហព័ន្ធ ជាអ្នកជ្រើសដោយខ្លួនឯង បញ្ជូនទៅដោយខ្លួនឯង និងគ្រប់គ្រងផ្ទាល់ដោយខ្លួនឯង អ៊ីចឹងយើងត្រូវតែហ៊ានទទួលខុសត្រូវ»។
ជាមួយគ្នានេះ ការផ្ទេរ ឬទិញលក់អត្តពលិកពីស្ថាប័នមួយទៅស្ថាប័នមួយ ត្រូវតែធ្វើឡើងដោយតម្លាភាព។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «ការប្រកួតប្រជែង, ការផ្ទេរ ឬផ្លាស់ប្តូរអត្តពលិក ពីស្ថាប័នមួយ ទៅស្ថាប័ន ឬពីសមាគមក្លិប មួយទៅមួយទៀត គឺគប្បីធ្វើតាមច្បាប់កីឡា មិនត្រូវទាក់ទងផ្ទាល់ជាមួយកីឡាករទេ គឺត្រូវទាក់ទងគ្រូបង្វឹក អ្នកគ្រប់គ្រងមានក្លិប មានសហព័ន្ធរបស់គេ»។
លោកបានសង្កត់ធ្ងន់ថា៖ «មានខ្លះអត់ចេះបណ្តុះបណ្តាលធនធានអត្តពលិកឲ្យមានគុណភាពទេ ចាំតែឃើញល្អ ទិញយកមកជារបស់ខ្លួន ដោយទាក់ទងផ្ទាល់ជាមួយកីឡាករតាមរយៈការផ្តល់ប្រយោជន៍ និងក្របខ័ណ្ឌអ្វីមួយឲ្យធ្វើឲ្យអត្តពលិកនោះ ហើយទង្វើនេះ វាធ្វើឲ្យមានបញ្ហាច្រើនជាមួយកន្លែងចាស់របស់អត្តពលិកនោះ»។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ខ្ញុំសុំលើកឲ្យចំតែម្តង គឺថ្មីៗនេះមានអ្នកទិញអត្តពលិកពីកីឡាការ៉ាតេដូ ឲ្យទៅជម្រើសជាតិកីឡាវ៉ូវីណាម ហើយរឿងនេះ មិនស្របទៅនឹងទស្សនៈនៃការរីកចម្រើនក្នុងកីឡានោះទេ គួរពិចារណាឡើងវិញ។ នៅអន្តរជាតិក៏មានការផ្ទេរដោះដូរដែរ ប៉ុន្តែគេធ្វើក្នុងកិច្ចសន្យារវាងគ្រូបង្វឹក ប្រធានស្ថាប័នគ្រប់គ្រងនោះ គឺមានន័យថា គេមិនទាក់ទងផ្ទាល់ជាមួយកីឡាករ ឬផ្តល់ផលប្រយោជន៍ផ្ទាល់ឲ្យកីឡាករនោះទេ»៕