ភ្នំពេញ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ទី៣ ឆ្នាំ ២០២១ នឹង​ធ្វើ​ពិធី​បើក​នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​បឹងត្របែក នា​ថ្ងៃទី ២០ ខែ​កុម្ភៈ នឹង​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ ហើយ​នេះ​ជា​ការ​ចាប់​ផ្តើម​ឱ្យ​មាន​ការ​ប្រកួត​ជា​ថ្មី​វិញ បន្ទាប់​ពី​ពាន​រង្វាន់​មួយ​នេះ បាន​ផ្អាក​ការ​ប្រកួត កាល​ពី​ឆ្នាំ ២០២០ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩។

ទាក់ទង​ការ​ប្រកួត​នេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រាប់​ថា៖ «នេះ​ជា​ការ​ប្រកួត ក្រៅ​អាជីព​ដែល​មាន​គោលដៅ​អប់រំ​សុខភាព និង​ដើម្បី​រឹត​ចំណង​មិត្តភាព​សហប្រតិបត្តិការ និង​ការ​ទំនាក់ទំនង​រវាង​មន្ត្រី​ក្រោម​ចំណុះ​ក្រសួងអប់រំ យុវជន និង​កីឡា។ ចំណែក​ការ​ចំណាយ​វិញ គឺ​ជា​ការ​ចូលរួម​បង់​វិភាគទាន​របស់​ក្រុម ដែល​បាន​ចុះឈ្មោះ​ប្រកួត ហើយ​មិន​សម្រួច​ទៅ​លើ​ប្រាក់​រង្វាន់ ឬ​ចំណាត់​ថ្នាក់​ជា​ចម្បង​នោះ​ឡើយ គឺ​សុខភាព និង​មិត្តភាព»។

ចំណែក​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន អប់រំ​កាយ និង​កីឡា បាន​ឱ្យ​ដឹង​ថា៖ «ការ​ប្រកួត​ឆ្នាំ​នេះ មាន​ក្រុម​ចូលរួម​ចំនួន ៣៣ មក​ពី​អង្គភាព​ចំណុះ​ទីស្ដី​ការ​ក្រសួង​ចំនួន ៨ និង​មន្ទីរ​អប់រំ​យុវជន និង​កីឡា មក​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​ទាំង ២៥ ព្រម​ទាំង​អង្គភាព​នីមួយៗ​ដោយ​មាន​អគ្គនាយកដ្ឋាន និង​ក្រសួង​ចំនួន ៨ ក្រុម​ទៀត ហើយ​កីឡាករ​ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត គឺ​ជា​មន្ត្រី​រាជការ​ពេញ​សិទ្ធិ​ក្នុង​ក្របខ័ណ្ឌ»។

ចំពោះ​ក្រុម​ទាំង ៣៣ នេះ ត្រូវ​បាន​បែង​ចែក​ការ​ប្រកួត ៨ ពូល ក្នុង​នោះ ពូល ក មាន​ក្រុម​មន្ទីរ​អយក​ភ្នំពេញ (ម្ចាស់ផ្ទះ) មន្ទីរ​អយក​ខេត្ត​កណ្ដាល មន្ទីរ​អយក​ខេត្ត​កំពង់ស្ពឺ មន្ទីរ​អយក​ខេត្ត​កំពង់ឆ្នាំង និង​មន្ទីរ​អយក​ខេត្តតាកែវ រីឯ​ពូល ខ មាន​ក្រុម​មន្ទីរ​អយក​ខេត្ត​ព្រៃវែង (ម្ចាស់ផ្ទះ) មន្ទីរ​អយក​ខេត្ត​ស្វាយរៀង មន្ទីរ​អយក​ខេត្ត​កំពង់ចាម និង​មន្ទីរ​អយក​ខេត្ត​ត្បូងឃ្មុំ ខណៈ​ពូល គ មាន​ក្រុម​មន្ទីរ​អយក​ខេត្ត​ស្ទឹងត្រែង (ម្ចាស់ផ្ទះ) មន្ទីរ​អយក​ខេត្ត​មណ្ឌលគីរី មន្ទីរ​អយក​ខេត្ត​រតនគីរី និង​ក្រុម​មន្ទីរ​អយក​ខេត្តក្រចេះ ហើយ​ពូល ឃ មាន​ក្រុម​មន្ទីរ​អយក​ខេត្តសៀមរាប ដែល​ជា​ម្ចាស់ផ្ទះ រួមទាំង​ក្រុម​មន្ទីរ​អយក​ខេត្តព្រះវិហារ មន្ទីរ​អយក​ខេត្តកំពង់ធំ និង​ក្រុម​មន្ទីរ​អយក ខេត្ត​ឧត្តរមានជ័យ។

ចំណែក​ពូល ង មាន​ក្រុម​មន្ទីរ​អយក ខេត្តបាត់ដំបង (ម្ចាស់ផ្ទះ) មន្ទីរ​អយក​ខេត្តបន្ទាយមានជ័យ មន្ទីរ​អយក​ខេត្ត​ប៉ៃលិន និង​មន្ទីរ​អយក​ខេត្តពោធិ៍សាត់ រីឯ​ពូល ច មាន​ក្រុម​មន្ទីរ​អយក​ខេត្តកំពត (ជា​ម្ចាស់ផ្ទះ)មន្ទីរ​អយក​ខេត្តកោះកុង មន្ទីរ​អយក​ខេត្ត​ព្រះសីហនុ និង​ក្រុម​មន្ទីរ​អយក​ខេត្ត​កែប ខណៈ​ពូល​ ឆ មាន​ក្រុម​អគ្គាធិការដ្ឋាន ក្រុម​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ​ក្រុម​អគ្គនាយកដ្ឋាន​ឧត្តម​សិក្សា និង​ក្រុម​អគ្គនាយកដ្ឋាន​រដ្ឋបាល &ហិរញ្ញវត្ថុ ។

សម្រាប់​ពូល​ ជ មាន​ក្រុម​អគ្គនាយកដ្ឋាន​កីឡា ក្រុម​អគ្គនាយកដ្ឋាន​ផែនការ​គោលនយោបាយ ក្រុម​អគ្គនាយកដ្ឋាន​អប់រំ និង​ក្រុម​អគ្គនាយកដ្ឋាន​យុវជន ហើយ​ពូល​ទាំង ៨ នេះ ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​វិលជុំ នៅ​តាម​តំបន់ ឬ​តាម​ពូល​រៀងៗ​ខ្លួន ចំណែក​ក្រុម​លេខ ១ និង​លេខ ២ នៅ​តាម​ពូល​ទាំង ៨ សរុប​ចំនួន ១៦ ក្រុម ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ខ្វែង ១៦ ក្រុម ដែល​វគ្គ​នេះ ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ៕