ភ្នំពេញ៖ ការផ្តល់ពិន្ទុឈ្នះចាញ់ក្នុងការប្រកួតប្រដាល់គុនខ្មែរមួយរយៈចុងក្រោយនេះ ហាក់បីដូចវិលទៅរកភាពមិនប្រក្រតីញឹកញាប់ ធ្វើឲ្យមានការរិះគន់ពីមហាជន ព្រោះលទ្ធផលខ្លះត្រូវបានគេមើលឃើញថា អយុត្តិធម៌ចំពោះកីឡាករខ្លះ ប៉ុន្តែមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអ្នកទទួលខុសត្រូវបានឆ្លើយដាក់គ្នា នៅពេលមានបញ្ហារិះគន់ម្តងៗ។
ជាក់ស្តែងការសម្រេចឲ្យ ផាន់ រះ មកពីក្លិបតាព្រហ្មមានជ័យរបស់ លោក មាស សុខគ្រី ឈ្នះពិន្ទុ រិន សារ័ត្ន នៅសង្វៀន CNC កាលពីថ្ងៃសៅរ៍ នាំឲ្យមហាជនខកចិត្ត និងរិះគន់ខ្លាំង ដោយសារជង្គង់របស់ សារ័ត្ន មានប្រៀបជាង តែបែជាឲ្យចាញ់ ផាន់ រះ។
អ្នកស្រី Ma Chhanun អ្នកមើលថែទាំកីឡាករ រិន សារ័ត្ន ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំមើលឃើញ រិន សារ័ត្ន ឈ្នះដាច់ ហើយហោចណាស់ក៏បានស្មើដែរ ប៉ុន្តែលទ្ធផលចេញមកឲ្យចាញ់។ ខ្ញុំមិនតវ៉ាទេ ព្រោះអង្ករក្លាយជាបាយទៅហើយ ប៉ុន្តែការធ្វើបែបនេះ នាំឲ្យក្មេងវាខូចចិត្ត ហើយបើយ៉ាងហ្នឹង តើពេលប្រកួតស៊ីហ្គេម វ៉ៃម៉េចឈ្នះគេទៅ?»។
ជុំវិញបញ្ហានេះ លោក និន វណ្ណដា មន្ត្រីជំនាញ ដែលទទួលខុសត្រូវជាអនុប្រធានវិនិច្ឆ័យ មានភាពស្ទាក់ស្ទើរក្នុងការឆ្លើយនឹងសកម្មភាពផ្តល់ពិន្ទុនោះ។ ទោះជាយ៉ាងណា បានត្អូញត្អែរថា៖ «ខ្ញុំទទួលរងនូវការរិះគន់ពីច្រើនផ្នែក ដូចជាខាងមហាជន ក្លិប និងខាងកីឡាករ ឬគ្រូបង្វឹក ក្រោយប្រកាសលទ្ធផលម្តងៗ ប៉ុន្តែមិនដឹងធ្វើដូចម្តេច បើលទ្ធផលឈ្នះ មានតែម្ខាងប៉ុណ្ណោះ»។
លោកបន្ថែមថា៖ «មួយរយៈនេះ ការប្រកាសលទ្ធផលភាគច្រើនខាងខ្ញុំ មិនកែលទ្ធផល ដែលបានមកពីចៅក្រមទាំង ៥ នោះទេ ហេតុនេះខុស ឬត្រូវ នៅពេលមានការតវ៉ា គឺចៅក្រមផ្ទាល់ ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ឬជាប់ពិន័យទៅ។ ខ្ញុំអនុវត្តតាមច្បាប់ មិនដែលធ្វេសប្រហែស ឬខុសច្បាប់ទេ ប៉ុន្តែមន្ត្រីខ្លះ ក៏នៅមិនទាន់បានល្អ ហើយយើងទទួលខុសត្រូវ តាមតួនាទី អ្នកណាធ្វើខុស ទទួលខ្លួនឯង គឺមិនអាចបូកសរុបចូលគ្នាជារួមបានទេ»។
ចំណែក លោក ហួត សេងទ្រី មន្ត្រីជំនាញ និងជាប្រធានវិនិច្ឆ័យនៅ CNC ពិសេសអ្នកវិនិច្ឆ័យលើគូប្រកួត រិន សារ័ត្ន ចាញ់ ផាន់ រះ ប្រាប់ថា៖ «ក្នុងនាមប្រធានវិនិច្ឆ័យ គឺសម្រេចតាមលទ្ធផលពីចៅក្រម ដោយមិនហ៊ានកែប្រែនោះទេ។ តាមពិតគូនេះ ប្រហាក់ប្រហែលគ្នាដែរ គឺចាញ់ ឬឈ្នះមិនដាច់ ហើយចៅក្រមទាំង ៥ គាត់ឲ្យ ផាន់ រះ ឈ្នះ រិន សារ័ត្ន ៣-២ អ៊ីចឹងយើងសម្រេចតាមចៅក្រម»។
លោកបន្តថា៖ «តាមបច្ចេកទេសក្នុងការវិនិច្ឆ័យ ដែលយើងកំពុងអនុវត្ត គឺបានប្រគល់សិទ្ធិពេញលេញ ដល់ចៅក្រម ហេតុនេះប្រធានវិនិច្ឆ័យពិនិត្យមើលតែករណីណាចៅក្រមឲ្យពិន្ទុផ្ទុយ ពីសកម្មភាពប្រកួតពិត គឺមើលឃើញឈ្នះឲ្យចាញ់ ដោយប្រធានវិនិច្ឆ័យ សុំពិភាក្សាជាមួយស្នងការប្រកួត ដើម្បីមានសិទ្ធិកែប្រែលទ្ធផលរបស់ចៅក្រមបាន ប៉ុន្តែបើមិនធ្ងន់ ឬចាំបាច់ទេ គឺយកតាមចៅក្រមតែម្តង»។
ជាមួយគ្នានេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា៖ «ថ្ងៃនោះ ខ្ញុំមិនបានចូលរួមទេ ជាប់ទៅខេត្តត្បូងឃ្មុំ។ ទោះលទ្ធផលបែបណា យើងទទួលយកនូវការរិះគន់ ដើម្បីកែលម្អ ហើយមន្រ្តីសហព័ន្ធជាអ្នកទទួលខុសត្រូវ មិនមែនខាងប៉ុស្តិ៍ ដែលជាម្ចាស់កម្មវិធីនោះទេ។ ចំពោះរឿងនេះ ខ្ញុំបានឲ្យគេយកវីដេអូនោះ មើលឡើងវិញ ដើម្បីរកឲ្យឃើញនូវភាពមិនប្រក្រតី ហើយយើងនៅតែបន្តអប់រំណែនាំ ប៉ុន្តែមួយរយៈនេះ មន្ត្រីរបស់យើងធ្វើការបានល្អប្រសើរជាងមុនហើយ»៕