ក្រុង​ប្រាក៖ សហព័ន្ធ​បាល់ទាត់​សា.​ឆែក (FACR) បាន​សម្រេច​ដក​តួនាទី​គណៈកម្មការ​អាជ្ញាកណ្ដាល កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​នោះ​រួម​ទាំង​ប្រធាន​ Jozef Chovanec ពោល​គឺ ៣ ​ថ្ងៃ ក្រោយ​​ប៉ូលិស​ឆ្មក់​ចូល​ស្នាក់ការ​របស់ FA និង​ទីតាំង​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស និង​បាន​ចោទ​ប្រកាន់​មនុស្ស ២០ នាក់​ពី​បទ​ពុក​រលួយ​។

អនុប្រធាន​ FACR លោក Roman Berbr ​​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង ២០ ​នាក់ ដែល​ជាប់​ចោទ​ពី​បទ​រៀប​លទ្ធផល​ទុក​មុន កាល​ពី​ថ្ងៃ​សុក្រ បាន​ដាក់​ពាក្យ​លាលែង​ ហើយ​ពេល​នេះ​ កំពុង​ជាប់​នៅ​ឯ​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​។​

អតីត​ភ្នាក់ងារ​ប៉ូលិស​សម្ងាត់ លោក Berbr វ័យ ៦៦ ​ឆ្នាំ ដែល​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ក្នុង​វិស័យ​បាល់​ទាត់​របស់​​ឆែក បាន​ដាក់​ពាក្យ​លាលែង​ពី​តួនាទី តាមរយៈ​មេធាវី​របស់​គាត់ បន្តិច​មុន​មាន​ការ​ប្រជុំ​វិសាមញ្ញ​របស់​សហព័ន្ធ។ នេះ​បើ​តាម​​ប្រធាន​សហព័ន្ធ​ជាតិ​ លោក Martin Malik ថ្លែង ​នៅ​ឯ​សន្និសីទ​កាសែត​។

លោក Malik បាន​និយាយ​ថា​៖ «​ពួក​យើង​គ្រប់​គ្នា ដែល​មាន​សកម្មភាព ក្នុង​វិស័យ​បាល់​ទាត់​ឆែក ​បណ្ដោយ​ឱ្យ​រឿង​នេះ​កើត​ឡើង​។ ស្ថានភាព ដែល​យើង​​ប្រឈម​ជាមួយ នាពេល​នេះ គឺ​មិន​ធម្មតា​នោះ​ឡើយ​។ វា​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្នូល​នៃ​វិស័យ​បាល់ទាត់​។ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​ថា តើ​ទំហំ​នៃ​ការ​ប៉ះ​ពាល់​នោះ​ នឹង​មាន​កម្រិត​ណា​?​»​។

លោក​ប្រធាន​រូប​នេះ ​ប្រាប់​ទៀត​ថា​ សហព័ន្ធ​នឹង​រួម​សហការ​យ៉ាង​ជិត​ដិត​ជាមួយ​អាជ្ញាធរ​ប៉ូលិស ដើម្បី​បង្កើត​ក្រុម​ពិសេស ១ ដែល​ផ្តោត​ទៅ​លើ​ការ​ទប់ស្កាត់​នូវ​ការ​រៀប​លទ្ធផល​ទុក​មុន​ ពោល​គឺ​ស្រដៀង​នឹង​សមាជិក​របស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ដែរ (UEFA) ដែរ​ ហើយ​ជាមួយ​គ្នា​នេះ FACR បាន​រាយការណ៍​ពី​ស្ថានភាព​នេះ​ឱ្យ UEFA ដឹង​រួចរាល់​ហើយ​។​

ប្រព័ន្ធ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា​ ការ​ចោទ​ប្រកាន់​នៃ​ការ​រៀប​លទ្ធផល​ទុក​មុន​នេះ កំពុង​ត្រូវ​បាន​តាមដាន​យ៉ាង​ហ្មត់ចត់​ផង​ដែរ​សម្រាប់​លីគ​អាជីព​កម្រិត​ទី២ និង​ទី៣ របស់​​សា.​ឆែក ដោយ​អាជ្ញា​កណ្ដាល​មួយ​ចំនួន កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​។

ជា​ផ្នែក ​១ នៃ​ផែន​ការ ៧ ចំណុច ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ គណៈ​កម្មាធិការ​នាយក​ប្រតិបត្តិ បញ្ជា​ឱ្យ​​សើរើ​ឡើង​វិញ​បញ្ហា​ហិរញ្ញវត្ថុ​តាម​ផ្នែក​នីមួយ​ៗ ដោយ​ផ្ដោត​ជា​សំខាន់​លើ​ផ្នែក​របស់​លោក Berbr​។​​

សហព័ន្ធ​នឹង​បន្ត​កម្មវិធី​របស់​ខ្លួន​ផង​ដែរ ក្នុង​ការ​ជ្រើសរើស​អាជា្ញ​កណ្ដាល និង​អ្នក​ត្រួត​ពិនិត្យ​ថ្មី ទាំង​សម្រាប់​ការ​ប្រកួត​អាជីព និង​មិន​អាជីព ដើម្បី​ទប់ស្កាត់​ការ​កើត​មាន​ការ​រៀប​លទ្ធផល​ទុក​មុន​​​។

លោក Malik បាន​បន្ថែម​ថា៖ «​ខ្ញុំ​សូម​ធ្វើ​ការ​អះអាង​ថា ៧ ចំណុច​នេះ គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​នៃ​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ ដែល​វិស័យ​បាល់​ទាត់​​ឆែក ត្រូវ​តែ​ធ្វើ ដើម្បី​ឱ្យ​ទទួល​បាន​មក​វិញ​នូវ​ទំនុក​ចិត្ត ​ពី​សំណាក់​អ្នក​គាំទ្រ ដៃ​គូ​ឧបត្ថម្ភ និង​សាធារណជន​ទូទៅ​»​៕ AFP/VN